សាលា​រាជធានី​ភ្នំពេញ​​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំសកល​ឆ្នាំ​នេះ​​ ដោយ​សារ​បារម្ភ​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីអ្នកនាំពាក្យ​សាលា​រាជធានី​។​

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​ប្រាប់ Newsroom Cambodia តាម​ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នំា២០២០នេះថា  ពិធីបុណ្យណូ​អែល និង​ចូលឆ្នាំសកល​ខាងមុខនេះ មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នោះទេ។ លោក​ថា ការ​ហាមឃាត់​នេះ​គឺ​ដោយសារតែបញ្ហានៃស្ថានភាពជំងឺកូវីដ១៩។

លោកសរសេរ​យ៉ាង​ខ្លី​ថា៖ «ត្រូវនាំគ្នាអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល​ជា​ចាំ​បាច់»។

យ៉ាង​ណាក្តី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​បាន​​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​​ថ្ងៃទី​២៣ ខែធ្នូ​​នេះ​ថា នៅ​​ថ្ងៃបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ​ត្រៀម​ត្រួត​ពិនិត្យមើល​ស្ថាន​ភាព​​នៅ​​គ្រប់​មូលដ្ឋាន និង​ណែនាំ​ដល់​ពលរដ្ឋ​កុំ​មានការ​ជួបជុំគ្នា​លើសពី​២០​នាក់​ឡើង​ទៅ។ លោក​​ក៏​បាន​បញ្ជាក់​ថា មានការ​ហាម​ពលរដ្ឋមិន​ឲ្យ​​មាន​ការជួបជុំ ដូចជា​ការប្រគំ​តន្ត្រី និង​ពិធី​ធំៗ​នៅតាម​សាធារណៈអាច​​មាន​ហានិភ័យ​ឆ្លង​ជំងឺ​​កូ​វីដ​១៩​។​

លោក ហួត ណារិន ប្រធាន​ព្រះវិហាគ្រឹស្ត ប៊ីសប ហួតណារិន វូដទឹកល្អក់ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ​​​ថា លោក​សាទរ​នឹង​វិធានការ ដោយ​ថា ជាផ្នែក​មួយ​ក្នុង​ការចូលរួម​ចំណែក​​ទប់ស្កាត់​​ការរីករាលដាល​ជំងឺ​កូវីដ​​១៩។

លោកបានបន្ថែមថា បើទោះបីជា​មិនមាន​ការអនុញ្ញាត​ឲ្យមា​ន​ការជួបជុំ​តាមទី​សាធារណ:​ក៏​ពិត​មែន ក៏​ប៉ុន្តែ​អ្នកដែល​ជាគ្រិស្តបរិស័​ទ​ទាំងអស់​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ​នៅ​តាម​គេហ​ដ្ឋាន​​របស់​ពួកគេ​រៀងៗខ្លួន​បាន ដោយគោរព និង​អនុវត្ត​នូវ​វិធានការ​នៃ​ការការពារ​របស់​ក្រសួង​សុខាភិបាល​។​

លោកនិយាយ៖ «សម្រាប់ខ្ញុំមិនមានអ្វីជាបព្ហានោះទេ នូវសេចក្ដី​សម្រេច​រប​ស់​សាលារា​ជធានី​ភ្នំពេញ ខ្ញុំមា​ន​តែសប្បាយចិត្តទៅវិញនោះទេ»។

បច្ចុប្បន្នកម្ពុជា​មានអ្នកឆ្លងជំងឺកូវីដ​១៩ ចំនួន​៣៦៣នាក់ ក្នុងនោះជាសះស្បើយ​ចំនួន​៣៥១​នាក់ ​ចំណែកអ្នកជំងឺនៅសល់១២នាក់ទៀត កំពុងបន្តព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត៕​