(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​បី ​នៅ​ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ត្អែញ​ត្អែរ​ថា ក្រុមហ៊ុន​ដឹកដី​ឯកជន​មួយចំ​នួ​នបាន​ និង​កំពុង​​ធ្វើ​ឲ្យ​ផ្លូវ​លំ​មួយ​ខ្សែរ​កាត់​ភូមិ​ស្រុក​​របស់​ពួកគេ​ខូចខាត​។

ភូមិចំនួន៣ ​ដែល​ពលរដ្ឋ​អះអាង​ថា មាន​ផ្លូវ​លំ​មួយ​ខ្សែរ​ខូច​ខាត​ស្ទើរទាំង​ស្រុង​នោះ​​រួមមាន ភូមិ​តាលីង​ត្បូង ភូមិតាលីងជើង និងភូមិវត្តត្រាចទង ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 

នៅ​ពេល​ទៅ​ដល់​ផ្លូវ​លំ​ដែឡ​មាន​ទំហំ​ប្រមាណជា​៦​ម៉ែត្រ និង​ប្រវែង​ប្រមាណជា​ពីរ​គីឡូ​ម៉ែត្រ​នោះ គេ​ឃើញ​មាន​​ឡាន​ដឹក​​ដី​ធំៗ ទំងន់​ផ្ទុក​៥តោន និង​៨​តោន បើកប​រ​​ដោយ​មានឮ សំឡេង​កងរំពង។ ចំណែក​រុក្ខជាតិនៅតាមដងផ្លូវរួមទាំងផ្ទះសម្បែងរបស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ធូលី​ដី​។

អ្នកស្រី យឹម លួន ជាពលរដ្ឋនៅភូមិតាលីងជើង ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា ​តៃកុង​ឡាន​ដែល​ដឹក​ដី​កាត់​ផផ្លូវ​លំ​ដែល​អ្នកស្រី​រស់​នៅ ​បើកបរគ្មា​ន​សណ្ដាប់ធ្នាប់ ចុច​ស៊ី​ផ្លេរ​ឡាន​ឮ​សំឡេង​កង​រំពង។ អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណជា​មួយ​ខែនេះ រាល់​ពេលដែល​ពលរដ្ឋធ្វើដំណើរឆ្លងកាត់​ម្ដងៗ ពួកគេ​ត្រូវ​ពាក់ម៉ាស់ ឬ​រុំ​នឹង​ក្រមា​ដើម្បី​​ការពារ​ធូលីដី។

អ្នកស្រី​បន្ដ​ថា៖ «កូរ៉ូណាយើងអាចការពារបាន តែនេះដីហុយគ្រប់កន្លែង ហើយ​ឲ្យ​ការពារ​យ៉ាង​ម៉េច?»។​

លោក ម៉ន វិន ​អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយនេះដែរ បានលើកឡើងថា ពេល​លោក​ជិះកាត់​ផ្លូវ​នេះម្ដ​ងៗ មាន​ដី​ហុយ និង​រលាក់​ខ្លាំង។

«ចង់ឲ្យខាងក្រុមហ៊ុនគេហ្នឹង មានស្រោចទឹកស្រោចអីទៅ កុំឲ្យហុយដល់ប្រជាពលរដ្ឋ»។

ចំណែក​កញ្ញា សិទ្ធិ ធីតា ដែលជា​សិស្ស​វិទ្យាល័យ​បាត់ដឹង និង​ជា​អាជីវករ​លក់​កាហ្វេ​នៅ​ផ្ទះ​ជាមួយ​​ម្ដាយ​និយាយ​ថា កញ្ញា​​បារម្ភ​ថា ផ្លូវ​នេះ​នឹង​កាន់តែទ្រុឌទ្រោមទៅៗ ដផោយសារ​មាន​ឡាន​ដឹក​ដី​​ទម្ងន់​រាប់​តោន​បើក​កាត់​។  

«ឡានធំៗបានធ្វើឲ្យខ្ញុំជួបបញ្ហាក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានជង្ហុកដូចបាយខុម ហុយ​ដូច​ខ្យល់​ព្យុះអីចឹង»។

ចំពោះវត្តអារាមវិញ ព្រះសង្ឃបានត្អូញត្អែរអំពីសំឡេងរំខានជុំវិញទីតាំងវត្ត ដោយសារ​វត្ត​ជា​ទី​កន្លែង​ស្ងប់ស្ងាត់​ក្នុង​ការ​បដិបត្ត​ធម៌។

ព្រះតេជគុណ ម៉ន បាន គង់នៅវត្តសម្ដេចកែវ ហៅវត្តត្រាចទង ក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមាន​សង្ឃដីកា​ថា​ នៅ​ពេលថ្ងៃត្រង់វិញ ព្រះសង្ឃ​គ្រប់​អង្គ​ត្អូញញ​ត្អែរ​​ថា​ពិបាក​​ក្នុង​ការសិក្សាព្រះធម៌ដោយសារ​សំឡេង​ខ្ទរ​ និងសំឡេងរំខាន​របស់​ឡាន​ទាំង​នោះ​។

ព្រះអង្គបន្ថែម​ថា៖ «ដោយ​អាត្មាភាព​ជា​ព្រះសង្ឃ អីចឹង​ហើយ​បាន​ជា​ពិបាក​ក្នុង​ការនិយាយ ប៉ុន្តែ​អាត្មាភាព​ចង់​សំណូមពរ​ទៅ​កាន់​ក្រុមហ៊ុន​ក៏​ដូចជា​មេឃុំឲ្យ​ជួយ​ដោះស្រាយ​ទៅ​លើបញ្ហា​រឿងដី​ហ្នឹង​ ក៏​ដូចជា​ជួយ​សម្រប​សម្រួលរឿងផ្លូវទៅឲ្យបានប្រសើរឡើង​ផង»។

​លោក រុច សារីម មេឃុំ​ក្សេមក្សាន្ត​លើកឡើងថា លោក​មានការព្រួយ​បារម្ភ​ខ្លាំង​ជុំ​វិញ​ករណី​នេះ ដោយ​លោក​ថា លោក​តែង​ទទួល​បាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​អំពីបញ្ហាផ្លូវខូច ដីហុយ​​ដោ​យ​សារ​ឡាន​ទាំង​នោះ។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើកិច្ច​សន្យា​ជាមួយ​សាលា​ឃុំ ដោយ​​សន្យាចំនួន៣​ចំណុច គឺ​ត្រូវស្រោចទឹក​ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដឹក​ដីត្រឹមម៉ោង៤ល្ងាច នៅពេលបញ្ចប់គម្រោង ត្រូវធ្វើ​ផ្លូវថ្នល់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក​មេឃុះ​រូប​នេះ​បញ្ជាក់ថា៖ «ការយកចិត្ត​ទុកដាក់​រប​ស់​ឃុំ​គឺ​យកចិត្ត​ទុកដាក់​ជាង​ប្រជាព​ល​រដ្ឋ​ទៀត ព្រោះផ្លូវជាផ្លូវគម្រោងរបស់ឃុំជាអ្នកធ្វើ»៕​