ស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ទសវត្សមកហើយ ក៏ប៉ុន្តែក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើស៊ីក្លូបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសតាំងពីមានការរីករាលដាលវីរុសកូវីដ ១៩ ក្នុងឆ្នាំ២០២០នេះ។

នេះបានធ្វើឲ្យអ្នកធាក់ស៊ីក្លូជួបការលំបាកក្នុងការទ្រទ្រង់ជីវភាពរបស់ពួកគាត់។ អ្នកធាក់ស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី២៣​​ ខែធ្នូ ឆ្នាំ២០២០ នេះបានប្រាប់ Newsroom Cambodia អំពីបញ្ហាប្រឈមរបស់ពួកគាត់ដូចខាងក្រោម៖

លោក ឡេង ផាត កំពុងឈរក្បែរសុីក្លូរបស់គាត់នៅជិតព្រះបរមរាជវាំង​

លោក ឡេង ផាត អាយុ ៦២ឆ្នាំ ជាអ្នកធាក់ស៊ីក្លូរយៈពេល ៣០ឆ្នាំ បាននិយាយថាគាត់រកប្រាក់ចំណូលមិន សូវបាននោះទេក្នុងពេលបច្ចុប្បន្ន ព្រោះមិនសូវមានភ្ញៀវជិះស៊ីក្លូរបស់គាត់។                                            

«ពីមុនមានគេជិះ មានម៉ូយដឹកអីវ៉ាន់ចឹងណា ហើយមាននៅផ្សារ ឡូវអត់មានទេ»។

លោកបន្តថា «មួយថ្ងៃ រកបានពីមុនហ្នឹង ៣ម៉ឺន អីចឹងយើងហូបអស់១ម៉ឺន អីចឹងសល់២ម៉ឺន ហ្នឹងពីមុន  ហើយឥឡូវបាន១ម៉ឺន ហ្នឹងហូបអស់អាលីង»។    

លោកថាមូលហេតុដែលមិនសូវមានភ្ញៀវនេះគឺបណ្តាលមកពីមានវីរុសកូវីដ ១៩ ហើយមានមធ្យោបាយធ្វើ  ដំណើរផ្សេងទៀតច្រើនដូចជា តុកតុក ម៉ូតូ ជាដើម។

 លោក ម៉ែន ផែន កំពុងអង្គុយលើសុីក្លូរបស់គាត់នៅមុខក្លោងទ្វាវត្តឧណ្ណាឡោម​

លោក ម៉ែន ផែន អាយុ ៩០ឆ្នាំ ជាអ្នកធាក់ស៊ីក្លូតាំងពីសម័យអាណានិគមនិយមបារាំង បាននិយាយថាលោក បាននិយាយថាបច្ចុប្បន្ននេះរកបានតែ ១ម៉ឺន ទៅ ១ម៉ឺន ជាងទេក្នុងមួយថ្ងៃ គ្រាន់តែសម្រាប់ហូបបាយប្រចាំថ្ងៃ ប៉ុណ្ណោះ។

លោកក៏ទទួលបានការផ្តល់ជាបាយខ្លះពីអង្គការដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះអង្គការនោះទេ។

លោកឡើងដូច្នេះថា៖ «មួយថ្ងៃបាន ១ម៉ឺន ១ម៉ឺនជាង គ្រាន់តែហូបកាហ្វេ ហូបបាយ ប៉ិនបានអង្គការផ្តល់  បាយទឹកអី »។«នៅតស៊ូអីចឹង ដឹងនៅធើ្វអី ចាស់ហើយមិនដឹងធើ្វអី»។

លោក ឡុត សុគត កំពុងអង្គុយនៅលើសុីក្លូរបស់គាត់នៅលើបណ្តោយផ្លូវចន្លោះមាត់ទន្លេ និងព្រះបរមរាជវាំង

លោក ឡុត  សុគត អាយុ ៤៦ឆ្នាំ ជាអ្នកធាក់ស៊ីក្លូរយៈពេល ៣ឆ្នាំ ថាគាត់រកមិនសូវបាននោះទេក្នុងពេល បច្ចុប្បន្ននេះដោយសារតែមានមធ្យោបាយធ្វើដំណើរផ្សេងទៀតច្រើន គឺគាត់មានភ្ញៀវតែចាស់ៗដែលមកវត្ត ក្នុងថ្ងៃសីលបានប្រមាណជា ៥០០០ រៀលប៉ុណ្ណោះ។

លោកលើកឡើងដូច្នេះថា៖ «មិនបានទេ បានតែ៥០០០​យកទៅ ធ្វើម៉េចបើគេជិះតែ PassApp ហើយស៊ីក្លូ យើងបានដឹកយាយៗ ថ្ងៃសីល ១០០០, ១៥០០»។

លោកបានបន្តថា ចង់រកមុខរបរថ្មីទៀតព្រោះមុខរបរនេះមិនអាចផ្គត់ផ្គង់ជីវភាពរបស់គាត់បានទេ  ប៉ុន្តែគាត់មិនទាន់រកបានមុខរបរថ្មីនៅឡើយ។

លោក សុ ផាត កំពុងអង្គុយនៅលើសុីក្លូរបស់គាត់ក្បែរព្រះបរមរាជវាំង

លោក សុ ផាត អាយុ ៦២ឆ្នាំ ជាអ្នកធាក់ស៊ីក្លូប្រមាណ៣០ឆ្នាំ បាននិយាយថាសព្វថ្ងៃនេះរូបលោកកំពុងជួប វិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសាររកប្រាក់ចំណូលមិនសូវបានក្នុងអំឡុងពេលមានវីរុសកូវីដ ១៩។

