មូលនិធិ Clooney ដើម្បីយុត្តិធម៌ (CFJ) នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យកម្ពុជាធានាថាការកាត់ក្ដីលើ មេធាវីផ្នែកសិទ្ធិមនុស្សជនជាតិខ្មែរអាមេរិកាំង គឺកញ្ញា សេង ធារី ប្រកបដោយការគោរពសិទ្ធិ និងយុត្តិធម៌។
កញ្ញា សេង ធារី គឺជាមេធាវីមួយរូប ដែលមានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើននាក់ផ្សេងទៀតនាក់ ដែលត្រូវបានកោះហៅឲ្យចូលទៅបំភ្លឺនៅតុលាការភ្នំពេញ ពីបទរួមគំនិតក្បត់និងញុះញង់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិដើម្បីយុត្តិធម៌ (The Clooney foundation for justice) ចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះបញ្ជាក់ថា អង្គការដែលជាដៃគូរបស់ខ្លួន គឺមជ្ឈមណ្ឌលច្បាប់របស់អាមេរិកសម្រាប់សិទ្ធិមនុស្ស (American Bar Association Center for Human Rights) នឹងឃ្លាំមើលដំណើរការកាត់ក្ដីទៅលើ កញ្ញា សេង ធារី ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា អ្នកស្រី សេង ធារីធ្លាប់ជាអ្នករិះគន់ឥតឈប់ឈរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយកញ្ញា រួមទាំងមនុស្ស៤០ នាក់ផ្សេងទៀតត្រូវបានចោទពីបទសមគំនិតក្នុងការក្បត់ជាតិ និងញុះញង់ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១២ឆ្នាំ។
នៅក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «ខាងអាជ្ញាធរនូវមិនទាន់ប្រាប់ព័ត៌មានលម្អិតពីការចោទប្រកាន់កញ្ញាច្បាស់លាស់នៅឡើយទេ ប៉ុន្តែការចោទប្រកាន់អាចផ្អែកលើថា កញ្ញា សេង ធារី មានទំនាក់ទំនងជាមួយមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលជាជនជាប់ចោទម្នាក់របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលកន្លងទៅ»។
ក្នុងលិខិតដដែលនេះក៏បានស្រង់សម្ដីរបស់កញ្ញា សេង ធាវី ដែលថា៖ «កញ្ញាគ្មានសម្ព័ន្ធភាពជាមួយគណបក្សសង្គ្រោះជាតិដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ»។
ការជំនុំជម្រះការចោទប្រកាន់លើកញ្ញា សេង ធារី ធ្វើឡើងម្ដងទៀតចំពេលមានការបង្រ្កាបថ្មីលើអ្នកដែលជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិ។
មូលនិធិ Clooney ដើម្បីយុត្តិធម៌ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ច្បាប់ញុះញង់របស់កម្ពុជាត្រូវតែត្រូវបានលុបចោល ឬធ្វើកំណែទម្រង់។ មូលនិធិ Clooney ដើម្បីយុត្តិធម៌ក៏អំពាវនាវឱ្យប្រទេសកម្ពុជាធានាថា រាល់ការកាត់ក្តីណាមួយលើកញ្ញា សេង ធារី ត្រូវគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសេរីភាពក្នុងការបញ្ចេញមតិ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ថាកំពុងជាប់ប្រជុំ។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តុលាការបានកោះហៅមនុស្សមួយក្រុមដាក់ក្នុងបញ្ជីរួមមានចំនួន៤៦នាក់ ក្នុងនោះមានកញ្ញា សេង ធារី ផង ឲ្យចូលទៅសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ហើយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ គឺជាការកោះហៅឲ្យចូលសវនាការជាលើកទី២៕