លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីការទទួលបានតំណក់ប្រេងដំបូង កាលពីថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកបញ្ជាក់ថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ លោកបន្ថែមថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍វិស័យអប់រំ និងសុខាភិបាល។
យោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន៥% ក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុន KrisEnergy និងថា កម្ពុជានឹងទទួលបានប្រមាណជា៥០០លានដុល្លារ ជាថ្លៃពន្ធ និងផ្សេងៗ។
Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋមួយចំនួនអំពីការយល់ឃើញរបស់ពួកគេទៅលើតំណក់ប្រេងដំបូងនេះ៖
លោក នាវ ចន្ថា អាយុ២៩ឆ្នាំ ជាបុគ្គលិកនៅធនាគារកាណាឌីយ៉ាបាននិយាយថា លោកត្រេកអរដែលកម្ពុជាទទួលបានតំណក់ប្រេងដ៏មានតម្លៃដំបូងបំផុត។ លោកថា ប្រសិនបើរដ្ឋាភិបាលបង្កើតឲ្យមានរោងចក្រដើម្បីចម្រាញ់ផ្សេងៗ សេដ្ឋកិច្ចកម្ពុជានឹងខ្លាំងក្លា ហើយអាចជួយឲ្យវិស័យធំៗនៅកម្ពុជារីកចម្រើនបាន។
លោកលើកឡើងដូច្នេះថា៖ «បើសិនជារដ្ឋាភិបាលរកឃើញប្រេងហ្នឹង គាត់បង្កើតឲ្យមានរោងចក្រ ចឹងមានន័យថាចំពោះសេដ្ឋកិច្ចរីកចម្រើនខ្លាំងជួយដល់ពីរវិស័យ ធំៗនៅក្នុងប្រទេសយើង ទីមួយគឺវិស័យអប់រំ ទីពីរគឺវិស័យសុខាភិបាល។
លោកបានបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលរកឃើញប្រេងហើយគាត់មិនបង្កើតឲ្យមានរោងចក្រនៅក្នុងប្រទេសយើងទេ បានន័យថា យើងមានតែធនធានទេ តែយើងខ្វះសមត្ថភាពក្នុងការផលិត។ ចឹងបានន័យថាកន្លែងនេះគឺជា ចំណុចមួយដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង ប្រេងនៅតែបន្តកើនឡើងដដែល»។
កញ្ញា កែវ ស្រីលាំង អាយុ២១ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចយល់ថា វាជាដំណឹងល្អដែលប្រទេសកម្ពុជាអាចផលិតប្រេងដោយខ្លួនឯង ហើយអាចនឹងនាំចេញទៅបរទេសនាពេលអនាគត។
កញ្ញាលើកឡើងថា៖ «វាអាចជាដំណឹងល្អដែរដោយសារតែយើងអាចរកបានអ្វីដែលជារបស់ខ្លួនយើងផ្ទាល់ យើងអាចផលិត និងចែកចាយនៅក្នុងប្រទេសរបស់យើង រឿងមួយទៀតគឺយើងអាចចែកចាយទៅក្រៅប្រទេស អាហ្នឹងរឿងថ្ងៃមុខ»។
កញ្ញាក៏មានការព្រួយបារម្ភថា អាចនឹងមានអំពើពុករលួយដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។
