សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមថានឹងសម្រេចបន្តស្រាវជ្រាវឡើងវិញលើករណីបាក់រលំអគារកម្ពស់៧ជាន់មួយនៅខេត្តកែបកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន៣៦នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលជនរងគ្រោះនៅតែបន្តរង់ចាំទទួលយុត្តិធម៌នៅឡើយ។
លោក សួ ឆ្លូញ អនុប្រធានទី១ នៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា តុលាការបានប្រកាសឲ្យស៊ើបឡើងវិញ ហើយលោកថា ករណីនេះហាក់ដូចជាមានភាពបិទបាំង ឬក៏អាថ៌កំបាំងអ្វីនៅពីក្រោយ។
លោកបាននិយាយថា៖ «សម្រាប់សាលក្រមពីព្រឹកមិញហ្នឹង យើងមើលឃើញថាមិនទាន់មានការសើរើសាវនាការបែបឲ្យមានជាលក្ខណៈទូលំទូលាយនៅឡើយទេ យើងមើលទៅហាក់ដូចជារាងមានភាពបិទបាំង ឬក៏អាថ៌កំបាំងអីពីក្រោយ យើងមិនដឹងទេ»។
«សម្រាប់សាលក្រមនេះ អ្វីដែលតុលាការប្រកាសនេះគឺដូចឲ្យស្រាវជ្រាវទៅលើករណីហ្នឹងឡើងវិញចឹង ចឹងយើងមើលឃើញថា វារយៈពេលមួយឆ្នាំហើយ ចឹងវាអាចទៅជាការអូសបន្លាយពេលវេលាទៅមុខទៀត»។
គួររំលឹកថា ជនសង្ស័យពីរនាក់ ជាប្តី និងប្រពន្ធ ហើយក៏ជាម្ចាស់អគារផងដែរនោះ គឺលោកឯក សារុន និងលោកស្រី ឈីវ សុធី ត្រូវបានចោទប្រកាន់ដោយតុលាការកាលពីឆ្នាំមុន ពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាម ក៏ប៉ុន្តែពួកគាត់ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នតាំងពីពេលនោះផងដែរ។
លោក សួ ឆ្លូញ បាននិយាយបន្តថា ខាងលោកនឹងនៅតែបន្តការតាមដានករណីនេះ ការរៀបចំឯកសារ លិខិតពាក់ព័ន្ធនានាដើម្បីដាក់ទៅស្វែងរកការគាំទ្របន្ថែម និងស្នើទៅតុលាការធ្វើយ៉ាងណាពន្លឿននូវករណីបាក់រលំអគារនៅខេត្តកែបនេះ។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានទេដោយសារហៅទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
លោក អ៊ុង អឿន ជាប្តីរបស់ជនរងគ្រោះឈ្មោះ ជ័យ ភន ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រលំអគារ បានប្រាប់ Newsroom Cambodia ថា ករណីនេះកើតឡើងអស់រយៈពេលជាយូរហើយ តុលាការគួរតែពន្លឿននៅកាត់ក្តី ដើម្បីរកយុត្តិធម៌។
លោកលើកឡើងដូច្នេះថា៖ «រឿងហ្នឹងវាយូរដែរហើយ ប្រហែលមួយឆ្នាំហើយ ធ្វើម៉េចតុលាការឲ្យរហ័សឆាប់បន្តិចទៅ រយៈពេលមួយឆ្នាំដែរ រង់ចាំយូរហើយ»។
លោកបាននិយាយបន្តអំពីសុខភាពលោកថា៖ «ពិបាក ព្រោះអីខ្ញុំទៅព្យាបាលនៅវៀតណាម ៤-៥-៦ ដងដែរ ឥឡូវនៅឈឺក្បាលខ្ទោកៗ។ មិនទាន់មានការងារផង រង់ចាំតុលាការកោះហៅ ចាំមួយខែទៅមួយខែស្ងាត់ឈឹង»។
លោកបានសំណូមពរថា៖ «ខ្ញុំចង់សំណូមពរឲ្យតុលាការដោះស្រាយរឿងឲ្យបានឆាប់ពីព្រោះអីរយៈពេលយូរដែរហើយ»។
លោក យន់ ផល្លី អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត និងកែប បានប្រាប់ថាបើតុលាការ នៅចន្លោះខ្វះខាតភ័ស្តុតាង ឬឯកសារបន្ថែម តុលាការនៅតែអាចធ្វើការស្រាវជ្រាវបន្ថែម។
លោកលើកឡើងដូច្នេះថា៖ «បើតុលាការនៅមានខ្វះចន្លោះនៃឯកសារ ឬក៏ភ័ស្តុតាងណាផ្សេងៗចឹងទៅ តុលាការនៅ អាចធ្វើការស្រាវជ្រាវបន្តដើម្បីគម្រប់នីតិវិធី»។
លោកបន្តថា៖ «បើសិនជាតុលាការមានអនុសាសន៍ ឬប្រសាសន៍ចឹង បានន័យថាគាត់នឹងធ្វើការស្រាវជ្រាវបន្តដើម្បីបន្ថែមលើសំណុំរឿងហ្នឹង»៕