ការរំលោភបំពានផ្លូវភេទក៏អាចកើតមានឡើងលើក្មេងប្រុសផងដែរ មិនមែនតែក្មេងស្រីៗនោះទេ ក៏ប៉ុន្តែការំលោភបំពានលើក្មេងប្រុសមិនសូវមានការរាយការណ៍ និងការការពារដល់ពួកគេឡើយ។ នេះយោងតាមការលើកឡើងរបស់អង្គការជំហានដំបូងកម្ពុជា នាពេលថ្មីៗនេះ។
ដោយយោងតាមការស្រាវជ្រាវរបស់ UNICEF អង្គការជំហានដំបូងបាននិយាយនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ក្នុងឆ្នាំ២០១២ យ៉ាងហោចណាស់ ៥ភាគរយ នៃកុមារនៅកម្ពុជាបានទទួលរងការរំលោភបំពានផ្លូវភេទ ក៏ប៉ុន្តែមានតែ ៦ភាគរយនៃចំនួនកុមារាដែលត្រូវបានរំលោភបំពាននេះបានធ្វើការរាយការណ៍ បើប្រៀបធៀបទៅនឹងការរំលោភបំពានផ្លូវភេទកុមារី ដែល ៤០ភាគរយនៃករណីរំលោភបំពានត្រូវបានរាយការណ៍។
លោកប៉ូទីញ៉ាត រ៉ាហ្វាអ៊ែល ប្រធានផ្នែកអភិវឌ្ឍន៍ នៃអង្គការជំហានដំបូងកម្ពុជាបាននិយាយថា «ការរំលោភបំពានផ្លូវភេទអាចកើតមានឡើងគ្រប់ទីកន្លែង ហើយ ក្មេងប្រុសក៏ងាយនឹងរងគ្រោះដូចក្មេងស្រីដែរ។ មនុស្សជាច្រើនបានរំពឹងថាក្មេងប្រុសគឺត្រូវតែមានភាពរឹងមាំ និងក្លាហាន និងអ្នករ៉ាប់រងទំនុកបំរ៉ុងក្នុងគ្រួសារ ប៉ុន្តែនេះជាអ្វីដែលរារាំងពួកគេមិនអោយនិយាយនៅពេលដែលពួកគេរងការរំលោភបំពាន»។
មានកត្តាជាច្រើនដែលពន្យល់ពីមូលហេតុដែលកុមារាមិនទទួលបានការការពារដូចកុមារី។ តាមរយៈការសិក្សារបស់អង្គការជំហានដំបូង ឫសគល់នៃបញ្ហានេះគឺ បណ្តាលមកពីកង្វះចំណេះដឹងអំពីការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេស ការអប់រំផ្លូវភេទនៅមានកម្រិតស្តួចស្តើង អ្នកផ្តល់សេវាមានជំនាញមិនគ្រប់គ្រាន់ និងខ្វះសេវាជាក់លាក់សម្រាប់គាំទ្រកុមារា។
លោកយុង ចាន់ថាវ ប្រធានបច្ចេកទេសនៃអង្គការជំហានដំបូងបានលើកឡើងក្នុងសិក្ខាសាលាថា «ក្មេងប្រុសមិនបានទទួលបានការពិនិត្យ និងការពារ ដូចក្មេងស្រីដែលអាចធ្វើអោយពួកគេធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ ការរំលោភបំពានលើកុមារអាចរួមបញ្ចូល ការបង្ហាញកុមារអំពីការរួមភេទ និងអនុញ្ញាតឱ្យពួកគេប្រើស្មាតហ្វូនដើម្បីចូលមើលគេហទំព័រអាសអាភាស និងសម្ភារៈអាសអាភាសផងដែរ»។
មានសេវាតិចតួចបំផុតសម្រាប់ជួយគាំទ្រជនរងគ្រោះ និងកុមារប្រព្រឹត្តនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ន អង្គការជំហានដំបូងកម្ពុជា ជាអង្គការតែមួយគត់នៅប្រទេសកម្ពុជាដែលផ្តល់សេវាកម្មដល់កុមារារងគ្រោះដោយការរំលោភបំពានផ្លូវភេទ៕