សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានចេញផ្សាយវីដេអូមួយស្តីពីផលលំបាករបស់កម្មករក្នុងវិស័យសេវាកម្មកម្សាន្តដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ដើម្បីជាយុទ្ធនាការស្នើទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ និងផ្តល់ការគាំពារដល់កម្មករក្នុងវិស័យនេះ។
ក្នុងវីដេអូដែលមានរយៈពេលជាង១៤នាទីមានចំណងជ់ងថា «គ្មាននរណាម្នាក់ត្រូវបានទុកឲ្យនៅឯកោ» ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ វីដេអូនោះបានបង្ហាញអំពីការលើកឡើងរបស់កម្មករក្នុងវិស័យសេវាកំសាន្ត ដែលមានដូចជា កម្មករម៉ាស្សា កម្មករខារ៉ាអូខេ កម្មករក្លឹបកម្សាន្ត និងភោជនីយដ្ឋាន ពីផលលំបាករបស់ពួកគេ បន្ទាប់ពីត្រូវបាត់បង់ការងារក្នុងអំឡុងការរីលរាលដាលជំងឺកូវីដ១៩។
ក្នុងវីដេអូនោះបានបញ្ជាក់ថា កន្លែងធ្វើការរបស់ពួកគាត់ត្រូវបានផ្អាក និងបិទទាំងស្រុង តែមិនមានការផ្តល់សំណង ឬការឧបត្ថម្ភណាមួយដល់ពួកគេដែលជាកម្មករឡើយ ហើយពួកគេត្រូវបានផាត់ចេញពីគោលនយោបាយជាតិ និងការប្រកាសរបស់រដ្ឋាភិបាលលើការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យផ្សេងទៀត (កម្មកររោងចក្រ) ចំនួន៤០ដុល្លារ។ វីដេអូដដែលក៏បានបង្ហាញថា ពួកគេក៏ត្រូវបានអាជ្ញាធរផាត់ចេញពីគោលនយោបាយផ្តល់បណ្ណក្រីក្រ ឬបណ្ណសមធម៌ ដែលអាចទទួលបានការគាំពារពីរដ្ឋាភិបាលផងដែរ ចំណែកបេឡាជាតិរបបសន្តិសុខសង្គម (បសស) ក៏បានផ្អាកមិនឲ្យពួកគេដែលមានបណ្ណសមាជិក បសស អាចប្រើប្រាស់សេវាថែរទាំសុខភាព និងព្យាបាលជំងឺបានឡើយក្នុងអំឡុងពេលនេះ។
ក្នុងវីដេអូដែលផលិតដោយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី ភឿម យី ជាបុគ្គលិកហាងម៉ាស្សា អាឡាស្តា ក្រុងសៀមរាបបានរៀបរាប់ថា ក្រោយពីអ្នកស្រីផ្អាកពីការងារគឺមិនមានការងារថ្មីនោះទេ ដោយសារគេមិនទទួល។ អ្នកស្រី បន្តថា សព្វថ្ងៃអ្នកស្រីដើរជីកដំឡូងបានកម្រៃ៥០០០រៀល ជួនកាលស៊ីស្នួលច្រូតស្រូវឲ្យគេ។
អ្នកស្រីរៀបរាប់ក្នុងវីដេអូនោះថា៖ «ខ្ញុំខ្វះខាតច្រើន ខ្ញុំរកអត់បានបង់ធនាគារ គ្រួសារខ្ញុំយ៉ាប់ និយាយទៅខ្វះខាតច្រើន អត់មានស្អីហូបចុក ធនាគារក៏គេរករឹបអូសយកផ្ទះម្តាយ»។
អ្នកស្រី ហ៊ីង រតនៈ ជាបុគ្គលិកភោជនីយដ្ឋាន ត្រជាក់ចិត្តថ្មី នៅក្រុងតាខ្មៅ បាននិយាយក្នុងវីដេអូដដែលដែរថា អ្នកស្រីជួបទុក្ខលំបាកជាច្រើននៅក្នុងអំឡុងពេលជួបវិបត្តិកូវីដ១៩ គឺមិនមានការងារធ្វើ ជីវភាពមានភាពអន់ថយ ព្រមទាំងប្រឈមមុខនឹងបំណុលធនាគារដោយសារខ្ចីលុយមកធ្វើផ្ទះ។
អ្នកស្រីបាននិយាយដូច្នេះថា៖ «តាំងពីកើតកូវីដហ្នឹងមក វាមានផលលំបាកច្រើន ទី១ អត់ការងារធ្វើ ទី២ ជីវភាពយើងវាអត់ធូរធារដូចមុន ណាមួយយើងចំណាយច្រើននៅក្នុងបន្ទុកទៀត។ ណាមួយខ្ញុំប្រឈមមុខនឹងបំណុលធនាគារទៀតដែលខ្ចីលុយគេយកមកធ្វើផ្ទះ ហើយធនាគារគេអត់មានពន្យារពេលយើងរឿងបង់ហ្នឹងទេ»។
