ក្នុង​ខួប​៧​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារដោយ​​​គ្រាប់កាំភ្លើង​ទៅលើកម្មករ-កម្មការនី​ដែល​​ធ្វើ​កូដកម្ម​នៅ​ផ្លូវ​វេង​ស្រេង អង្គការលីកាដូបានចេញអត្ថបទខ្លី​មួយ​​បង្ហាញ​ថា​ គ្រួសារ​របស់​ជន​រង​គ្រោះ​​នៅ​តែ​ទាម​ទារ​រក​យុត្តិធម៌​។​

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ដែល​ជាខួប​៧ឆ្នាំ​នៃ​ការវាយ​ប្រហារ​នៅ​ផ្លូវ​វេងស្រេង អង្គការ​លីកាដូ​បាន​ចេញ​អត្ថប​ទ​ខ្លីមួយ​​ស្តី​អំពី «៧ឆ្នាំកន្លងផុតទៅ គ្រួសារ​ជនរងគ្រោះ​នៅតែ​ទាមទារ​រក​យុត្តិធម៌​លើករណីបាញ់ប្រហារនៅផ្លូវ​​វេង​ស្រេង​»​​

ក្នុងអត្ថបទនោះបង្ហាញថា សហជីព សកម្មជនដីធ្លី និង​សមាជិក​សង្គមស៊ីវិល​ប្រមាណ​៨០​នាក់​បាន​ជួបជុំគ្នា​​នៅ​​​​​​​​ការិយាល័យ​​ផ្ទះសាមគ្គី​​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ពិធី​រំឮក​ខួប​នេះ។

ក្នុងហេតុការណ៍បាញ់ប្រហារនៅផ្លូវវេងស្រេងកាលពី៧ឆ្នាំមុននោះ  សមត្ថកិច្ច​បាន​វាយ​ប្រហារ​ដោ​យ​គ្រាប់កាំភ្លើង​ទៅលើ​កម្មករ-កម្មការនីដែលកំពុងធ្វើកូដកម្មបណ្តាលឲ្យមានអ្នកស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរងរបួស​៣០នាក់​ផ្សេងទៀត។

កម្មករ៤នាក់​ដែលត្រូវ​បាន​បាញ់​សម្លាប់​មាន​ឈ្មោះ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោក ផេង កុសល​។ កម្មករម្នាក់ដែលបានបាត់ខ្លួនគឺលោក ខឹម សុផាត។ បន្ទាប់ពី​បាត់​ខ្លួន​ពីការបាញ់​ប្រហារនោះ​មក លោកត្រូវបា​នឃើញ​ចុង​ក្រោយ​នៅ​កន្លែង​ឃុំឃាំង​របស់​កង​កម្លាំង​សមត្ថកិច្ច​ដោយមានរង​របួសគ្រាប់​កាំភ្លើង​ផ្នែក​ពោះ។

​ក្នុង​អត្ថបទ​ខ្លី​របស់​លីកាដូ​បាន​ស្រង់​សម្តី​របស់​​អ្នកស្រី អ៊ីន លក្ខណា ម្តាយបស់លោក ខឹម សុផាត ដោយ​អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយស្វែងរកយុត្តិធម៌ជូនកូនរបស់គាត់។    អ្នកស្រីនិយាយដូច្នេះថា៖ «​អស់រយៈពេល៧ឆ្នាំមកហើយដែលខ្ញុំបានទន្ទឹងរង់ចាំកូនរបស់ខ្ញុំ ប៉ុន្តែ​មិនទាន់ឃើញមាន​ លទ្ធ​​ផលអ្វីទេ។ ខ្ញុំសូមសំណូមពរឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ទាំងជាតិនិងអន្តរជាតិ​ជួយ​រកយុត្តិធម៌សម្រាប់​កូន​ខ្ញុំផង »។ នេះតាមប្រភពដដែល។

