(សៀមរាប)៖ នារីៗពិការជាង១០នាក់កំពុងនៅលើរទេះដោយដៃម្ខាងបង្វិលកង់រទេះឱ្យទៅមុខ និងដៃម្ខាងទៀតត្រែះបាល់ដើម្បីបោះឱ្យគ្នាទៅវិញទៅមក។ សមាជិកនៃក្រុមបាល់បោះជនពិការនារីដែលមានឈ្មោះថា Siem Reap Eagle ទាំងនេះ កំពុងហាត់សមលេងបាល់បោះយ៉ាងស្វាហាប់។
ក្នុងសម្លៀកបំពាក់កីឡាអមដោយទឹកមុខស្រស់ស្រាយ កញ្ញា ប៊ិស គន្ធា សមាជិកក្រុមបាល់បោះនារីពិការ «Siem Reap Eagle» លើកឡើងថា ការចូលហាត់បាល់បោះបានជួយឲ្យមានកាយសម្បទាមាំមួន និងជាឱកាសមួយដែលកញ្ញាបានជួបអ្នកដទៃ និងបង្កើនមិត្តភាព។
កញ្ញាបានថ្លែងថា៖ «ពេលទៅហាត់យើងក៏អាចបានជួបមិត្តភក្ដិ បានឃើញគេឃើញឯងកុំឲ្យនៅតែផ្ទះ ហើយក្រែងលោវាជួយឲ្យមានសុខភាពល្អ យើងរុញរទេះទៅនេះទៅនោះចឹងទៅ ឲ្យវាយឺតសរសៃរជាជាងយើងនៅមួយកន្លែងអត់ធ្វើអីដែរ»។
កញ្ញា ប៊ិស គន្ធា មានជំងឺគ្រុនស្វិតជើងតាំងពីរៀននៅថ្នាក់ទី៣មកម្លេះ ឯដៃទាំងសងខាងវិញក៏មានសភាពទន់ខ្សោយ មិនអាចប្រើកម្លាំងបានដូចគេនោះទេ។ កញ្ញាមានការលំបាកក្នុងការបំលាស់ទី ដោយតម្រូវឲ្យមានគេចាំជួយជានិច្ច។ កញ្ញាបានឲ្យដឹងថាពីដំបូងកញ្ញាស្ទាក់ស្ទើរ មុននឹងសម្រេចចិត្តចូលហាត់ ដោយសារកត្តាកាយសម្បទារផង និងកត្តាជីវភាពផង។
កញ្ញានិយាយថា៖ «មុនដំបូងដែលគេទាក់ទងហៅទៅហាត់ ខ្ញុំថាអត់ទៅទេដោយសារខ្ញុំអត់មានសោហ៊ុយសម្រាប់ជិះទៅមកទេ ខ្ញុំខ្វះលុយដែរ តែគេប្រាប់ថាគេមានសាហ៊ុយសម្រាប់ធ្វើដំណើរ ដល់គាត់ប្រាប់ចឹង ខ្ញុំក៏ចេះតែដេកគិតទៅ ហើយក៏សម្រេចចិត្តទៅហាត់ជាមួយមិត្តភក្តិដែលស្គាល់ៗដែរ»។
ស្រ្តី វ័យ៣១ឆ្នាំរូបនេះបន្ថែមថា៖ «មិត្តភក្ដិក៏ចេះតែនិយាយលើកទឹកចិត្តយើងដែរទៅថាមិនពិបាកអីទេ ទៅក៏ខ្ញុំសម្រេចចិត្តទៅខ្លួនឯងសាកមើលទៅ។ ខ្ញុំទៅដំបូងក៏ខ្ញុំអត់អាចលើកបាល់បោះអីបានដូចគេដែរ តែពួកគាត់នៅតែលើកទឹកចិត្តខ្ញុំដែរ គាត់មិនបានថាឲ្យឈប់ទៅអីទេ មានតែថាអត់អីទេ ពួកគាត់ព្យាយាមនិយាយលើកទឹកចិត្តឲ្យខ្ញុំខំមកហាត់ទៀត»។
ជាមនុស្សដែលធ្លាប់តែមិនសូវមានមិត្តភក្តិ ហើយមិនចូលចិត្តទៅជួបគេឯង កញ្ញា ប៊ិស គន្ធា អះអាងថា កញ្ញាមិនមានអារម្មណ៍ឯការដូចមុនឡើយក្រោយពីបានចូលជាសមាជិកក្រុមនារីបាល់បោះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។ កញ្ញាថា កញ្ញានឹងបន្តលេងបាល់បោះតទៅទៀត ដើម្បីឲ្យគេស្គាល់ច្រើន ឲ្យគេដឹងថាជនពិការក៏អាចលេងកីឡាបាន។
«មនុស្សឥឡូវគាត់បានយល់ដឹងច្រើនថាកុំឲ្យរើសអើងជនពិការ។ ខ្ញុំសុំផ្ញើរទៅជនពិការទាំងអស់មិនថាបង ឬប្អូនទោះពិបាកយ៉ាងណាក៏ត្រូវស៊ូព្រោះថាយើងមានជីវិត យើងមានឱកាស យើងសំណាងដែលបានកើតមកបានឃើញពិភពលោកឥឡូវវាល្អយ៉ាងណាស្រស់យ៉ាងណាដែលគេចាប់ផ្ដើមបង្កើតអ្វីល្អៗសម្រាប់ជនពិការតទៀត ចង់ឲ្យពួកគាត់លើកទឹកចិត្តខ្លួនឯងដើម្បីនៅមើលចំណុចហ្នឹងទាំងអស់គ្នា»។
