មូលនិធិ Clooney ដើម្បីយុត្តិធម៌ (CFJ)​  នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អំពាវ​នាវ​ឲ្យ​​កម្ពុជា​ធានាថា​​ការកាត់ក្ដី​លើ​ ​មេធាវី​ផ្នែក​​សិទ្ធិ​មនុស្សជនជាតិ​ខ្មែរ​អាមេរិកាំង គឺ​កញ្ញា​ សេង ធារី​​ ​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ និង​យុត្តិធម៌​​។​

កញ្ញា​ ​សេង​ ​ធារី​ ​គឺជាមេធាវី​មួយ​រូប ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​មន្ត្រី​ ​និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​​ជាច្រើន​នាក់​ផ្សេងទៀត​​​​នាក់​ ​ដែល​ត្រូវបាន​​កោះហៅ​ឲ្យ​​​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ភ្នំពេញ​ ពី​​បទ​រួមគំនិតក្បត់​​និង​ញុះញង់​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​មូលនិធិដើម្បីយុត្តិធម៌ (The Clooney foundation for justice) ចេញ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១​នេះ​បញ្ជាក់ថា អង្គការ​ដែល​ជា​ដៃគូ​រប​ស់ខ្លួន គឺមជ្ឈមណ្ឌល​ច្បាប់​របស់​អាមេរិក​សម្រាប់សិទ្ធិមនុស្ស (American Bar Association Center for Human Rights) នឹងឃ្លាំមើល​ដំណើរការ​កាត់ក្ដីទៅលើ កញ្ញា​ សេង ធារី ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២១​​នេះ។​

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាននោះ​បន្ថែមថា អ្នកស្រី សេង ធារីធ្លាប់ជាអ្នករិះគន់ឥតឈប់​ឈរ​ចំពោះ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយកញ្ញា​ រួមទាំងមនុស្ស៤០ នាក់ផ្សេងទៀត​ត្រូវ​បាន​​ចោទ​ពី​បទ​សមគំនិតក្នុងការក្បត់ជាតិ និងញុះញង់​ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១២​ឆ្នាំ។​

នៅក្នុងសេចក្ដីប្រកាសនោះ​បញ្ជាក់​ថា៖ «ខាងអាជ្ញាធរនូវមិនទាន់ប្រាប់ព័ត៌​មាន​លម្អិត​ពី​ការចោទ​ប្រកាន់​កញ្ញា​ច្បាស់លាស់នៅ​ឡើយ​ទេ ប៉ុន្តែការចោទប្រកាន់អាចផ្អែកលើ​ថា កញ្ញា​ សេង​ ធារី មាន​​​ទំនាក់ទំនងជាមួយមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​របស់​គណ​បក្សសង្គ្រោះជាតិ​ដែល​ត្រូវបានរំលាយចោលកាលកន្លងទៅ»។

ក្នុងលិខិតដដែលនេះក៏បានស្រង់​​សម្ដី​របស់​កញ្ញា សេង ធាវី ​ដែលថា៖ «​​កញ្ញា​គ្មាន​សម្ព័ន្ធភាព​ជាមួយ​​គណ​បក្សសង្គ្រោះជាតិដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ»។

ការជំនុំជម្រះ​​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​ សេង ធារី ធ្វើឡើងម្ដងទៀតចំពេលមានការបង្រ្កាប​ថ្មី​លើ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធនឹង​គណ​បក្សសង្រ្គោះជាតិ។

មូលនិធិ Clooney ដើម្បីយុត្តិធម៌ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «ច្បាប់​ញុះញង់​របស់​កម្ពុជា​ត្រូវ​តែ​ត្រូវ​បាន​លុប​ចោល ឬធ្វើកំណែទម្រង់។ មូលនិធិ Clooney ដើម្បីយុត្តិធម៌​ក៏​អំពាវ​នាវ​ឱ្យ​ប្រទេសកម្ពុជា​ធានាថា រាល់​ការកាត់ក្តី​ណា​មួយ​លើ​កញ្ញា​​ សេង ធារី ត្រូវ​គោរព​សិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយយុត្តិធម៌ និងសេរីភាពក្នុងការបញ្ចេញមតិ»។

Newsroom Cambodia មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។

ចំណែក​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រាប់​ថា​​កំពុង​ជាប់​​ប្រជុំ។

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២០ តុលាការ​បាន​កោះហៅ​មនុស្ស​មួយ​ក្រុម​ដាក់​ក្នុង​បញ្ជី​រួមមាន​ចំនួន​៤៦​នាក់ ក្នុង​​នោះ​មាន​កញ្ញា សេង ធារី ផង ឲ្យ​ចូល​​​​​ទៅ​សវនាការ​នៅ​ថ្ងៃ​​​​​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ហើយ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២១​នេះ គឺ​ជា​ការ​កោះ​ហៅ​ឲ្យ​ចូល​សវនាការ​ជាលើកទី​២៕