(សៀមរាប)៖ នារីៗ​ពិការ​ជាង​១០នាក់​កំពុង​នៅ​លើ​រទេះ​ដោយ​ដៃ​ម្ខាង​បង្វិល​កង់​រទេះ​ឱ្យ​ទៅ​មុខ ​និង​ដៃ​ម្ខាង​ទៀត​ត្រែះ​បាល់​ដើម្បី​បោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ​សមាជិក​នៃ​ក្រុម​បាល់​បោះ​ជន​ពិការ​​នា​រី​​ដែល​​មាន​ឈ្មោះ​ថា Siem Reap Eagle ទាំងនេះ​ កំពុង​ហាត់​សម​លេង​បាល់​បោះ​យ៉ាង​​ស្វាហាប់។

ក្នុង​សម្លៀក​បំពាក់​កីឡា​អម​ដោយ​ទឹក​មុខ​ស្រស់​ស្រាយ​ កញ្ញា​​ ប៊ិស គន្ធា  សមាជិក​ក្រុម​បាល់​បោះ​នារី​ពិការ «Siem Reap Eagle» លើកឡើង​​ថា ការចូល​ហាត់​បាល់​បោះ​បាន​ជួយ​ឲ្យមាន​កាយ​សម្បទាមាំមួន​ និង​ជាឱកាស​មួយ​ដែលកញ្ញាបាន​ជួបអ្នកដទៃ និង​បង្កើនមិត្តភាព។

កញ្ញា​បាន​ថ្លែង​ថា៖ «ពេលទៅ​ហាត់​យើង​ក៏​អាច​បាន​ជួប​មិត្ត​ភក្ដិ បាន​ឃើញ​គេ​ឃើញ​ឯង​កុំឲ្យ​នៅ​តែ​ផ្ទះ ហើយក្រែង​លោ​វា​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ យើងរុញ​រទេះទៅ​នេះទៅ​នោះចឹងទៅ ឲ្យវា​យឺតសរសៃរជាជាង​យើង​នៅ​មួយ​កន្លែង​អត់​ធ្វើអីដែរ»។​​

កញ្ញា ប៊ិស​ គន្ធា មាន​ជំងឺ​គ្រុន​ស្វិត​ជើង​តាំង​ពី​​រៀននៅថ្នាក់ទី៣មកម្លេះ ឯ​ដៃ​ទាំង​សង​ខាងវិញ​ក៏មាន​សភាពទន់ខ្សោយ មិនអាច​ប្រើកម្លាំងបាន​ដូចគេនោះទេ។ កញ្ញាមាន​ការលំបាក​ក្នុង​ការ​បំលាស់​ទី​ ដោយ​តម្រូវ​ឲ្យ​មាន​គេ​ចាំជួយជានិច្ច។​ កញ្ញា​​បាន​ឲ្យ​ដឹង​ថា​ពី​ដំបូង​កញ្ញា​​​ស្ទាក់​ស្ទើរ​ មុននឹង​សម្រេចចិត្តចូល​ហាត់​ ដោយ​សារ​កត្តា​កាយសម្បទារផង និង​កត្តា​ជីវភាព​ផង។

កញ្ញា​និយាយ​ថា៖ «មុនដំបូង​ដែល​គេ​ទាក់ទង​ហៅ​ទៅ​ហាត់ ខ្ញុំថា​អត់​ទៅ​ទេ​ដោយសារ​ខ្ញុំអត់​មាន​សោហ៊ុយ​សម្រាប់​ជិះទៅមកទេ ខ្ញុំខ្វះលុយដែរ តែគេប្រាប់​ថា​គេមាន​សាហ៊ុយ​សម្រាប់​​ធ្វើ​ដំណើរ ដល់គាត់ប្រាប់ចឹង​ ខ្ញុំក៏ចេះ​តែ​ដេកគិតទៅ​ ហើយក៏សម្រេចចិត្តទៅហាត់​ជាមួយ​មិត្តភក្តិដែលស្គាល់ៗដែរ»។

ស្រ្តី វ័យ​៣១​ឆ្នាំ​រូបនេះ​​បន្ថែមថា៖ «មិត្តភក្ដិក៏ចេះតែនិយាយលើក​ទឹកចិត្តយើង​ដែរទៅ​ថា​មិន​ពិបាក​​អីទេ​ ទៅក៏ខ្ញុំសម្រេចចិត្តទៅ​ខ្លួនឯង​សាក​មើលទៅ​។ ខ្ញុំទៅដំបូង​ក៏ខ្ញុំអត់​អាច​លើក​បាល់​បោះ​​អី​បាន​ដូច​គេដែរ​ តែពួកគាត់​នៅ​តែ​លើក​ទឹក​ចិត្តខ្ញុំដែរ​ គាត់មិនបាន​ថា​ឲ្យ​ឈប់ទៅអីទេ មាន​​តែ​ថាអត់អីទេ ពួកគាត់ព្យាយាមនិយាយលើកទឹកចិត្តឲ្យ​ខ្ញុំខំ​មកហាត់​ទៀត»។

