អ្នកបើកបរកង់បីខ្មែរមួយចំនួនត្អូញត្អែរថា ពួកគេកំពុងតែជួបបញ្ហាប្រាក់ចំណូលធ្លាក់ចុះ ដោយសារប្រជាជនខ្មែរងាកមកធ្វើដំណើរដោយកង់បីឥណ្ឌា ឬ ការប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទដៃសម្រាប់ស្វែងរកមធ្យោបាយធ្វើដំណើរជំនួសវិញ។
ក្រុមសិក្ខាកាមរបស់ Newsroom Cambodia បានសម្ភាសន៍អ្នករត់កង់បីខ្មែរមួយចំនួន អំពីការកើនឡើងនៃចំនួនកង់បីឥណ្ឌានៅកម្ពុជា។
លោក សុខ លាភ អាយុ ៣២ឆ្នាំ មកពីខេត្ត ត្បូងឃ្មុំ ដែលជាអ្នកប្រកបមុខរបរបើកបរកង់បីខ្មែរ រយៈពេល៣ឆ្នាំ បានប្រាប់ Newsroom Cambodia ថា សព្វថ្ងៃនេះ ប្រាក់ចំណូលដែលរកបានពីការបើកបរកង់បីមានការធ្លាក់ចុះជាខ្លាំង ដោយសារតែការវាយលុករបស់កង់បីឥណ្ឌាក្នុងទីផ្សារ និងការរាលដាលវីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ពេលខ្លះក្នុងមួយថ្ងៃមិនមានអ្នកដំណើរធម្មតាមកជិះកង់បីរបស់លោកទេ ដោយសារតែពួកគេគិតថាតម្លៃកង់បីខ្មែរថ្លៃជាងកង់បីឥណ្ឌា។
លោកថា៖ «កាលពីមុនក្នុងមួយថ្ងៃ ខ្ញុំរកបាន២០ ទៅ៣០ដុល្លារ តែតាំងពីមានជម្ងឺកូវីដមក ខ្ញុំរកបានត្រឹមតែ៥ ទៅ១០ដុល្លារ ហើយបច្ចុប្បន្នប្រជាជនខ្មែរច្រើនតែជិះកង់បីឥណ្ឌាទៀត កាន់តែពិបាករកជាងមុន»។
លោក ប្រាក់ វុទ្ធី អាយុ៦០ ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ជាអ្នកប្រកបមុខរបរបើកបរកង់បីខ្មែរ រយៈពេល៥ឆ្នាំ និយាយថា កាលពីមុនលោកអាចរកប្រាក់ចំណូលបានពី ៨០,០០០ ដល់ ៩០,០០០រៀល ក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ លោករកបានត្រឹមតែ១០,០០០រៀល ក្នុងមួយថ្ងៃ ហើយពេលខ្លះសឹងតែរកមិនបានប្រាក់ចំណូលទៀតផង។
លោកនិយាយថា៖ «រាល់ថ្ងៃនេះ រកស៊ីចិញ្ចឹមខ្លួនឯងមិនចង់រស់ផង គ្រួសារនៅស្រុកមិនដែលបានផ្ញើអីឲ្យទេ ដោយសាររកពុំសូវបាន»។
លោក សុខ ធី មានអាយុ៤៧ឆ្នាំ បានប្រកបមុខរបររត់កង់បីខ្មែរអស់រយៈពេលជាង ២០ឆ្នាំមកហើយ ប្រាប់ថា បច្ចុប្បន្ននេះអ្នកធ្វើដំណើរតែងតែប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទដៃសម្រាប់ស្វែងរកមធ្យោបាយធ្វើដំណើរ ហើយភាគច្រើន កង់បីឥណ្ឌា មានការតភ្ជាប់ប្រព័ន្ធបច្ចេកទេសជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ។
លោកថា៖ «ភ្ញៀវភាគច្រើនជាជនបរទេសដែលជិះកង់បីខ្មែរ តែដោយសារឥឡូវនេះមានបញ្ហាជំងឺកូវីដ១៩ ទើបធ្វើឲ្យកំណើនភ្ញៀវបរទេសធ្លាក់ចុះ ចឹងហើយវាកាន់តែពិបាករកលុយទៀត»។
លោក វ៉ាន់ នី អាយុ៥៥ឆ្នាំ ដែលប្រកបរបរកង់បីរយៈពេល១៥ឆ្នាំ បាននិយាយថា ប្រាក់ចំណូលដែលលោករកបានសព្វថ្ងៃនេះ ត្រូវយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចជាថ្លៃជួលផ្ទះ ការសិក្សារបស់កូន និងចំណាយផ្សេងៗទៀត។
លោកបន្តថា៖ «ខ្ញុំមិនមានអ្វីសំណូមពរទេ គ្រាន់តែចង់អោយអ្នកធ្វើដំណើរជួយជិះកង់ខ្មែរ និងបន្តគាំទ្រកង់ខ្មែរទៀត ហើយតម្លៃកង់បីខ្មែរ និងកង់បីឥណ្ឌាក៏មិនមានភាពខុសគ្នាដែរ»៕