អ្នកស្រីស្នើដល់រាជរដ្ឋាភិបាលផ្តល់ការអនុគ្រោះ និងជំនួយខ្លះៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកស្រីថា៖ «ពួកខ្ញុំអត់ចង់បានជាថវិកាអ្វីទេ សំខាន់គឺចង់បានអ្វីដែលជាការហូបចុករបស់យើងប្រចាំថ្ងៃ»។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានថ្លែងក្នុងវីដេអូនោះថា អ្នកស្រីទទួលស្គាល់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើអ្នកដែលធ្វើការក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ជាដើម ប៉ុន្តែអ្នកស្រីថា រដ្ឋាភិបាលក៏ឡួរយកចិត្តទុកដាក់អ្នកធ្វើការនៅវិស័យផ្សេងទៀត ដូចជាផ្នែកសេវាកម្មដែលកំពុងជួបការលំបាក ផងដែរ។
អ្នកស្រីរៀបរាប់ដូច្នេះថា៖ «សម្រាប់កម្មកររងគ្រោះជាច្រើនទៀតក្នុងវិស័យផ្សេងដែលរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ ជាពិសេសវិស័យសេវាកម្មកម្សាន្ត ចឹងសុំឲ្យរាជរដ្ឋាភិបាលធ្វើការពិចារណាគិតគូរក្នុងការដាក់បញ្ចូលពួកគាត់ទទួលបានទឹកប្រាក់ឧបត្ថម្ភ៤០ដុល្លារ រួមទាំងការថែរទាំផ្នែកសុខភាព »។
ចំណែកអ្នកស្រី ចក់ សុភាព ជានាយិកាប្រតិបតិបត្តិនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងក្នុងវីដេអូនោះ ពីការយកចិត្តទុកដាក់ និងការប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពីសំណាក់ក្រសួងសុខាភិបាល និងវិធានការពីសំណាក់រាជរដ្ឋាភិបាលឆ្លើយតបនឹងវិស័យទេសចរណ៍ វិស័យកាត់ដេរជាដើម។ អ្នកស្រីក៏បានលើកឡើងថា សម្រាប់ កម្មករ ឬពលរដ្ឋក្នុងវិស័យផ្សេងទៀតនៅតែពុំទាន់ទទួលបានការគាំពារពេញលេញ ឬពុំទាន់ទទួលបានសោះទោះជាមានការខិតខំប្រឹងពីសំណាក់រាជរដ្ឋាភិបាលក៏ដោយជាពិសេសអ្នកធ្វើការផ្នែកសេវាកម្ម។
អ្នកស្រីលើកឡើងក្នុងវីដេអូថា៖ «ទោះបីជាមានការប្រឹងប្រែងបែបនេះក៏ដោយ យើងឃើញថាវាមានកម្មករ ឬពលរដ្ឋនៅក្នុងវិស័យផ្សេងៗមួយចំនួនទៀតដែលមិនទាន់ទទួលបានការគាំពារពេញ ឬក៏មិនទាន់បានទទួលសោះក្នុងហ្នឹងយើងឃើញថាដូចជាកម្មករនៅក្នុងវិស័យសេវាកម្ម កម្សាន្តអីហ្នឹង»។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដង ប៉ុន្តែលោកមិនឆ្លើយតប។
ស្ទើរតែរយៈពេលមួយឆ្នាំនៃការរីករាលដាលជំងឺកូវីដ១៩ កម្ពុជាត្រូវរងផលប៉ះពាល់ស្ទើគ្រប់វ័យ ជាពិសេសវិស័យទេសចរណ៍ កាត់ដេរ និងសេវាកម្ម។ រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករវិស័យកាត់ដេរម្នាក់ៗ៤០ដុល្លារក្នុងមួយខែ និងមានការផ្តល់បណ្ណសមធម៌ជនក្រីក្រក្នុងអំឡុងពេលនេះផងដែរ។
កាលពីពីរសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ មានរហូតទៅដល់ប្រមាណ៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយថា ក្នុងមួយៗខែ រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះដល់ប្រជាពលរដ្ឋក្រីក្រ៕