រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បាននិយាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២១នេះថា កម្ពុជាបានស្នើសុំវ៉ាក់សាំងការពារជំងឺអុតក្តាមពីប្រទេសចិនដើម្បីចាក់សត្វគោបន្ទាប់ពីមានការស្លាប់រាប់ពាន់ក្បាលដោយសារជំងឺនេះកាលពីឆ្នាំ២០២០ ហើយបានវាយតម្លៃទំហំជំងឺអុតក្ដាមថាមានលក្ខណៈទ្រង់ទ្រាយធំ។

លោកវេង សាខុន បាននិយាយប្រាប់ Newsroom Cambodia ថាសត្វគោចំនួន ៤២៥២១ ក្បាលនៅទូទាំងប្រទេសកម្ពុជា បានឆ្លងជំងឺអុតក្ដាម ហើយចំនួន ៤១៧៦៤ក្បាលបានព្យាបាលជាសះស្បើយ និងគោចំនួនដែល ១០៥៧ក្បាល បានស្លាប់។

លោកវេង សាខុន បាននិយាយថានេះជាបញ្ហាប្រឈម ហើយខាងក្រសួងកសិកម្មមិនមានធនធានថវិកាគ្រប់គ្រាន់ដើម្បីទិញវ៉ាក់សាំង ដូច្នេះក៏បានស្នើសុំពីប្រទេសចិន។

«ព្រួយ​បារម្ភហើយ បានខ្ញុំស្នើសុំវ៉ាក់សាំងពីប្រទេសចិនហើយគេឱ្យមក ១០ម៉ឺនដូស ឥលូវកំពុងតែបញ្ជូនមកមិនទាន់។ ដល់ធនធានថវិកាយើង វាមានមិនគ្រប់គ្រាន់ដល់ចឹងទៅវាជួបបញ្ហាប្រឈម ប៉ុន្តែមកដល់ពេលឥលូវនេះ វាបានធូរស្បើយច្រើនហើយ»។

លោកបានរៀបរាប់បន្តថា​ បញ្ហាទឹកជំនន់ដែលបានលិចលង់កន្លងទៅនោះ វាបានបង្កបង្កើតជាជំងឺអុតក្ដាម ហើយនៅពេលដែលទឹកជំនន់វាបានឡើងលិចស្មៅ ហើយបានស្រកទៅវិញក៏បង្កបានសត្វល្អិតតូចៗ ដល់ពេលសត្វគោស៊ី ក៏កើតឆ្លងជំងឺអុតក្ដាមនេះតែម្ដង។​ លោកក៏បានវាយតម្លៃដែលថាទំហំនៃកើតជំងឺអុតក្ដាមក្នុងឆ្នាំ២០២០កន្លងទៅ គឺមានលក្ខណៈទ្រង់ទ្រាយធំ។

លោកបាននិយាយថា៖ «ភាគច្រើនពាក់ព័ន្ធនឹងអនាម័យនៅតាមជនបទ យើងមិនគិតដល់រឿងបញ្ហាគ្រប់គ្រងទេ ដល់ពេលគោឈឺហើយ ងាប់ហើយបានភ្ញាក់ផ្អើល។ រដូវវស្សាវាកើត ហើយដោយសារស្ថានភាពទឹក បូកជាមួយខ្យល់ បានកើតអុតក្ដាមនេះឯង»៕