លោក​នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន ​ប្រកាស​ពី​ការ​ទទួល​បាន​តំណក់​ប្រេង​ដំបូង កាលពី​ថ្ងៃ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោក​បញ្ជាក់​ថា  នេះជា​ការចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេង​​​​កាត ឧស្ម័ន និង​​ថាមពល​នៅកម្ពុជា។ លោក​បន្ថែម​ថា​ ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍​វិស័យអប់រំ និង​សុខាភិបាល។

យោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ រដ្ឋាភិបាល​កម្ពុជា​មាន​ភាគហ៊ុន​​​​៥% ​ក្នុង​​ការ​បណ្តា​ក់​​ទុន​​ជាមួយ​ក្រុមហ៊ុន KrisEnergy និង​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រមាណ​ជា​៥០០​លាន​ដុល្លារ ជាថ្លៃព​ន្ធ និង​ផ្សេងៗ។

Newsroom Cambodia បាន​សម្ភាសន៍​ពលរដ្ឋ​មួយ​ចំនួន​អំពី​ការ​យល់​ឃើញ​របស់​ពួកគេ​ទៅ​លើ​តំណក់​ប្រេង​ដំបូង​នេះ៖

លោក នាវ ចន្ថា​ អាយុ​២៩ឆ្នាំ ជាបុគ្គលិកនៅធនាគារកាណាឌីយ៉ា​បាននិយាយថា ​លោក​ត្រេក​អរដែល​កម្ពុជា​ទទួលបានតំណក់ប្រេងដ៏មានតម្លៃដំបូងបំផុត។ លោក​ថា ប្រសិន​បើ​​រដ្ឋា​ភិបាល​បង្កើតឲ្យមានរោងចក្រដើម្បីចម្រាញ់ផ្សេងៗ សេដ្ឋកិច្ច​កម្ពុជា​នឹង​ខ្លាំងក្លា ហើយ​អាច​ជួយ​ឲ្យ​វិស័យ​ធំៗ​នៅ​កម្ពុជារីកចម្រើនបាន។

លោក នាវ ចន្ថា

លោកលើកឡើងដូច្នេះថា៖ «បើសិនជារដ្ឋា​ភិបាល​រកឃើញប្រេងហ្នឹង គាត់​បង្កើ​ត​ឲ្យ​មាន​រោ​ងចក្រ ចឹងមានន័យថាចំពោះសេដ្ឋកិច្ចរីកចម្រើនខ្លាំងជួយដល់ពីរវិស័យ ធំៗនៅក្នុងប្រទេស​យើង ទីមួយគឺវិស័យអប់រំ ទីពីរគឺវិស័យសុខាភិបាល។

លោកបានបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលរកឃើញប្រេងហើយ​គាត់មិនបង្កើតឲ្យមានរោងចក្រ​នៅ​ក្នុង​ប្រទេស​យើងទេ បាន​ន័​យ​ថា យើងមានតែធនធានទេ តែយើង​ខ្វះ​សមត្ថភាព​ក្នុង​ការ​ផលិត។ ចឹងបានន័យថាកន្លែងនេះគឺជា ​ចំណុចមួយដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង ប្រេង​នៅ​តែ​បន្តកើនឡើងដដែល»។

កញ្ញា កែវ ស្រីលាំង អាយុ២១ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច​យល់​ថា​ វាជា​ដំណឹងល្អដែលប្រទេសកម្ពុជាអាចផលិតប្រេងដោយខ្លួនឯង ហើយ​អាចនឹងនាំចេញ​ទៅបរទេ​សនា​ពេលអនាគត។  

កញ្ញាលើកឡើងថា៖ «វាអាចជាដំណឹងល្អដែរដោយសារតែយើងអាចរក​បានអ្វី​ដែលជា​របស់​ខ្លួន​​យើងផ្ទាល់ យើងអាច​ផលិត និង​ចែ​ក​ចាយនៅក្នុងប្រទេសរបស់យើង រឿង​មួយ​ទៀត​គឺ​យើង​អាច​ចែកចាយទៅក្រៅប្រទេស អាហ្នឹងរឿងថ្ងៃ​មុខ»។

កញ្ញាក៏មានការព្រួយបារម្ភថា អាចនឹងមានអំពើពុករលួយដោយសារកម្ពុជា​​ជាប្រទេសកំ​ពុង​អភិវឌ្ឍន៍​។