ក្រុមនារីបាល់បោះ Siem Reap Eagle ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានទទួលការជួយជ្រោមជ្រែងពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅកម្ពុជា និងអង្គការ Soulcial Trust។ ក្រុមបាល់បោះនេះ គឺជាក្រុមបាល់បោះនារីពិការទី៣នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកទាំងអស់ចំនួន១៦នាក់។ កីឡាការិនីទាំងអស់តែងជួបជុំ និងហ្វឹកហាត់រៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ នៅក្នុងបរិវេណវិហារកាតូលិក ICF Cambodia ក្នុងខេត្តសៀមរាប។
អ្នកនាង វ៉ាត ចាន់រ៉ា វ័យ៣២ឆ្នាំ ជាសមាជិកដំបូងគេបង្អស់របស់ក្រុម Siem Reap Eagle។ អ្នកនាងសម្រេចចិត្តហាត់បាល់បោះនេះ ព្រោះចង់ដឹងពីសមត្ថភាពរបស់អ្នកនាងថាអាចទៅបានកម្រិតណា តែបន្ទាប់ពីបានចូលលែងរួចហើយអ្នកនាងសង្កេតឃើញថាខ្លួនឯងពិតជាអាចលែងបានមែន។ អ្នកនាងបន្ថែមថា មិនតែប៉ុណ្ណោះ សុខភាពអ្នកនាងក៏មានការផ្លាស់ប្ដូរយ៉ាងគួរឲ្យកត់សម្គាល់ផងដែរ ដោយអ្នកនាងមានអារម្មណ៍ថាស្រលះខ្លួន ធូរសរសៃរ សន្លាក់ និងដកដង្ហើមបានស្រួលជាមុន។
កីឡាការិនីរូបនេះបញ្ជាក់ថា៖ «នៅពេលដែលខ្ញុំសាកល្បងទៅដំបូងខ្ញុំបានសាកជាមួយរទះរុញ ខ្ញុំខ្លាចបាល់ ខ្ញុំខ្លាចរទេះ តែដល់ពេលបានសាកជាមួយរទេះទៅខ្ញុំមានអារម្មណ៍ថាខ្ញុំជាមួយរទេះហ្នឹងគឺយើងដូចធ្លាប់ស្គាល់គ្នាអញ្ចឹង មានអារម្មណ៍ថាសប្បាយ ហើយមួយទៀតពេលហាត់ចាប់បាល់ហ្នឹង ខ្ញុំតាំងចិត្តថាឈប់ខ្លាចបាល់ ទោះបីជាបាល់ត្រូវចំក៏អត់ខ្លាចដែរ តាំងអារម្មណ៍ខ្លួនឯងចឹងទៅ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងធ្វើបានចឹងខ្ញុំចេះតែបន្តៗទៅមុខ»។
អ្នកនាង វ៉ាត ចាន់រ៉ា រៀបរាប់បន្ថែមថា៖ «លើកទីមួយសម្រាប់ខ្ញុំដែលបង្វិលរទេះពិបាកខ្លាំងណាស់ ទម្រាំបានតែស្ទាត់ដៃបង្វិលរទេះនេះយូរដែរ ហើយលេងភាគច្រើនក្រឡាប់ ខ្លះអាចត្រូវខៀវមុខ បែកបាក់ធ្មេញអី ឈាមមាត់ជាដើម ដល់ពេលកន្លងមកយូរៗទៅ លេងលែងអីហើយ»។
កញ្ញា ណុប ស្រីលក្ខិ អ្នកគ្រប់គ្រងគម្រោងស្ដារលទ្ធភាពពលកម្មកាយសម្បទានៃ ICRC នៅកម្ពុជាលើកឡើងថា ICRC បានជួយឧបត្ថម្ភសម្ភារៈកីឡាជារទេះ និងបានបញ្ជូនគ្រូបង្វឹកមួយរូបពីខេត្តបាត់ដំបងដើម្បីបង្វឹកក្រុមកីឡាការិនីជារៀលរាល់សប្ដាហ៍ តាំងពីខែធ្នូកន្លងទៅ។