ជា​មនុស្ស​ដែល​ធ្លាប់​តែ​មិនសូវមាន​មិត្តភក្តិ​ ហើយ​មិនចូលចិត្តទៅ​ជួបគេឯង កញ្ញា ប៊ិស គន្ធា អះអាង​ថា កញ្ញា​មិនមាន​អារម្មណ៍​ឯការ​ដូច​មុនឡើយក្រោយ​ពី​បាន​ចូល​ជា​សមាជិក​ក្រុម​នារី​បាល់​បោះ ចាប់តាំង​ពី​​ខែធ្នូ ឆ្នាំ២០២០​។ កញ្ញាថា កញ្ញា​​នឹង​បន្តលេង​បាល់​បោះតទៅ​ទៀត ដើម្បី​ឲ្យគេ​ស្គាល់​ច្រើន​ ​ឲ្យគេ​ដឹង​​ថា​ជន​ពិការ​ក៏​អាច​លេង​កីឡាបាន។

«មនុស្ស​ឥឡូវ​គាត់​បាន​យល់​ដឹង​ច្រើន​ថា​កុំឲ្យ​រើស​អើង​ជន​ពិការ​។ ខ្ញុំ​សុំ​ផ្ញើរទៅ​ជន​ពិការ​ទាំង​អស់​មិន​ថា​បង ​ឬប្អូន​ទោះពិបាក​យ៉ាង​ណា​ក៏​ត្រូវ​ស៊ូព្រោះ​ថា​យើង​មាន​ជីវិត យើង​មាន​ឱកាស​ យើង​សំណាង​ដែល​បាន​កើតមក​បាន​ឃើញ​ពិភព​លោក​ឥឡូវ​វា​ល្អយ៉ាង​ណា​ស្រស់​យ៉ាង​ណា​ដែលគេចាប់​ផ្ដើម​បង្កើត​អ្វី​ល្អៗ​សម្រាប់​ជន​ពិការ​តទៀត ​ចង់​ឲ្យពួក​គាត់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​នៅ​មើល​ចំណុច​ហ្នឹង​ទាំងអស់​គ្នា»។

ក្រុម​នារី​បាល់​បោះ​ Siem Reap​ Eagle ត្រូវបាន​បង្កើតឡើងក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ​បាន​ទទួល​​ការ​ជួយ​​ជ្រោម​​ជ្រែង​​​ពី​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) នៅ​កម្ពុជា និង​អង្គការ​ Soulcial Trust។ ក្រុមបាល់បោះនេះ ​គឺ​ជា​ក្រុមបាល់បោះនារីពិការទី៣​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សមាជិក​ទាំងអស់ចំនួន​១៦នាក់។ កីឡាការិនី​ទាំងអស់តែង​​​ជួបជុំ​ និង​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​សុក្រ ​ដល់​ថ្ងៃ​អាទិត្យ នៅ​ក្នុងបរិវេណវិហារកាតូលិក ICF Cambodia ក្នុងខេត្តសៀមរាប។

អ្នកនាង​ វ៉ាត ចាន់រ៉ា វ័យ៣២ឆ្នាំ ជា​សមាជិក​ដំបូង​គេ​បង្អស់របស់ក្រុម​ Siem Reap Eagle។ អ្នកនាង​សម្រេចចិត្តហាត់​បាល់បោះនេះ ព្រោះ​​ចង់​ដឹង​​ពី​​សមត្ថភាព​​របស់​អ្នកនាង​​ថា​​អាច​ទៅ​បាន​កម្រិតណា តែបន្ទាប់ពី​បាន​ចូល​លែង​រួច​ហើយ​អ្នកនាង​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ពិត​ជា​អាច​លែង​បាន​មែន។ អ្នកនាង​បន្ថែម​ថា មិនតែ​ប៉ុណ្ណោះ សុខភាព​អ្នកនាង​ក៏មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​​ផង​ដែរ​ ដោយ​អ្នកនាង​មាន​អារម្មណ៍ថា​ស្រលះ​ខ្លួន​ ធូរ​សរសៃរ សន្លាក់​ និង​ដកដង្ហើមបាន​ស្រួលជាមុន​។

កីឡាការិនីរូបនេះ​បញ្ជាក់​ថា៖ «នៅពេល​ដែល​ខ្ញុំសាក​ល្បង​ទៅ​ដំបូង​ខ្ញុំ​បាន​សាក​ជាមួយ​រទះ​រុញ ខ្ញុំខ្លាច​បាល់​ ខ្ញុំ​ខ្លាច​រទេះ​ តែ​ដល់​ពេល​បាន​សាកជាមួយ​រទេះទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជាមួយ​រទេះហ្នឹង​​គឺយើង​ដូច​ធ្លាប់​ស្គាល់​គ្នា​អញ្ចឹង​ មាន​អារម្មណ៍ថា​សប្បាយ ហើយ​មួយ​ទៀត​ពេល​ហាត់​ចាប់​បាល់​ហ្នឹង​ ខ្ញុំ​តាំង​ចិត្ត​ថា​ឈប់​ខ្លាច​បាល់​ ទោះ​បី​ជា​បាល់​ត្រូ​វ​ចំ​ក៏​អត់​ខ្លាច​ដែរ តាំង​អារម្មណ៍​ខ្លួន​ឯង​ចឹ​ង​ទៅ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ធ្វើបាន​ចឹង​ខ្ញុំ​ចេះ​តែ​បន្ត​ៗ​ទៅ​មុខ​»។