កញ្ញាលើកឡើងថា៖ «​ប្រទេសរបស់យើង គឺប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសក្រីក្រនៅឡើយ អញ្ចឹងវាក៏អាចមានអំពើពុក រលួយ​មួយចំនួនជាទិដ្ឋភាពទូទៅ ប្រទេសណា​ឲ្យ​តែ​ជា​ប្រទេស​ក្រីក្រ​វា​តែងតែ​មានហើយអំពើពុករលួយ។ ពេលដែល​យើងយកប្រេង​មក​ពីគេ គឺមានតម្លៃថ្លៃ វាអាច​នឹងមានចុះដែរប៉ុន្តែចុះទៅតាមស្ថានភាព ចឹងពេលដែលយើងមានប្រេងខ្លួនឯង ហើយ​សំណូម​ពរ​​ឲ្យគាត់​បន្ថយនូវតម្លៃប្រេងឲ្យវាចុះថោកជាងមុន​»។

កញ្ញា កែវ ស្រីលាំង

កញ្ញា ង៉ឹល ហេន អាយុ​២០ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ សាទរចំពោះការទទួលបានប្រេង​ដំបូងដែល​ប្រទេសយើងមិន​ចាំបាច់​នាំចូល​ពី​បរទេស។ យ៉ាង​ណា​ក្តី កញ្ញា​នៅ​ចង់​ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ចំណូល​លើ​​ការ​បូម​ប្រេង​ទាំង​នោះ។​

កញ្ញាលើកឡើងថា៖ «យើងបានតំណក់ប្រេងមកហើយ ប៉ុន្តែយើងអត់ទាន់ដឹងទេថាតើក្នុង១ខែ ១ឆ្នាំយើងទទួលបានប្រេងប៉ុន្មាន ហើយប្រេង​ហ្នឹង​តើ​យើង​នឹង​យក​ទៅ​ប្រើប្រាស់​ទៅ​លើ​អ្វីខ្លះ ក៏ដូចជាសញ្ញាណផ្សេងៗគឺយើងអត់ទាន់ដឹងទេ រាជ រដ្ឋា​ភិបាល​អត់ទាន់បង្ហាញឲ្យយើងដឹងថា តើប្រេងហ្នឹងអា​ចទទួលចំណូលប៉ុន្មានពីប្រេង ប្រជាជនទទួលបានអ្វីខ្លះគឺ  យើង​អត់ទាន់​ដឹង​ទេ។ កាល​ណាយើងទាញផលប្រយោជន៍អត់បានគិតពីបរិស្ថាន វាអាចនឹងមានផលប៉ះពាល់ ហើយ  ​ការប្រើប្រាស់ប្រេងហ្នឹងដោយអត់មានតម្លាភាព»។

កញ្ញា ង៉ឹល ហេន

លោក ទឺ រតនា អាយុ២៩ឆ្នាំ អ្នកធ្វើវីដេអូបាន​និយាយថា លោក​សប្បាយចិត្ត​ដែល​កម្ពុជា​អាច​មាន​តំណក់​ប្រេង​ដំបូង​បំផុតដែលរង់ចាំអស់ជាយូរមកហើយ។

លោកលើកឡើងថា៖ «​ខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្ត ហើយមួយទៀត​គឺ​យើង​ត្រេក​អរ​សម្រាប់​ប្រទេសកម្ពុជា របស់​យើង​ដែល​យើងអាចមានសមត្ថភាព​ផលិត​ប្រេង​ដោយ​ខ្លួន​ឯង​បាន ហើយ​វា​ក៏​ជា​លើក​ទី១​ដែរ»​។

លោក ទឺ រតនា

លោក ឈឹម អូន អាយុ២៥ អ្នកធ្វើការនៅអង្គការ​អភិវឌ្ឍ​ធនធានយុវជន​បាន​ប្រាប់​ថា លោក​សប្បាយ​ចិត្ត​ដែលកម្ពុជាអាច​រកប្រភព​​ចំណូល​មួយទៀត ហើយ​ជំរុញសេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​កម្រិតទៀត។

លោកលើកឡើងថា៖ «ខ្ញុំសប្បាយចិត្ត​ដោយសារតែ​ធម្មតាពីមុនមកយើងមានមុខរបរចឹង បើថា​វា​ជា​ប្រភព​​ចំណូល​មួយផ្សេងទៀត ចឹង​វាអាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​យើង​វា​អាច​រីក​ចម្រើន​ជា​ង​មុន។

ប៉ុន្តែ​លោក​ថា លោក​​សោកស្ដាយ​ដោយសារ​កម្ពុជា​ខ្វះលក្ខណៈបច្ចេកទេស ទើប​ត្រូវ​សហការ​ជាមួយ​ក្រុម​ហ៊ុន​បរទេស​ដើម្បី​បូម​យក ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​បាន​ត្រឹម​តែ​៥​ភាគ​រយ។

