ក្រុមសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសិទ្ធិមនុស្ស ទទូចឱ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានចាប់ខ្លួនដោយសារការទាមទារឱ្យរដ្ឋាភិបាលការពារ «បឹងតាមោក» ឬ «បឹងកប់ស្រូវ» ក្រោយរដ្ឋាភិបាលនិរាករលើលិខិតស្នើសុំកាត់ដីបឹងមួយនេះជាបន្តបន្ទាប់។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជនបរិស្ថានបីរូប រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្រោមការចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំឱ្យបញ្ឈប់ការលុបបឹងតាមោក។