គណបក្សប្រជាជនកម្ពុជា ហៅកាត់ថា CPP បានតែងតាំង​លោក ហ៊ុន​ ម៉ាណែត កូនប្រុសច្បង​របស់​លោក នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ជាអនុប្រធានគណៈ​ចលនាមហាជននៃគណៈកម្មការកណ្ដាល ទៅ​តាម​សំណើ​របស់​គណៈ​ចាត់តាំង​នៃ​គណៈកម្មា​ធិការ​កណ្ដាល​របស់​បក្ស។ នេះបើតាម​សេចក្តី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

សេចក្តី​សម្រេច​ស្តីពីការ​តែង​តាំងដំឡើង​ឋានៈ​​មន្រ្តី​គណបក្ស​​ ចេញ​នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០២០ ធ្វើឡើង​ដោយ​លោក​ សាយ ឈុំ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​​ប្រធាន​ព្រឹទ្ធសភា​។

ក្នុង​​លិខិត​តែង​តាំង​នោះ លោក សាយ ឈុំ លើក​ឡើង​ថា ​គណៈអចិន្ត្រៃយ៍សម្រេច​ដំឡើងឋានៈ​លោក ហ៊ុន ម៉ាណែត ជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈ​កម្មាធិការ​កណ្តាល​តាម​សំណើ​របស់​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មាធិការ​កណ្តាល។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន្ត ​លើកឡើងថា​ មូលហេតុ​នៃ​ការតែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណៈ​កម្មការ​មហាជ​នរបស់គណ​បក្សប្រជាជនកម្ពុជា គឺ​ផ្អែក​ទៅ​លើ​សំណូមពរ​ការងា​រន​យោបាយ​ចាំបាច់​របស់​គណ​បក្ស។​

លោក​បន្ថែម​ថា៖ «យើងដឹង​ហើយ​ថា គណបក្ស​ប្រជាជន​មាន​ត្រៀមល​ក្ខណៈ​ម្ចាស់​ការ​ក្នុង​ការរៀបចំ​ជួរ​មន្រ្តី​វ័យក្មេង​ដែល​យើង​ហៅ​ថា ទំពាំង​ស្នង​ឬស្សី ដើម្បី​បន្ត​ដឹកនាំ​ឱ្យ​ប្រទេស​ជាតិ​តទៅ​អនាគត វែង​ឆ្ងាយ​តទៅ​ទៀត។ អីចឹង​ទេ​យើង​គ្មាន​ពឹង​ពាក់ ក្រៅពី​ជួយ​យុវជន​ទេ អីចឹង​គឺ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​គេ​សុទ្ធ​តែ​មាន​តួនាទី​ក្នុង​ការកសាង​ជួយយុ​វជន​ដើម្បីបន្តវេនរបស់ខ្លួន»។  

អ្នកស្រាវជ្រាវពី​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការដំឡើ​ង​មុខតំណែងលោក ហ៊ុន​ ម៉ាណែត ហាក់​ដូចជា​​លឿនខុស​ប្រក្រតី ហើយ​លោក​ថា វា​អាច​ជា​ដំណើរការ​រៀបចំ​​បេក្ខភាព​​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​អនាគត។

លោកថា៖  «ជាទូទៅ មិនមែនតែខ្ញុំទេ ជាមតិសាធារណៈជនទូទៅ យើងឃើញថាការដំឡើងឋាន្តរ​ស័ក្ត​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត  គឺ​លឿន​ខុស​ពី​ប្រក្រតី ដូច្នេះ នេះ​ជា​ដំណើរការ​មួយ​រៀបចំ​ខ្លួន​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​មាន​លទ្ធភាព​កាន់​តំណែង​បេក្ខភាព​នាយក​រដ្ឋមន្រ្តីនៅ​ពេល​ខាង​មុន នេះ​ជាកា​រយ​ល់ឃើញ​របស់​ខ្ញុំ»។

លោកក៏បានឆ្លើយតបជាមួយនឹងការលើកឡើងរបស់លោក សុខ ឥសាន្ត ដែល​ថា​គណបក្ស​ប្រជាជន​បាន​ចិត្ត​​ទុក​​ដាក់​​ខ្ពស់​​ក្នុង​​ការលើក​​កម្ពស់​អ្នក​​ដឹកនាំ​​វ័យ​​ក្មេង ដែល​​ជា​​ទំពាំង​​ស្នង​​ឬស្សី​​ថា៖ «​វាជា​និរន្តភាព​គណបក្ស​នយោបាយ ហ្នឹង​មិនមាន​ធំ​អី​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ ចង់​ឃើញ​សម្រាប់​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​ជំនាន់​ក្រោយ​ថា​តើ​នឹង​អាច​ធ្វើការ​កំណែ​ទម្រង់​ដើម្បី​ជាតិ និង​បញ្ហាសង្គម​ទាំងឡាយ​ដែល​កំពុ​ង​កើតមានដូចជា បញ្ហាដីធ្លី បញ្ហាពុករលួយ ហើយយើងហៅថាធ្វើយ៉ាងណាឱ្យប្រទេសមួយមាននីតិរដ្ឋពិតប្រាកដ កុំឱ្យ​មាន​តែ​ឈ្មោះ ហើយ​មាន​អ្នក​នៅ​ក្នុង និង​អ្នកនៅ​ខាង​ក្រៅច្បា​ប់ »។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ លោក ហ៊ុន ម៉ាណែត ដែលបាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​សហរដ្ឋ​​អាមេរិក West Point និង​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។

កាល​ពីពេល​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ឪពុក ​ក៏​បាន​បង្ហើប​ថា លោក ហ៊ុន ម៉ា ណែត​ អាច​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​​បន្ទាប់​ពីលោក​ផង​ដែរ៕