«សម្រាប់ខ្ញុំចង់អោយព័ត៌មានហ្នឹងវាមានតម្លាភាពជាងហ្នឹងតិច‍‍ ព្រោះអ្វី? បើតាម​ខ្ញុំស្ដាប់​ការប្រ​កាស​​របស់​សម្ដេច​គាត់អត់មាននិយាយ តែខ្ញុំអត់ហ៊ាននិយាយដោយសារតែខ្ញុំស្ដាប់អត់បាន​ full [ពេញ] អីចឹង ខ្ញុំស្ដាប់ទៅបានតែលក្ខណៈកន្លែងល្អៗចឹង ខ្ញុំអត់ដឹងថាគេបាន៩៥% យើង​បាន​តែ​៥%»។

កញ្ញា ផុល លីដា និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​ថា ការទទួល​បាន​តំណក់​​ប្រេង​ដំបូង​នេះ​អាច​នឹង​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​មួយផ្នែក​ដោយសារ​​តែ​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​កូវីដ​១៩។

កញ្ញាលើកឡើងថា៖ «នៅពេលដែលឮថាខ្មែរទទួលបានដំណក់ប្រេងកាត ហើយគិតថា​ជីវភាព​ប្រជាជន​យើងនឹងល្អ​ប្រសើរជាងមុនចឹងទៅ ដោយសារតែដូចដឹងស្រាប់ហើយថាប្រទេសយើ​ងកំពុងតែ​ជួបបញ្ហាវិបត្តិសេដ្ឋកិច្ច​ដោយសារ​កូវីដចឹង នៅពេល​ដែល​ដឹងថា​ទទួល​បាន​ដំណក់​ប្រេង​គិ​តថា​អស្ចារ្យខ្លាំងណាស់ វាជាផ្នែកមួយ​ជួយដល់​សេដ្ឋកិច្ច​ប្រជាជន​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​ចឹង​ទៅ»។

កញ្ញាបន្តថា៖ «តែទាក់ទងនឹងការដែលយើងទទួលបានដំណក់ប្រេង៥% វារាង​មិន​ស្មើគ្នា​មែន​ទែន ដោយសារហេតុអី យើងជាម្ចាស់ប្រទេសហើយយើងបានតិចចឹងវាដូចអត់សមហ្មង បើ​មិន​បាន​អីក៏បានស្មើភាពគ្នាដែរ ព្រោះអីធម្មតា​ចូល​ហ៊ុនគ្នា​យើងត្រូវតែ​មាន​ការចុះកុងត្រា​អី​ត្រឹម​ត្រូវ បែងចែក​ថា​ត្រូវ​ចែកគ្នាប៉ុន្មានភាគរយឲ្យវាសមាមាត្រចឹងណា។ ខ្ញុំ​ចង់ឲ្យ​រដ្ឋា​ភិបាល​គាត់ត្រឡប់ទៅមើលចំណុចនឹងឡើងវិញថា ធ្វើម៉េចឲ្យវាស្មើភាពគ្នាចឹង ព្រោះអីខ្ញុំគិត​ថា​មិន​មែន​​មានតែខ្ញុំដែលអត់សប្បាយចិត្ត នៅពេលដែល​ឮថាបានតែ៥%ចឹង ព្រោះអី១០០%​គេ​បាន​ទាល់តែ​៩៥​ហើយចឹង​បាន​តែ​៥% គឺតិចខ្លាំងមែនទែន »។

លោក ឃឿន កំសត់ និស្សិតវិទ្យាស្ថានជាតិ​សង្គមកិច្ច​យល់ថា វា​ជារឿង​ល្អ​មួយ​ដែល​យើង​អាច​ផលិត​ប្រេង​បាន ប៉ុន្តែវា​អាស្រ័យទៅលើកម្រិតនៃការបែងចែកថាមានតម្លាភាពកម្រិតណា។ លោក​ក៏​មាន​ការព្រួយ​បារម្ភ ដោយសារតែធនធាន មនុស្សកម្ពុជា​​នៅ​មាន​កម្រិត​ដែល​ភាគច្រើន​ទៅ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដទៃ។

លោកលើកឡើងថា៖ «ខ្ញុំចង់ឲ្យ​រដ្ឋាភិបាលមានជាកញ្ចប់ថវិកា​មួយសម្រាប់អ្នក​ជំនាន់​ក្រោយ ឬ​ធ្វើអ្វី​មួយ​ឲ្យ​រីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយអោយបានឃើញដែរ​​ ព្រោះអីធនធាននេះ​ជា​ធនធាន​​សម្រាប់អ្នកជំនាន់ក្រោយដូចគ្នា ខ្ញុំចង់ឲ្យរដ្ឋាភិបាលបែងចែកបង្កើតនូវតម្លាភាព តុល្យ​ភាព ក៏​ដូចជា​គណនេយ្យភាព​ដើម្បីឲ្យមានភាពស្មើគ្នានៅក្នុងសង្គមចឹង»៕​