សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ​ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា​ ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​រំលោភ​​សិទ្ធិមនុស្សនៅកម្ពុជា​មានភាព​​​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ពល​រដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ។​

​របាយការណ៍​របស់​អង្គការ​លីកាដូ​​ដែលមានចំណង​ជើង​ថា៖ «ការតស៊ូដើម្បីសេរីភាព៖ ការ​រំលោភ​​បំពា​នអ្នកការពារសិទ្ធិមនុស្ស ២០១៨-២០២០» ដែលមានកម្រាស់៣៣ទំព័រ ចេញ​នៅ​ថ្ងៃ​សុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ អង្គការ​លីកាដូ​​បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​យ៉ាងច្រើន​ដែល​ទាក់ទងទៅ​នឹង​បញ្ហា​សិទ្ធិមនុស្សនៅកម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០។  ព្រឹត្តិ​ការណ៍​​ទាំង​នោះ​មានដូចជា​ការគាប​សង្កត់ ការ​ដាក់ទណ្ឌកម្ម ការ​ប្រើអំពើហិង្សា ការ​ចាប់​ដាក់​ពន្ធនាគារ​ទៅលើសកម្មជនគណបក្សនយោបាយប្រឆាំង អ្នកសារព័ត៍មាន អ្នកការពារ​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការសង្គមស៊ីវិល ព្រះសង្ឃ សិស្សនិស្សិត រួមទាំងក្រុមសហជីព​ជាដើម​។

ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា៖ «ទង្វើរ​នៃការវាយដំ គំរាមគំហែង ចាប់​ដាក់​គុក​ជាដើម បាន​ធ្វើ​ឲ្យ​ក្រុម​ទាំងនោះ​មាន​ភាព​លំបាក​ក្នុង​ការជួប​ជុំ ឬ​ការបញ្ចេញ​នូវ​អ្វី​ដែល​ជា​សិទ្ធិ​របស់​ពួកគាត់​ផង​ដែរ។ ហើយសកម្មភាព​ទាំងនោះទៀតសោត បាន​ធ្វើ​ឲ្យ​បុគ្គល​ផ្សេង​ទៀត​មាន​ភាព​ខ្លាច​រអារ​ដែល​ចង់​តវ៉ា ក្នុង​ការទាមទារ​នូវ​អ្វីដែ​លជា​កម្មសិទ្ធិ ក៏​ដូចជា​បញ្ចេញ​យោបល់​ទៅ​លើ​រដ្ឋាភិបាល​ផងដែរ»។

លោក​ អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ​នេះ​ថា លោក​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់រដ្ឋាភិបាលមកលើអ្នកការពារសិទ្ធិមនុស្ស សហគមន៍ដីធ្លី សហគមន៍ព្រៃឈើ ព្រះ​សង្ឃ សិស្សនិស្សិតរួមទាំងសហជីព ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ​។​ លោក​បន្ថែម​ដោយ​ទទូ​ចឲ្យរដ្ឋាភិបាលគោរពនូវអនុសាសន៍របស់​​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ដែលបា​ន​ដាក់​ជូន​រដ្ឋាភិបាល រួមទាំង​សហគមន៍​អន្ដរជាតិ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ធ្វើ​យ៉ាងណា​រួមគ្នា​ដើម្បី​លើក​កម្ពស់​នៃ​សេរីភាព​ដែ​ល​ជា​មូលដ្ឋាន ក៏​ដូចជា​គោរព​នូវ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ល្អប្រ​សើរឡើ​ងវិញ»

ក្នុង​របាយការណ៍​​ដដែឡ​នោះ ​អង្គការ​លីកាដូបាន​បង្ហាញ​អនុសាសន៍​​​ដោយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ស៊ើប​អង្កេត​បុគ្គល​ និង​ក្រុម​ហ៊ុន​ដែល​អង្គការ​ថា​រួម​គំនិត​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយប្រើ​យន្តការ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​អ្នក​ទាំង​នោះ។​ លីកាដូ​ក៏​បាន​ផ្តល់​អនុសាសន៍​​ទៅ​​រដ្ឋាភិបាល​កម្ពុជា ដោយ​​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​ដោយ​មិន​ត្រឹម​ត្រូវ​មក​លើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយ​អហិង្សា​និង​បញ្ឈប់​ការ​ប្រើប្រាស់​កង​កម្លាំង​ដែល​រួម​មាន​កង​សន្តិសុខ​ខណ្ឌ ដើម្បី​បង្ក្រាប​លើ​ការ​តវ៉ា និង​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ។

Newsroom Cambodia មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​នុប្រធាន​គណៈ​កម្មាធិការជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទេ។ ចំណែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាលចុច​បិទ​ទូរស័ព្ទ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​សុំ​មិនធ្វើ​អត្ថាធិប្បាយ ដោយ​ថា​លោក​មិនមានតួនាទី​ក្នុងការ​ឆ្លើយ​បញ្ហា​នេះ។

ក្នុង​របាយការណ៍​របស់​លីកាដូ​ដដែល​ក៏​បាន​លើក​ឡើង​ថា ​​​ការ​រំលោភសិទ្ធិ​មនុស្សធំៗ​​​ក្នុង​ឆ្នាំ​២០២០​ចុង​ក្រោយនេះមាន​ដូចជា លោក​ សឿង​ ប្រុស អនុប្រធានសហជីបរបស់រោងចក្រកាត់ដេរ W&D Cambodia Co.,LTD បានរងរបួសធ្ងន់ ដោយបុរស២នាក់ជិះម៉ូតូពាក់ម៉ាស់វាយនឹងបំពង់ទីព កាលពី​​ខែ​កុម្ភៈ។ លោក រ៉ុង ឈុន ប្រធាន​សហ​ភាព​សហជីព​កម្ពុជា ត្រូវបា​នចាប់ខ្លួន​នៅ​ផ្ទះរ​បស់​លោក​នៅ​ពេល​យប់ កាលពី​ចុង​ខែ​កក្កដា​។​​ យុទ្ធនាការបរិស្ថានមួយឈ្មោះថា «សង្គ្រោះ​កោះកុង​ក្រៅ» ដែលមានការ​ជិះ​កង់ពីសាលាខេត្តកោះកុង ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវ​បាន​នគរបាល​ខេត្ត​កោះកុង​​បញ្ឈប់ដោយបង្ខំ។ សកម្មជនរាប់សិបនាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ជួបជុំគ្នា​នៅ​ក្នុង​ព្រៃឡង់​ដើម្បី​រំឮក​ខួប​នៃ​ឃាតកម្ម​របស់លោក ឈុត វុទ្ធី ដែល​ជា​សកម្មជនបរិស្ថាន និង​ជាអ្នក​ការពារព្រៃកម្ពុជា កាលពីខែមេសា ឆ្នាំ២០២០។ កញ្ញា​ ឡុង គន្ធា សកម្មជន​មាតា​ធម្មជាតិ​គ្រោង​​ថា​​នឹងដើរថ្មើរ​ជើងម្នាក់ឯង​ក្នុងរាជធានី​ភ្នំពេញ ដើម្បី​តវ៉ារឿង​លុប​បឹង​តាមោក ត្រូវ​បាន​ឃុំ​ខ្លួន​កាលពីខែកញ្ញា ឆ្នាំ២០២០នេះ៕​