ស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ទសវត្សមកហើយ ក៏ប៉ុន្តែក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើស៊ីក្លូបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសតាំងពីមានការរីករាលដាលវីរុសកូវីដ ១៩ ក្នុងឆ្នាំ២០២០នេះ។
នេះបានធ្វើឲ្យអ្នកធាក់ស៊ីក្លូជួបការលំបាកក្នុងការទ្រទ្រង់ជីវភាពរបស់ពួកគាត់។ អ្នកធាក់ស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានប្រាប់ Newsroom Cambodia អំពីបញ្ហាប្រឈមរបស់ពួកគាត់ដូចខាងក្រោម៖
![](https://newsroomcambodia.com/wp-content/uploads/2020/12/IMG_20201224_220008_687-768x1024.jpg)
លោក ឡេង ផាត អាយុ ៦២ឆ្នាំ ជាអ្នកធាក់ស៊ីក្លូរយៈពេល ៣០ឆ្នាំ បាននិយាយថាគាត់រកប្រាក់ចំណូលមិន សូវបាននោះទេក្នុងពេលបច្ចុប្បន្ន ព្រោះមិនសូវមានភ្ញៀវជិះស៊ីក្លូរបស់គាត់។
«ពីមុនមានគេជិះ មានម៉ូយដឹកអីវ៉ាន់ចឹងណា ហើយមាននៅផ្សារ ឡូវអត់មានទេ»។
លោកបន្តថា «មួយថ្ងៃ រកបានពីមុនហ្នឹង ៣ម៉ឺន អីចឹងយើងហូបអស់១ម៉ឺន អីចឹងសល់២ម៉ឺន ហ្នឹងពីមុន ហើយឥឡូវបាន១ម៉ឺន ហ្នឹងហូបអស់អាលីង»។
លោកថាមូលហេតុដែលមិនសូវមានភ្ញៀវនេះគឺបណ្តាលមកពីមានវីរុសកូវីដ ១៩ ហើយមានមធ្យោបាយធ្វើ ដំណើរផ្សេងទៀតច្រើនដូចជា តុកតុក ម៉ូតូ ជាដើម។
![](https://newsroomcambodia.com/wp-content/uploads/2020/12/IMG_20201224_215959_696-1-1024x768.jpg)
លោក ម៉ែន ផែន អាយុ ៩០ឆ្នាំ ជាអ្នកធាក់ស៊ីក្លូតាំងពីសម័យអាណានិគមនិយមបារាំង បាននិយាយថាលោក បាននិយាយថាបច្ចុប្បន្ននេះរកបានតែ ១ម៉ឺន ទៅ ១ម៉ឺន ជាងទេក្នុងមួយថ្ងៃ គ្រាន់តែសម្រាប់ហូបបាយប្រចាំថ្ងៃ ប៉ុណ្ណោះ។
លោកក៏ទទួលបានការផ្តល់ជាបាយខ្លះពីអង្គការដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះអង្គការនោះទេ។
លោកឡើងដូច្នេះថា៖ «មួយថ្ងៃបាន ១ម៉ឺន ១ម៉ឺនជាង គ្រាន់តែហូបកាហ្វេ ហូបបាយ ប៉ិនបានអង្គការផ្តល់ បាយទឹកអី »។«នៅតស៊ូអីចឹង ដឹងនៅធើ្វអី ចាស់ហើយមិនដឹងធើ្វអី»។
![](https://newsroomcambodia.com/wp-content/uploads/2020/12/IMG_20201224_215947_079-1024x768.jpg)
លោក ឡុត សុគត អាយុ ៤៦ឆ្នាំ ជាអ្នកធាក់ស៊ីក្លូរយៈពេល ៣ឆ្នាំ ថាគាត់រកមិនសូវបាននោះទេក្នុងពេល បច្ចុប្បន្ននេះដោយសារតែមានមធ្យោបាយធ្វើដំណើរផ្សេងទៀតច្រើន គឺគាត់មានភ្ញៀវតែចាស់ៗដែលមកវត្ត ក្នុងថ្ងៃសីលបានប្រមាណជា ៥០០០ រៀលប៉ុណ្ណោះ។
លោកលើកឡើងដូច្នេះថា៖ «មិនបានទេ បានតែ៥០០០យកទៅ ធ្វើម៉េចបើគេជិះតែ PassApp ហើយស៊ីក្លូ យើងបានដឹកយាយៗ ថ្ងៃសីល ១០០០, ១៥០០»។
លោកបានបន្តថា ចង់រកមុខរបរថ្មីទៀតព្រោះមុខរបរនេះមិនអាចផ្គត់ផ្គង់ជីវភាពរបស់គាត់បានទេ ប៉ុន្តែគាត់មិនទាន់រកបានមុខរបរថ្មីនៅឡើយ។
![](https://newsroomcambodia.com/wp-content/uploads/2020/12/IMG_20201223_104338-1024x768.jpg)
