រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងថា អ្នកទេសចរណ៍អន្តរជាតិ៨០% និងអ្នកទេសចរណ៍ជាតិ២០%បានធ្លាក់ចុះចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ មកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងបែបនេះក្នុងសិក្ខាសាលារវាងអន្តរក្រសួងមួយស្ដីពីកម្មវិធីវេទិកាអេកូទេសចរណ៍លើកទី២ កាលពីថ្ងៃទី២៧ ខែមករា ក្នុងខេត្តសៀមរាប។ លោកលោកឡើងថា ដោយសារតែវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជាធ្លាក់ចុះជាខ្លាំងគួរឲ្យកត់សម្គាល់ ដោយលោកថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសកម្ពុជាថយចុះ៨០% ។
លោកបានថ្លែងថា៖ «ស្ថិតក្នុងបរិយាការណ៍ប្រឈមខាងលើ ដែលធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ១.៣១លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ៨០%ធៀបនឹងឆ្នាំ២០១៩»។
លោកបានបន្ថែមថា បើទោះជាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមានការថយចុះខ្លាំង ប៉ុន្តែចំនួនភ្ញៀវផ្ទៃក្នុង ឬក្នុងស្រុកបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ ដោយចំនួនភ្ញៀវទេសចរក្នុងស្រុកមានប្រមាណជា៩លាននាក់ ហើយបានចុះត្រឹមតែ២០%តែប៉ុណ្ណោះ។
លោក មិន ពិសាល គ្គុទេសក៍ទេសចរណ៍ ភាសាអង់គ្លេស និងបារាំងបានប្រាប់ Newsroom Cambodia តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមករានេះថា ចាប់តាំងពីកំណើនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ
តាំងតែពីដើមខែមករា ឆ្នាំ២០២០មក លោកមានផលពិបាកយ៉ាងច្រើនដែលទាក់ទងទៅនឹងការរស់នៅ ហិរញ្ញវត្ថុ និងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោករៀបរាប់ថា៖ «ជួនកាលដល់ថ្នាក់លក់ដី លក់របស់របរដែលយើងធ្លាប់ទិញពីមុនមក គឺយើងលក់អស់ហើយដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ពីព្រោះតែឥលូវយើងអត់មានចំណូល អត់មានភ្ញៀវទេសចរ ចំណូលបាត់បង់អស់រលីង»។
វិបត្តិកូវីដ១៩បានធ្វើឱ្យសកលលោកទាំងមូលមានភាពលំបាក និងរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរហើយក៏បានធ្វើឱ្យប្រទេសកម្ពុជាក៏ត្រូវរងផលប៉ះពាលយ៉ាងទម្ងន់ផងដែរ។ ប្រជាជនត្រូវបាត់បង់ការងារដោយសារតែជំងឺផ្លូវដង្ហើមមួយនេះ ហើយក៏បានធ្វើឱ្យវិស័យស្នូលជាច្រើន ជាពិសេសវិស័យទេសចរណ៍របស់ប្រទេសម្ពុជា ត្រូវរងវិបត្តិយ៉ាងធ្ងន់ធ្ងរ៕