អ្នកបើកបរកង់បីខ្មែរមួយចំនួន​ត្អូញ​ត្អែរ​ថា ពួកគេ​កំពុងតែជួបបញ្ហា​ប្រាក់ចំណូល​ធ្លាក់​ចុះ ដោយសារ​​ប្រជាជន​ខ្មែរ​ងាក​​ម​ក​ធ្វើ​ដំណើរដោយកង់បីឥណ្ឌា ឬ ការប្រើប្រាស់​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ដៃ​សម្រាប់​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​ជំនួស​វិញ។​

ក្រុម​សិក្ខាកាម​របស់ Newsroom Cambodia បាន​សម្ភាសន៍​អ្នក​រត់​កង់​បី​ខ្មែរ​មួយ​ចំនួន អំពី​ការ​កើន​ឡើង​នៃ​ចំនួន​កង់​បី​ឥណ្ឌានៅ​កម្ពុជា។​

លោក សុខ លាភ អាយុ ៣២ឆ្នាំ មកពីខេត្ត ត្បូងឃ្មុំ ដែលជាអ្នកប្រកបមុខរបរបើកបរកង់បីខ្មែរ រយៈពេល​៣ឆ្នាំ បានប្រាប់ Newsroom Cambodia ​ថា សព្វថ្ងៃនេះ ប្រាក់​ចំណូលដែ​លរ​កបា​ន​ពី​ការបើកបរ​​កង់បី​មាន​ការធ្លាក់ចុះជាខ្លាំង ដោយសារតែការវាយលុករបស់​កង់បី​ឥណ្ឌា​ក្នុង​ទីផ្សារ និងការរាលដាលវីរុសកូវីដ​១៩ ក្នុងប្រទេសកម្ពុជា។ លោកបន្ថែម​ថា  ពេលខ្លះ​ក្នុង​មួយ​ថ្ងៃ​មិនមានអ្នកដំណើរធម្មតា​មកជិះកង់បីរបស់លោកទេ ដោយសារ​តែ​ពួកគេ​គិតថា​តម្លៃ​កង់បី​ខ្មែរថ្លៃជាង​កង់បីឥណ្ឌា។

លោក​ថា៖​ «កាលពីមុន​ក្នុងមួយថ្ងៃ ខ្ញុំរកបាន​២០ ទៅ​៣០​ដុល្លារ តែតាំងពីមានជម្ងឺកូវីដ​មក ខ្ញុំរកបានត្រឹមតែ​៥ ទៅ​១០ដុល្លារ ហើយបច្ចុប្បន្នប្រជាជនខ្មែរច្រើនតែជិះ​កង់បីឥណ្ឌាទៀត កាន់តែពិបាករកជាងមុន»។

លោក សុខ លាភ

លោក ប្រាក់ វុទ្ធី អាយុ​៦០ ឆ្នាំ មកពី​ខេត្ត​កំពង់ស្ពឺ ជាអ្នកប្រកបមុខរបរបើកបរកង់បីខ្មែរ រយៈពេល​៥ឆ្នាំ និយាយថា កាលពីមុន​លោកអាចរកប្រាក់ចំណូលបានពី ៨០,០០០ ដល់ ៩០,០០០​រៀល ក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ លោករកបានត្រឹមតែ​១០,០០០រៀល ក្នុងមួយថ្ងៃ ហើយពេលខ្លះសឹងតែរកមិនបានប្រាក់ចំណូលទៀតផង។

លោកនិយាយ​ថា៖ «រាល់ថ្ងៃនេះ រកស៊ីចិញ្ចឹមខ្លួនឯងមិនចង់រស់ផង គ្រួសារ​នៅ​ស្រុក​មិន​ដែល​បាន​ផ្ញើអី​ឲ្យទេ ដោយសាររកពុំសូវបាន»។

លោក​ សុខ ធី មានអាយុ​៤៧ឆ្នាំ បានប្រកបមុខរបររត់កង់បីខ្មែរ​អស់រយៈពេលជាង ២០ឆ្នាំ​មកហើយ​ ​ប្រាប់ថា បច្ចុប្បន្ននេះអ្ន​កធ្វើដំណើរ​តែងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​លើ​ទូរស័ព្ទដៃ​សម្រាប់​ស្វែងរកមធ្យោបាយធ្វើដំណើរ ហើយភាគច្រើន កង់បីឥណ្ឌា មាន​ការ​តភ្ជាប់​ប្រព័ន្ធ​បច្ចេកទេស​ជាមួយ​ក្រុមហ៊ុន​មធ្យោបាយ​ធ្វើ​ដំណើរ។

លោក​ថា៖ «ភ្ញៀវភាគច្រើនជា​ជនបរទេសដែលជិះកង់បីខ្មែរ តែដោយសារ​ឥឡូវ​នេះមាន​បញ្ហា​ជំងឺកូវីដ​១៩ ទើបធ្វើឲ្យ​កំណើន​ភ្ញៀវបរទេសធ្លាក់ចុះ ចឹង​ហើយ​វា​កាន់​តែពិបា​ក​រក​លុយ​ទៀត»​។

លោក វ៉ាន់ នី

លោក វ៉ាន់ នី អាយុ​៥៥ឆ្នាំ ដែលប្រកបរបរកង់បីរយៈពេល​១៥ឆ្នាំ បាននិយាយថា ប្រាក់​ចំណូល​​ដែល​លោក​រកបានសព្វថ្ងៃនេះ ត្រូវយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចជា​ថ្លៃជួលផ្ទះ​ ការសិក្សា​របស់កូន និងចំណាយផ្សេងៗទៀត។

លោកបន្តថា៖​ «ខ្ញុំមិនមានអ្វីសំណូមពរទេ​ គ្រាន់តែចង់អោយអ្នកធ្វើដំណើរជួយជិះកង់ខ្មែរ និងបន្តគាំទ្រកង់ខ្មែរទៀត ហើយតម្លៃកង់បីខ្មែរ និងកង់បីឥណ្ឌាក៏មិនមានភាពខុសគ្នាដែរ»៕