លោកបាននិយាយថា៖​ «មានផលវិបាក រកមិនបានហ្នឹងឡូវហ្នឹង តាំងកូវីដមករហូតទាល់តែឡូវ គ្មានភ្ញៀវគ្មានអីដឹកទេ»។  

លោកនិយាយថាកាលពីមុនលោករកបានប្រាក់ចំណូលចន្លោះពីជាង ២ម៉ឺនដល់ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកបច្ចុប្បន្នបានត្រឹម១ម៉ឺន។ លោកបន្តទៀតថា៖ «ជួលសមាគមស៊ីក្លូ មួយខែ ៥ម៉ឺន ដល់ឥឡូវគ្រូអត់យក ដល់កូវីដ អីចេះ»។

លោក ដារ៉ូ កំពុងឈរនៅក្បែរសុីក្លូក្បែរផ្សារកណ្តាល

លោក ដារ៉ូ អាយុ ៦១ឆ្នាំ ជាអ្នកធាក់ស៊ីក្លូប្រមាណជា ៣០ឆ្នាំ ក៏កំពុងជួបបញ្ហា​មិនខុសពីអ្នកធាក់​ស៊ីក្លូផ្សេង​ទៀត​ដែរ លោកថាពីមុនគាត់រកបានយ៉ាងហោចណាស់ក៏បាន​ ២ម៉ឺន ទៅ ៣ម៉ឺនរៀលដែរ ប៉ុន្តែឥឡូវបានត្រឹម ១ម៉ឺនរៀល មិនអាចចំណាយគ្រប់គ្រាន់នោះទេ។

លោកលើកឡើងដូច្នេះថា៖ «ពីមុនយើងរកបាន ឥឡូវរកអត់បានទេម៉ាព្រឹកបាន ១ម៉ឺន ចាយមិនគ្រាន់ ពីមុន បាន៣ ទៅ ៤ម៉ឺនម៉ាព្រឹក» ។

«វាមានជំងឺហ្នឹងហើយគេលែងជិះ លែងម៉ោ លែងម៉ោផ្សារចឹងទៅ មាន PassApp ២០០០ ទៅ ៣០០០ គេទៅហើយ ស៊ីក្លូរកអត់បាន គេអត់ជិះ»។

លោកថាបើសិនជាស្ថានភាពក្នុងប្រទេសនៅតែបែបនេះទៀត លោកនឹងបោះបង់ចោលអាជីពមួយនេះ។

«ស្រុកម៉េចៗ បោះបង់ចោលអាហ្នឹង ព្រោះស្រុក ណាកើតជំងឺ»។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបបរក្រៅប្រព័ន្ធ​បានប្រាប់តាមរយៈទូរស័ព្ទថា​លោកមានការព្រួយបារម្ភជាខ្លាំង អំពីការធ្លាក់ចុះជាបន្តបន្ទាប់នៃអ្នកធាក់ស៊ីក្លូ។

លោកបានអះអាងថា នៅឆ្នាំ១៩៩៩ មានអ្នកធាក់ស៊ីក្លូនៅក្នុងភ្នំពេញ  ប្រមាណជាង ១៥០០នាក់ ហើយក្នុង ២០១២ ចន្លោះពី ៦០០ ទៅ ៦០០ នាក់ជាង។

ដោយឡែកពីឆ្នាំ ២០១២ មកទល់បច្ចុប្បន្ននេះ មានអ្នកធាក់ស៊ីក្លូប្រហែលជា ៣០០នាក់ជាង និងចំនួនស៊ីក្លូ ៤០០គ្រឿង។

លោកបានបន្តថា មូលហេតុដែលបណ្តាលឲ្យពួកគាត់ដែលជាអ្នកធាក់ស៊ីក្លូជួបការលំបាកគឺដោយសារតែមុខរបរ នេះពឹងផ្អែកទៅលើវិស័យទេសចរណ៍ទាំងស្រុង ខណៈដែលប្រទេសកំពុងជួបវិបត្តិកូវីដ ១៩ ផងធ្វើឲ្យមិនសូវភ្ញៀវទេសចរកម្សាន្តជាដើម។

«ដោយសារឥឡូវនេះ ពឹងផ្អែកទៅលើវិស័យទេសចរណ៍សុទ្ធសាធតែម្តង មែនទែនទៅ បើសិនជាមានស៊ីក្លូនៅថេរ  ទាល់ណាតែមានវិស័យទេសចរណ៍»។

លោកបានប្រាប់ទៀតថា រដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា២១ម៉ឺន​ ក្នុងមួយខែសម្រាប់អ្នកធាក់ស៊ីក្លូនៅ ក្នុងសមាគម និងទទួលបានប័ណ្ណ ប.ស.ស ពីក្រសួងការងារ។

លោកលើកដូច្នេះថា៖ «រដ្ឋាភិបាលលោកជួយម៉ាផ្នែកទៅហើយសព្វថ្ងៃហ្នឹង គាត់មានប្រាក់ឧបត្ថម្ភប្រចាំខែ  មួយខែបាន ២១ម៉ឺន មួយផ្នែកផ្សេងទៀតបានប័ណ្ណ ប.ស.ស​ ពីក្រសួងការងារនៅពេលគាត់ឈឺ គាត់អី គាត់ អាចទៅមន្ទីរពេទ្យរដ្ឋ គេមិន Charge ( គិតថ្លៃ ) ថវិកាគាត់ទេ»៕