ចំណែក​អ្នកស្រី ឈីវ សារុន ភរិយាលោក យាន រឹទ្ធី បានសំណូមពរដូចគ្នាថា៖ «​ខ្ញុំ​សំណូមពរ​ឲ្យ​អង្គការ​ទាំងអស់ ទាំងជាតិ និង​​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​សម្រាប់​ប្តី​ខ្ញុំ​ផង​»។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននិយាយ​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២១ ថាលោក​មិនឆ្លើយជុំវិញបញ្ហានេះទេ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ Newsroom Cambodia នៅ​រសៀល​ថ្ងៃ​ទី០៥ ខែមករា ឆ្នាំ២០២១​នេះ​ថា ការបាញ់ប្រហារនៅផ្លូវវេងស្រេងកាលពីប្រាំពីឆ្នាំមុននោះ គឺជា​វិធានការក្នុងការទប់ស្កាត់ចលនាហិង្សានៅ​ក្នុងប្រទេស មិន​​មែន​ជាការបាញ់ប្រហារនោះទេ។​

លោក​ថា៖ «ទី១ មិនមែនជាការបាញ់ប្រហារ ឬក៏ជាការបង្រា្កបអីនោះទេ គឺជា​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ចលនាហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាល»។

លោក​បន្តថា៖ «ទី២ សម្រាប់អ្នកដែលបានបាត់ខ្លួនឬបាត់បង់ជីវិតហ្នឹង​គួរតែរកមេកើយ ក្រុ​ម​ចលនា​​​​ចាត់​តាំង​ដែលនាំ​ខ្លួន​មកធ្វើបាតុកម្ម ធ្វើចលនាបះបោរហិង្សារ អ្នកណា​ដែល​រៀបចំ​ផែន​ការ​ហ្នឹង អ្នកណាដែលនាំខ្លួនមកហើយនាំឲ្យមាន​ការប៉ះទង្គិចជាមួយសមត្ថកិច្ច។ ចឹង​អ្នក​ទទួល​ខុស​ត្រូវ​មិនមែនរដ្ឋាភិបាលទេ រដ្ឋាភិបាលបំពេញកតព្វកិច្ចទប់ស្កាត់នូវ ​ចលនា ការបះបោរ អំពើ​ហិង្សា​ខុស​ច្បាប់ក្នុងការផ្តួលរំលំរដ្ឋាភិបាល​»។

នៅថ្ងៃមុនបាញ់ប្រហារនៅលើមហាវិធីវេងស្រេងឆ្នាំ២០១៤ កងកម្លាំង​ទាហាន​ប្រដាប់​អាវុធ​មក​ពី​អង្គភាព​បញ្ជាការ​ពិសេស៩១១ បាន​​វាយដំ​កម្មករ និងចាប់ខ្លួន ប្រធាន​សហជីព និង​កម្មករ​ចំនួន​១០​នាក់​នៅខាងមុខរោងចក្រយាកជីន ក្នុងរាជធានីភ្នំពេញ។ អ្នកតវ៉ា​ពេលនោះ​កំពុងធ្វើ​ការ​ទាម​ទារ​ឲ្យមា​នប្រា​ក់ឈ្នួលអប្បបរមាចំនួន​១៦០​ដុល្លារ ។ ក្រៅពី​ការស្លាប់របស់មនុស្ស៤នាក់ និង​បាត់​ខ្លួន​១នាក់ ការបង្រ្កាបនៅផ្លូវវេងស្រេងដែលបានកើតឡើងអំឡុងពេលគណបក្ស      ជំទាស់​ធ្វើ​ពហិកា​មិនចូលរួមប្រជុំ​សភា ដោយ​សារ​​បញ្ហា​ចម្រូង​ចម្រាស​នៃលទ្ធផល​បោះឆ្នោតជាតិ​បាន​ធ្វើ​ឲ្យ​មនុស្ស​៣៨នាក់រងរបួសធ្ងន់និងស្រាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើ​តាម​អង្គការ​លីកាដូ៕