កញ្ញាលើកឡើងថា៖ «ប្រទេសរបស់យើង គឺប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសក្រីក្រនៅឡើយ អញ្ចឹងវាក៏អាចមានអំពើពុក រលួយមួយចំនួនជាទិដ្ឋភាពទូទៅ ប្រទេសណាឲ្យតែជាប្រទេសក្រីក្រវាតែងតែមានហើយអំពើពុករលួយ។ ពេលដែលយើងយកប្រេងមកពីគេ គឺមានតម្លៃថ្លៃ វាអាចនឹងមានចុះដែរប៉ុន្តែចុះទៅតាមស្ថានភាព ចឹងពេលដែលយើងមានប្រេងខ្លួនឯង ហើយសំណូមពរឲ្យគាត់បន្ថយនូវតម្លៃប្រេងឲ្យវាចុះថោកជាងមុន»។
កញ្ញា ង៉ឹល ហេន អាយុ២០ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាទរចំពោះការទទួលបានប្រេងដំបូងដែលប្រទេសយើងមិនចាំបាច់នាំចូលពីបរទេស។ យ៉ាងណាក្តី កញ្ញានៅចង់ដឹងបន្ថែមពាក់ព័ន្ធនឹងចំណូលលើការបូមប្រេងទាំងនោះ។
កញ្ញាលើកឡើងថា៖ «យើងបានតំណក់ប្រេងមកហើយ ប៉ុន្តែយើងអត់ទាន់ដឹងទេថាតើក្នុង១ខែ ១ឆ្នាំយើងទទួលបានប្រេងប៉ុន្មាន ហើយប្រេងហ្នឹងតើយើងនឹងយកទៅប្រើប្រាស់ទៅលើអ្វីខ្លះ ក៏ដូចជាសញ្ញាណផ្សេងៗគឺយើងអត់ទាន់ដឹងទេ រាជ រដ្ឋាភិបាលអត់ទាន់បង្ហាញឲ្យយើងដឹងថា តើប្រេងហ្នឹងអាចទទួលចំណូលប៉ុន្មានពីប្រេង ប្រជាជនទទួលបានអ្វីខ្លះគឺ យើងអត់ទាន់ដឹងទេ។ កាលណាយើងទាញផលប្រយោជន៍អត់បានគិតពីបរិស្ថាន វាអាចនឹងមានផលប៉ះពាល់ ហើយ ការប្រើប្រាស់ប្រេងហ្នឹងដោយអត់មានតម្លាភាព»។
លោក ទឺ រតនា អាយុ២៩ឆ្នាំ អ្នកធ្វើវីដេអូបាននិយាយថា លោកសប្បាយចិត្តដែលកម្ពុជាអាចមានតំណក់ប្រេងដំបូងបំផុតដែលរង់ចាំអស់ជាយូរមកហើយ។
លោកលើកឡើងថា៖ «ខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្ត ហើយមួយទៀតគឺយើងត្រេកអរសម្រាប់ប្រទេសកម្ពុជា របស់យើងដែលយើងអាចមានសមត្ថភាពផលិតប្រេងដោយខ្លួនឯងបាន ហើយវាក៏ជាលើកទី១ដែរ»។
លោក ឈឹម អូន អាយុ២៥ អ្នកធ្វើការនៅអង្គការអភិវឌ្ឍធនធានយុវជនបានប្រាប់ថា លោកសប្បាយចិត្តដែលកម្ពុជាអាចរកប្រភពចំណូលមួយទៀត ហើយជំរុញសេដ្ឋកិច្ចកម្ពុជាបានមួយកម្រិតទៀត។
លោកលើកឡើងថា៖ «ខ្ញុំសប្បាយចិត្តដោយសារតែធម្មតាពីមុនមកយើងមានមុខរបរចឹង បើថាវាជាប្រភពចំណូលមួយផ្សេងទៀត ចឹងវាអាចជំរុញឲ្យសេដ្ឋកិច្ចប្រទេសយើងវាអាចរីកចម្រើនជាងមុន។
ប៉ុន្តែលោកថា លោកសោកស្ដាយដោយសារកម្ពុជាខ្វះលក្ខណៈបច្ចេកទេស ទើបត្រូវសហការជាមួយក្រុមហ៊ុនបរទេសដើម្បីបូមយក ជាហេតុធ្វើឲ្យកម្ពុជាចំណេញបានត្រឹមតែ៥ភាគរយ។