កញ្ញាបានបញ្ជាក់ដែរថា នាពេលអនាគត ក្រុមSiem Reap Eagle នឹងចូលជាសមាជិករបស់សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា (CWBF) ដើម្បីទទួលបានការទទួលស្គាល់ពីសាធារណៈជន និងមានឱកាសទៅចូលរួមប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
លោក មុយ ស៊ឺ ហៅ Bel ជាកីឡាករក្នុងក្រុមបាល់បោះជនពិការជម្រើសជាតិ និងជាគ្រូបង្វឹករបស់ក្រុម Siem Reap Eagle បានឲ្យដឹងថា ក្រុម Siem Reap Eagle នេះចាប់ផ្ដើមបង្កើតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយគ្រោងយកសមាជិកតែ១២នាក់ប៉ុណ្ណោះ តែរយៈពេលមិនដល់ពីរខែផង ក្រុមនេះមានសមាជិករហូតដល់ទៅ១៦នាក់ ហើយបច្ចុប្បន្ននេះនៅតែមានអ្នកមកចូលរួមជាបន្តបន្ទាប់។
លោក Bel មានប្រសាសន៍ដោយទឹកមុខរីករាយថា៖ «ពេលចាប់បង្កើតក្រុមដំបូង តាមរយៈការផ្សព្វផ្សាយរបស់ខ្ញុំហើយនិងអង្គការដែលគាំទ្រពួកយើង បានចាប់ផ្ដើមជំរុញបងប្អូនស្រ្តីខ្លះ ទោះបីគាត់ថា គាត់ធ្វើមិនកើតទេ ក៏យើងឲ្យគាត់ទៅមើលសិន ហើយឲ្យគាត់សាកជិះរទេះសិន អ្នកខ្លះមិនហ៊ានជិះទេខ្លាចក្រឡាប់ ដល់គាត់មើលគេយូរៗទៅឃើញគេលេងចឹង ដូចថាឃើញសិស្សច្បងលេងឲ្យមើលចឹងគាត់ក៏មានអារម្មណ៍ថាចង់សាកអីអញ្ចឹងទៅ។ ពេលបានសាកទៅក៏សប្បាយចិត្ត គាត់ក៏ពេញចិត្តនឹងចូលរួម»។
គ្រូបង្វឹករូបនេះបានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា លោកនឹងបង្វឹកក្រុមនេះឲ្យមានសមត្ថភាពអាចទៅចូលរួមប្រកួតនៅក្រៅប្រទេសដូចក្រុមនៅបាត់ដំបង និងក្រុមនៅកំពង់ស្ពឺ។
លោក Bel និយាយថា៖ «ខ្ញុំចង់ឲ្យគាត់បញ្ចេញសមត្ថភាពរបស់គាត់ តាមពិតគាត់មានសមត្ថភាពហើយតែគាត់មិនបញ្ចេញចឹងចង់ឲ្យគាត់បញ្ចេញសមត្ថភាពរបស់គាត់ដើម្បីឲ្យសាធារណៈជនបានឃើញពីសមត្ថភាពរបស់គាត់ កុំឲ្យគេរើសអើងថាជនពិការមិនអាចធ្វើអ្វីបាន។ ខ្ញុំចង់ឲ្យពួកគាត់ក្លាហាន ព្រោះគ្មានអ្នកណាជួយយើងបានក្រៅពីយើងជួយខ្លួនឯងទេ»។
លោក Bel បានឲ្យដឹងទៀតថា ដោយសារបច្ចុប្បន្នក្រុម Siem Reap Eagle នៅមិនទាន់មានកន្លែងហាត់ផ្ទាល់ខ្លួននោះទេ លោកកំពុងតែស្វែងរកថាតើត្រូវទាក់ទងទៅស្ថាប័ន ឬអង្គការណាដើម្បីជួយសម្រួលដល់បញ្ហានេះ។ លោកចង់បានកន្លែងទីតាំងមួយក្នុងខេត្តសៀមរាបផ្ទាល់ខ្លួនដើម្បីបង្វឹកសមាជិកក្រុមបាល់បោះតាំងអស់ឲ្យមានសមត្ថភាពប្រាកដ។
ក្រុមកីឡាការិនីនៃក្រុមបាល់បោះលើកឡើងស្រដៀងគ្នាថា ពួកគេចង់សំណូមពរទៅខាងរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធឲ្យជួយគាំទ្រ និងជួយសម្រួលដល់ការហាត់របស់ពួកគាត់ទាំងទីតាំង ទាំងឧបករណ៍ សម្ភារៈ រទេះ និងការលើកទឹកចិត្តផ្សេងៗដើម្បីពួកគេមានទឹកចិត្តហាត់កាន់តែខ្លាំងថែមទៀត៕