យុទ្ធនាការបន្ទាប់បើកបវេសនកាលថ្មីក្រោមប្រធានបទ «ការពារខ្លួនថ្ងៃនេះ កុំចាំថ្ងៃស្អែក» បានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តកុមារឲ្យចូលរៀនវិញ ហើយនៅតែប្រកាន់ភ្ជាប់ការអនុវត្ត​​ឥរិយាបថសុវត្ថិភាព ​ដើម្បីបង្ការ​ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យុទ្ធនាការថ្មី​របស់​ក្រសួងអប់រំ យុវជន និងកីឡានេះ មានការគាំទ្រពីអង្គការយូនីសេហ្វ និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ក៏មានគោលដៅផ្សព្វផ្សាយព័ត៌មានទៅ​ដល់គ្រួសារ និងកុមារ​ត្រឡប់មក​សិក្សាវិញ បើទោះជាមានជួបការលំបាកបែបណាក៏ដោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការ​ថ្មីគឺដើម្បីពង្រឹងឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ១៩ និងមានសារផ្សព្វផ្សាយជាច្រើនទៀតដើម្បី​ឲ្យសាលារៀនមានបរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។

សារអប់រំទាំងនេះ​រួមមានវីដេអូ ផ្ទាំងរូបភាព ស្ពតវិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិតសម្រាប់ផ្សព្វផ្សាយនៅទូទាំងប្រទេស​ ហើយសម្ភារៈផ្សព្វផ្សាយក៏មានបោះពុម្ពផ្សាយជាខិតប័ណ្ណ និងប្រភេទល្បែងកម្សាន្តជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។

លើសពីនេះក៏មានការផលិតជា​សៀវភៅណែនាំជារូបភាពសម្រាប់គ្រូ នាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព បញ្ជីត្រួតពិនិត្យ និង​ដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀនជាង១៦៥,០០០ សាលា។

លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖   «អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតជាសកលកូវីដ១៩ គឺការពារសុវត្ថិភាពកុមារ រូមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឲ្យពួកគេនៅតែទទួលបានការអប់រំ។ ឥឡូវនេះ ឆនាំសិក្សាថ្មីបានចាប់ផ្តើម ហើយយើងចង់បញ្ជាក់ពីសាររបស់យើងឲ្យច្បាស់ថា យើងចង់ឲ្យកុមារវិលត្រលប់ចូលសាលារៀនវិញ និងចង់ឲ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងនេះ»។

លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។

«ខណៈដែលការរៀនសូត្រតាមអនឡាញ ត្រូវបានដាក់ឲ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីឡា វានៅតែមិនអាចជំនួសឲ្យការបង្រៀននៅក្នុងថ្នាក់បានឡើយ​ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ»។

​លោកស្រីបានបញ្ចប់មតិខ្លួនថា៖ «ការអប់រំគឺជាសិទ្ធិជាមូលដ្ឋាន និងចាំបាច់ដើម្បី​ធានាឲ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន»។

លោកស្រី ហ្វ័ររូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានលើកឡើងថា កុមារកម្ពុជាទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បានខកខានពុំបានរៀនសូត្រនោះឡើយ។

«ខណៈពេលដែលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគូរជាថ្មីអំពីពិភពលោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការរួមគ្នា ដើម្បីឲ្យសាលារៀនមានសុវត្ថិភាពតាមដែលធ្វើទៅបាន និងត្រូវបញ្ចៀសកុំឲ្យមានវិបត្តិការអប់រំ»៕