«សម្រាប់ខ្ញុំចង់អោយព័ត៌មានហ្នឹងវាមានតម្លាភាពជាងហ្នឹងតិច ព្រោះអ្វី? បើតាមខ្ញុំស្ដាប់ការប្រកាសរបស់សម្ដេចគាត់អត់មាននិយាយ តែខ្ញុំអត់ហ៊ាននិយាយដោយសារតែខ្ញុំស្ដាប់អត់បាន full [ពេញ] អីចឹង ខ្ញុំស្ដាប់ទៅបានតែលក្ខណៈកន្លែងល្អៗចឹង ខ្ញុំអត់ដឹងថាគេបាន៩៥% យើងបានតែ៥%»។
កញ្ញា ផុល លីដា និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា ការទទួលបានតំណក់ប្រេងដំបូងនេះអាចនឹងជួយជីវភាពប្រជាពលរដ្ឋមួយផ្នែកដោយសារតែបច្ចុប្បន្នកំពុងជួបវិបត្តិកូវីដ១៩។
កញ្ញាលើកឡើងថា៖ «នៅពេលដែលឮថាខ្មែរទទួលបានដំណក់ប្រេងកាត ហើយគិតថាជីវភាពប្រជាជនយើងនឹងល្អប្រសើរជាងមុនចឹងទៅ ដោយសារតែដូចដឹងស្រាប់ហើយថាប្រទេសយើងកំពុងតែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដោយសារកូវីដចឹង នៅពេលដែលដឹងថាទទួលបានដំណក់ប្រេងគិតថាអស្ចារ្យខ្លាំងណាស់ វាជាផ្នែកមួយជួយដល់សេដ្ឋកិច្ចប្រជាជនឲ្យប្រសើរឡើងជាងមុនចឹងទៅ»។
កញ្ញាបន្តថា៖ «តែទាក់ទងនឹងការដែលយើងទទួលបានដំណក់ប្រេង៥% វារាងមិនស្មើគ្នាមែនទែន ដោយសារហេតុអី យើងជាម្ចាស់ប្រទេសហើយយើងបានតិចចឹងវាដូចអត់សមហ្មង បើមិនបានអីក៏បានស្មើភាពគ្នាដែរ ព្រោះអីធម្មតាចូលហ៊ុនគ្នាយើងត្រូវតែមានការចុះកុងត្រាអីត្រឹមត្រូវ បែងចែកថាត្រូវចែកគ្នាប៉ុន្មានភាគរយឲ្យវាសមាមាត្រចឹងណា។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលគាត់ត្រឡប់ទៅមើលចំណុចនឹងឡើងវិញថា ធ្វើម៉េចឲ្យវាស្មើភាពគ្នាចឹង ព្រោះអីខ្ញុំគិតថាមិនមែនមានតែខ្ញុំដែលអត់សប្បាយចិត្ត នៅពេលដែលឮថាបានតែ៥%ចឹង ព្រោះអី១០០%គេបានទាល់តែ៩៥ហើយចឹងបានតែ៥% គឺតិចខ្លាំងមែនទែន »។
លោក ឃឿន កំសត់ និស្សិតវិទ្យាស្ថានជាតិសង្គមកិច្ចយល់ថា វាជារឿងល្អមួយដែលយើងអាចផលិតប្រេងបាន ប៉ុន្តែវាអាស្រ័យទៅលើកម្រិតនៃការបែងចែកថាមានតម្លាភាពកម្រិតណា។ លោកក៏មានការព្រួយបារម្ភ ដោយសារតែធនធាន មនុស្សកម្ពុជានៅមានកម្រិតដែលភាគច្រើនទៅពឹងផ្អែកទៅលើអ្នកដទៃ។
លោកលើកឡើងថា៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលមានជាកញ្ចប់ថវិកាមួយសម្រាប់អ្នកជំនាន់ក្រោយ ឬធ្វើអ្វីមួយឲ្យរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយអោយបានឃើញដែរ ព្រោះអីធនធាននេះជាធនធានសម្រាប់អ្នកជំនាន់ក្រោយដូចគ្នា ខ្ញុំចង់ឲ្យរដ្ឋាភិបាលបែងចែកបង្កើតនូវតម្លាភាព តុល្យភាព ក៏ដូចជាគណនេយ្យភាពដើម្បីឲ្យមានភាពស្មើគ្នានៅក្នុងសង្គមចឹង»៕