តួនាទីជាមេដឹកនាំ ឬក៏ជាអ្នកគ្រប់គ្រងក្នុងស្ថាប័នណាមួយ ប្រហែលមិនមានការកំណត់អំពីយេនឌ័រទេ ហើយសមត្ថភាពដឹកនាំរបស់មនុស្សម្នាក់ៗគួរតែពឹងផ្អែកលើភាពខ្លាំង និងលក្ខណៈបុគ្គលរបស់ពួកគេ ដូច្នេះការងារធំៗ និងលំបាក មិនមែនមានតែបុរសអាចធ្វើបាននោះទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយមនុស្សមួយចំនួន។

ស្ដ្រីក៏មានសមត្ថភាពក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាលំបាកបានដែរ ហើយម្យ៉ាងវិញទៀត ស្ដ្រីក៏ជាអ្នករួមចំណែកក្នុងការកសាងប្រទេស និងអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើនផងដែរ។

នៅខាងក្រោមនេះ ជាការយល់ឃើញរបស់សាធារណជនចំពោះស្ដ្រីជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋ និងឯកជនណាមួយ៖

កញ្ញា ឡុង ចរិយា អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ មុខជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ Newsroom Cambodia ថា ស្ដ្រីកាន់តំណែងធំៗ ក្នុងស្ថាប័នរដ្ឋ ឬក៏ឯកជនណាមួយគឺគួរឲ្យកោតសរសើរ ចំពោះភាពរឹងមាំ ភាពម្ចាស់ការលើខ្លួនឯង មានទំនួលខុសត្រូវខ្ពស់ ដែលអាចដឹកនាំ និងគ្រប់គ្រងមនុស្សជាច្រើននាក់បាន​។ នេះបានសរបញ្ជាក់ថា មិនមែនមានតែមនុស្សប្រុសទេដែលអាចដឹកនាំបាន។

កញ្ញាបានបន្ថែមថា ការផ្ដល់ឱកាស និងឃោសនាស្ដ្រីក្នុងការធ្វើការងាររអ្វីមួយ គឺមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ ហើយបុរសតែងតែមានអទិភាពច្រើនជាងស្ដ្រី។

កញ្ញាថា៖ «ខ្ញុំនៅតែបន្តគាំទ្រ និងចង់ឲ្យមានស្ដ្រីជាអ្នកដឹកនាំបន្ថែម ហើយនឹងមានការជំរុញស្ដ្រីឲ្យមានភាពជាអ្នកដឹកនាំ និងមានភាពជឿជាក់ជាងមុនទៀត»។

កញ្ញា ចេង រដ្ឋា អាយុ២៥ឆ្នាំ យល់ឃើញថា ប្រសិនបើស្ដ្រីជាអ្នកដឹកនាំ វាជារឿងល្អមួយ ដោយសារពួកគេក៏មានសិទ្ធិគ្រប់គ្រាន់ និងចំណេះដឹងក្នុងការប្រកួតប្រជែងជាមួយបុរសផងដែរ។

កញ្ញានិយាយថា នៅក្នុងប្រទេសកម្ពុជាមានផលលំបាកសម្រាប់ស្ដ្រីក្នុងការតែងតាំង ឬតំឡើងឋាន: ដោយសារគេមិនពុំសូវឱ្យតម្លៃ និងគាំទ្រស្ដ្រីជាអ្នកដឹកនាំ។​ មួយវិញទៀត ពួកគេគិតថាស្រ្តីមានភាពទន់ខ្សោយ និងឆាប់ភ័យខ្លាច។

លោក ហួន សុវត្ថិ អាយុ ២៨ឆ្នាំ មានតួនាទីជាទាហាន ហើយលោកបានយល់ឃើញថា ស្ដ្រីជាអ្នកដឹកនាំជារឿងល្អដែរ។ ប៉ុន្តែស្ដ្រីត្រូវមានភារកិច្ចច្រើន ពួកគាត់ត្រូវមើលថែគ្រួសារ និងការងារ វាគឺជារឿងពិបាកសំរាប់ស្ដ្រី។

ការឡើងតំណែង និងការលើកទឹកចិត្តសម្រាប់ស្ដ្រី និងបុរសមានលក្ខណៈស្មើគ្នា ពីព្រោះវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងធ្វើការ និងសមិទ្ធផលការងារ។

លោក សុខ ចាន់ផល អាយុ ៣២ឆ្នាំ មានតួនាទីជាប្រធានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បាននិយាយថា ប្រសិនបើមានស្ដ្រីជាអ្នកដឹកនាំជារឿងល្អ ពីព្រោះស្ដ្រីមានការគ្រប់គ្រងល្អ មិនមានភាពលំអៀង និងមានភាពម៉ត់ចត់ខ្ពស់។

លោកបន្តថា «ការឡើងតំណែង និងការជំរុញទឹកចិត្ត វាអាស្រ័យទៅលើស្ថានភាពរបស់ស្ថាប័នដូចគ្នា ប្រសិនបើស្ថាប័នណាឯករាជ្យ មិនមានភាពបក្សពួក ឬខ្សែ នោះស្រី្តមិនពិបាកអីក្នុងការក្លាយជាអ្នកដឹកនាំឡើយ ឲ្យតែពួកគេមានសមត្ថភាពហើយ នឹងអាចមានឱកាសច្រើនជាងបុរសថែមទៀតផង» ។

លោកបានបន្ថែមថា គាត់នៅបន្តគាំទ្រ និងលើកស្ទួយទៅលើស្រ្តី ប្រសិនណាមានស្រ្តីជាអ្នកដឹកនាំបន្ថែមទៀត ហើយលោកក៏មានការជំរុញចង់ឱ្យស្ដ្រីមានការប្រឹងប្រែងប្រើប្រាស់សមត្ថភាពឲ្យបានច្រើន។

លោក សុន រស្មី អាយុ ២១ឆ្នាំ មុខជំនាញ ភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា វាជារឿងល្អប្រសើរ នៅពេលដែលស្ដ្រីជាអ្នកដឹកនាំ ពីព្រោះវាបានជះឥទ្ធិពលឲ្យសង្គមខ្មែរមានការអភិវឌ្ឍ និងរីកចម្រើន។

លោកបាននិយាយថា៖ «ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានផ្ដល់ឱកាស និងលើកតម្កើងស្រ្តីបានច្រើនក្នុងការចូលរួមសកម្មភាពដឹកនាំសង្គម ហើយខ្ញុំនៅតែមានការគាំទ្រ និងបន្តលើកទឹកចិត្តឱ្យស្រ្តីមានឱកាសក្នុងការដឹកនាំ និងកិច្ចការផ្សេងៗ​ក្នុងសង្គម» ។

លោកសំណូមពរឱ្យសង្គមខ្មែរលុបបំបាត់ការរើសអើងលើស្ដ្រី ហើយងាកមកជំរុញ និងលើកទឹកចិត្តស្រ្តី​ឱ្យក្លាយជាបុគ្គលសំខាន់ក្នុងការជួយដឹកនាំ និងអភិវឌ្ឍសង្គម ពីព្រោះស្រ្តីក៏មានសិទ្ធិសេរីភាព​​ស្មើគ្នាដូចភេទដទៃទៀតដែរ៕