អណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន ១០ក្បាល ដែលជាប្រភេទអណ្តើកជិតផុតពូជបំផុត ត្រូវបានព្រលែងចូលក្នុងព្រែកស្រែអំបិលនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយក្រុមមន្រ្តីអភិរក្សជលផល និងអង្គការអភិរក្សសត្វព្រៃ។
ពិធីព្រលែងនេះធ្វើឡើងក្រោមគម្រោងគាំទ្រដោយសហភាពអឺរ៉ុប ឧទ្យានជាតិសត្វព្រៃ Rainforest Trust, US Forest Service និងSTA ហើយនេះគឺជាលើកទី៥ ក្នុងការព្រលែងអណ្តើកហ្លួងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលដែល ៤លើកមុនមានក្នុងឆ្នាំ២០១៥ ២០១៧ ២០១៩ និង២០២០ សរុបមានអណ្តើក ៩៦ក្បាល។ នេះយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បាននិយាយថាលោកមានការត្រេកអរពីការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកដែលបានសហការជាមួយគ្នានេះដើម្បីស្តារប្រភេទអណ្តើកដែលរៀបនឹងជិតបាត់បង់នេះឡើងវិញ។
លោកបានលើកឡើងដូច្នេះថា៖ «ខ្ញុំសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេសអង្គការ WCS (អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា) ដែលបាននិងកំពុងស្តារប្រភេទសត្វដែលកំពុងរងគ្រោះនេះ ឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ»។
លោកសោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ថាអណ្តើកហ្លួងទាំង១០ក្បាល ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយក ក្រោយពីវាបានញាស់នៅក្នុងសម្បុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកស្ថិតក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅកាន់មជ្ឈមណ្ឌល អភិរក្សសត្វល្មូនកោះកុងដើម្បីចិញ្ចឹមឲ្យធំមុននឹងលែងចូលទៅក្នុងធម្មជាតិវិញ។
លោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកស្រីមានការអបអរសាទរ ដែលមានការសហការគ្នាក្នុងការការពារ និងអភិរក្សអណ្តើកហ្លួង។
លោកស្រីលើកឡើងដូច្នេះថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្តើកហ្លួងទាំងនេះ»។
បណ្ឌិតសុនចា ឡូហ្ស នាយកឧទ្យានសត្វព្រៃ WRS បានលើកឡើងថាវាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកគាត់ ដោយបានឃើញគម្រោងនេះ សម្រេចបានលទ្ធផលល្អចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះជាក់ស្តែងអណ្តើកហ្លួងជិត១០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។
«យើងខ្ញុំប្តេជ្ញាបន្តធ្វើការជាមួយដៃគូរជាច្រើនទៀតដើម្បីការពារប្រភេទអណ្តើកដែលកំពុងទទួលរងការគម្រាមកំហែងជិតផុតពូជនេះនៅក្នុងតំបន់ដូចជាប្រភេទអណ្តើកហ្លួងរបស់កម្ពុជានេះជាដើម»។
លោកកែន សេរីរដ្ឋា នាយកអង្គការ WCS បាននិយាយថា «កម្មវិធីការពារសំបុកអណ្តើកដើរតួនាទីដ៏សំខាន់ក្នុងការ ការពារប្រភេទសត្វអណ្តើកដ៏កម្រ និងជិតផុតពូជទាំងនេះ តាមរយៈការលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាសហគមន៍ មូលដ្ឋានក្នុងការការពារ និងថែរក្សាសំបុកអណ្តើករហូតដល់ពេលកូនអណ្តើកញាស់ចេញដោយជោគជ័យ»៕