លោក សុ ផាត អាយុ ៦២ឆ្នាំ ជាអ្នកធាក់ស៊ីក្លូប្រមាណ៣០ឆ្នាំ បាននិយាយថាសព្វថ្ងៃនេះរូបលោកកំពុងជួប វិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសាររកប្រាក់ចំណូលមិនសូវបានក្នុងអំឡុងពេលមានវីរុសកូវីដ ១៩។
លោកបាននិយាយថា៖ «មានផលវិបាក រកមិនបានហ្នឹងឡូវហ្នឹង តាំងកូវីដមករហូតទាល់តែឡូវ គ្មានភ្ញៀវគ្មានអីដឹកទេ»។
លោកនិយាយថាកាលពីមុនលោករកបានប្រាក់ចំណូលចន្លោះពីជាង ២ម៉ឺនដល់ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកបច្ចុប្បន្នបានត្រឹម១ម៉ឺន។ លោកបន្តទៀតថា៖ «ជួលសមាគមស៊ីក្លូ មួយខែ ៥ម៉ឺន ដល់ឥឡូវគ្រូអត់យក ដល់កូវីដ អីចេះ»។
![](https://newsroomcambodia.com/wp-content/uploads/2020/12/IMG_20201224_215954_498-1024x768.jpg)
លោក ដារ៉ូ អាយុ ៦១ឆ្នាំ ជាអ្នកធាក់ស៊ីក្លូប្រមាណជា ៣០ឆ្នាំ ក៏កំពុងជួបបញ្ហាមិនខុសពីអ្នកធាក់ស៊ីក្លូផ្សេងទៀតដែរ លោកថាពីមុនគាត់រកបានយ៉ាងហោចណាស់ក៏បាន ២ម៉ឺន ទៅ ៣ម៉ឺនរៀលដែរ ប៉ុន្តែឥឡូវបានត្រឹម ១ម៉ឺនរៀល មិនអាចចំណាយគ្រប់គ្រាន់នោះទេ។
លោកលើកឡើងដូច្នេះថា៖ «ពីមុនយើងរកបាន ឥឡូវរកអត់បានទេម៉ាព្រឹកបាន ១ម៉ឺន ចាយមិនគ្រាន់ ពីមុន បាន៣ ទៅ ៤ម៉ឺនម៉ាព្រឹក» ។
«វាមានជំងឺហ្នឹងហើយគេលែងជិះ លែងម៉ោ លែងម៉ោផ្សារចឹងទៅ មាន PassApp ២០០០ ទៅ ៣០០០ គេទៅហើយ ស៊ីក្លូរកអត់បាន គេអត់ជិះ»។
លោកថាបើសិនជាស្ថានភាពក្នុងប្រទេសនៅតែបែបនេះទៀត លោកនឹងបោះបង់ចោលអាជីពមួយនេះ។
«ស្រុកម៉េចៗ បោះបង់ចោលអាហ្នឹង ព្រោះស្រុក ណាកើតជំងឺ»។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបបរក្រៅប្រព័ន្ធបានប្រាប់តាមរយៈទូរស័ព្ទថាលោកមានការព្រួយបារម្ភជាខ្លាំង អំពីការធ្លាក់ចុះជាបន្តបន្ទាប់នៃអ្នកធាក់ស៊ីក្លូ។
លោកបានអះអាងថា នៅឆ្នាំ១៩៩៩ មានអ្នកធាក់ស៊ីក្លូនៅក្នុងភ្នំពេញ ប្រមាណជាង ១៥០០នាក់ ហើយក្នុង ២០១២ ចន្លោះពី ៦០០ ទៅ ៦០០ នាក់ជាង។
ដោយឡែកពីឆ្នាំ ២០១២ មកទល់បច្ចុប្បន្ននេះ មានអ្នកធាក់ស៊ីក្លូប្រហែលជា ៣០០នាក់ជាង និងចំនួនស៊ីក្លូ ៤០០គ្រឿង។
លោកបានបន្តថា មូលហេតុដែលបណ្តាលឲ្យពួកគាត់ដែលជាអ្នកធាក់ស៊ីក្លូជួបការលំបាកគឺដោយសារតែមុខរបរ នេះពឹងផ្អែកទៅលើវិស័យទេសចរណ៍ទាំងស្រុង ខណៈដែលប្រទេសកំពុងជួបវិបត្តិកូវីដ ១៩ ផងធ្វើឲ្យមិនសូវភ្ញៀវទេសចរកម្សាន្តជាដើម។
«ដោយសារឥឡូវនេះ ពឹងផ្អែកទៅលើវិស័យទេសចរណ៍សុទ្ធសាធតែម្តង មែនទែនទៅ បើសិនជាមានស៊ីក្លូនៅថេរ ទាល់ណាតែមានវិស័យទេសចរណ៍»។
លោកបានប្រាប់ទៀតថា រដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា២១ម៉ឺន ក្នុងមួយខែសម្រាប់អ្នកធាក់ស៊ីក្លូនៅ ក្នុងសមាគម និងទទួលបានប័ណ្ណ ប.ស.ស ពីក្រសួងការងារ។
លោកលើកដូច្នេះថា៖ «រដ្ឋាភិបាលលោកជួយម៉ាផ្នែកទៅហើយសព្វថ្ងៃហ្នឹង គាត់មានប្រាក់ឧបត្ថម្ភប្រចាំខែ មួយខែបាន ២១ម៉ឺន មួយផ្នែកផ្សេងទៀតបានប័ណ្ណ ប.ស.ស ពីក្រសួងការងារនៅពេលគាត់ឈឺ គាត់អី គាត់ អាចទៅមន្ទីរពេទ្យរដ្ឋ គេមិន Charge ( គិតថ្លៃ ) ថវិកាគាត់ទេ»៕