វិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចរបស់ប្រទេស អាចត្រូវការពេលវេលាប្រមាណជា ២ ទៅ៣ឆ្នាំទៀត ទើបអាចវិលត្រឡប់មកស្ថានភាពដូចដើម បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានបាត់បង់ការងារ និងចំណូលក៏បាត់បង់ ដោយសារតែរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺកូវីដ ១៩។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ បានសរសេរថាវិស័យសេវាកម្ម ឬវិស័យទេសចរណ៍នេះតែម្ដងនឹងមានកំណើនអត្រាទាបត្រឹមតែ ៣,៦% ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១នេះ ហើយប្រសិនបើប្រៀបធៀបនឹងកំណើនអត្រាអវិជ្ជមានត្រឹម - ៣,០% ក្នុងឆ្នាំ២០២០។
ខ្លឹមសារដដែលនេះក៏បានសរសេរបន្ថែមដែរថាសម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន កំណើនវិជ្ជមានត្រូវបានរំពឹងថានឹងមានឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាបតែប៉ុណ្ណោះ ដោយសារធ្លាក់ការចុះលទ្ធភាពក្នុងការធ្វើដំណើរកំសាន្ត ហើយសម្រាប់វិស័យនេះ ទាំងមូលក៏ត្រូវការពេលវេលារហូត ២ ទៅ៣ឆ្នាំទើបអាចងើបទៅរកស្ថានការណ៍ដូចកាលមុន មិនទាន់មានជំងឺកូវីដបានឡើងវិញ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១នោះក៏បានសរសេរបន្ថែមដែរថាកម្ពុជាអាចប្រឈមនឹងការប្រកួតប្រជែងខ្ពស់ដោយសារគ្រប់បណ្ដារប្រទេសដែលជាគោលដៅទេសចរណ៍ដទៃទៀតគេ ក៏មានវិធានការដើម្បីត្រៀមខ្លួនក្នុងស្រូបទាញភ្ញៀវទេសចរបន្ទាប់ពីស្ថានភាពនៃជំងឺកូវីដបានធូរស្រាលផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ក៏បាននិយាយផងដែរថា វិស័យកសិកម្មក្នុងឆ្នាំនេះត្រូវបានធ្វើការប៉ានស្មានបានថានឹងអាចមានអត្រាកំណើនរហូតដល់ ១,៦% នៅក្នុងឆ្នាំ២០២១នេះ ពីកំណើន ០,៩% ក្នុងឆ្នាំ២០២០កន្លងទៅនេះក៏ដោយសារមានកំណើននៃការដំាដំណាំ ចិញ្ជឹមសត្វ និងនេសាទ។
ទន្ទឹមនេះនៅក្នុងខ្លឹមសារសង្ខេបមួយនេះក៏បានលើកសរសេរឡើងថាវិស័យដំណាំត្រូវបានព្យាករណ៍ដែលថាអាចនឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២០ នេះក៏ដោយសារកំណើនផលិតខាងកសិកម្ម និងស្របពេលថ្លៃ និងមានតំរូវការខាងក្រៅច្រើន៕