អ្នកនាង វ៉ាត ចាន់រ៉ា រៀបរាប់​បន្ថែម​ថា៖ «លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​បង្វិល​រទេះ​ពិបាក​ខ្លាំង​ណាស់ ទម្រាំ​បាន​តែ​ស្ទាត់​ដៃ​បង្វិល​រទេះ​នេះ​យូរ​ដែរ ហើយ​លេង​ភាគ​ច្រើន​ក្រឡាប់ ខ្លះ​អាច​ត្រូវ​ខៀវ​មុខ បែក​បាក់​ធ្មេញ​អី ឈាម​មាត់​ជា​ដើម ដល់​ពេល​កន្លង​មក​យូរៗ​ទៅ លេង​លែង​អី​ហើយ»។

កញ្ញា ណុប ស្រីលក្ខិ អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៃ ICRC នៅ​កម្ពុជា​លើក​ឡើង​ថា ICRC បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ​កីឡា​ជារទេះ​ និង​បាន​បញ្ជូន​គ្រូ​បង្វឹក​មួយ​រូប​​​ពី​ខេ​ត្តបាត់ដំបង​ដើម្បី​បង្វឹក​ក្រុមកីឡាការិនី​ជារៀលរាល់​សប្ដាហ៍ តាំង​ពី​​ខែធ្នូ​កន្លង​ទៅ។

កញ្ញាបា​ន​បញ្ជាក់​ដែរ​​ថា​ នាពេល​អនាគត ក្រុម​Siem Reap Eagle នឹង​ចូលជា​សមាជិក​របស់​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការកម្ពុជា (CWBF) ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់ពី​សាធារណៈ​ជន និង​មាន​ឱកាស​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ទាំងក្នុង​ស្រុក​ និង​លើឆាក​អន្តរជាតិ។

លោក មុយ ស៊ឺ ហៅ Bel ជាកីឡាករ​ក្នុង​ក្រុមបាល់បោះជនពិការជម្រើសជាតិ និង​ជា​គ្រូបង្វឹក​របស់​​ក្រុម Siem Reap Eagle បានឲ្យដឹងថា ក្រុម Siem Reap Eagle នេះចាប់​ផ្ដើម​បង្កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០​ ដោយគ្រោងយកសមាជិកតែ​១២នាក់ប៉ុណ្ណោះ តែ​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង ក្រុមនេះមានសមាជិករហូតដល់ទៅ​១៦នាក់ ហើយ​បច្ចុប្បន្ន​នេះនៅ​តែ​មាន​អ្នក​មក​ចូលរួម​ជា​បន្ត​បន្ទាប់។

លោក Bel មាន​ប្រសាសន៍ដោយទឹកមុខរីករាយថា៖​ «ពេលចាប់បង្កើតក្រុម​ដំបូង ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្ញុំ​ហើយ​និង​អង្គការ​ដែល​គាំ​ទ្រ​​​ពួក​យើង​ បានចាប់ផ្ដើម​ជំរុញ​បង​ប្អូន​ស្រ្តី​ខ្លះ​ ទោះបី​​គាត់ថា​ គាត់​ធ្វើ​មិន​កើត​ទេ​ ក៏យើង​ឲ្យគា​ត់​ទៅ​មើល​សិន​ ហើយ​ឲ្យ​គាត់​សាក​ជិះ​រទេះ​សិន​ អ្នកខ្លះមិន​ហ៊ាន​ជិះទេ​ខ្លាច​ក្រឡាប់​ ដល់គាត់​មើល​គេ​យូរ​ៗទៅ​ឃើញ​គេ​លេង​ចឹង​ ដូចថា​ឃើញ​សិស្ស​ច្បង​លេង​ឲ្យ​មើល​ចឹង​គាត់ក៏មាន​អារម្មណ៍ថា​ចង់សាក​អី​អញ្ចឹង​ទៅ។ ពេលបាន​សាក​ទៅ​ក៏​សប្បាយ​ចិត្ត​ គាត់ក៏​ពេញចិត្ត​នឹង​ចូលរួម»។

គ្រូបង្វឹក​រូប​នេះ​បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំ​ថា ​លោក​នឹងបង្វឹកក្រុមនេះឲ្យមានសមត្ថភាព​អាច​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ក្រុម​នៅ​បាត់​ដំបង​ និង​ក្រុម​នៅ​កំពង់ស្ពឺ​​។

លោក Bel និយាយថា៖ «ខ្ញុំចង់ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​ ​តាមពិតគាត់មាន​សមត្ថ​ភាព​​ហើយ​តែ​គាត់​មិន​បញ្ចេញចឹងចង់ឲ្យ​គាត់​បញ្ចេញ​សមត្ថភាព​របស់​គាត់​ដើម្បីឲ្យ​សាធារ​ណៈ​ជ​ន​បានឃើញពី​សមត្ថភាពរបស់​គាត់​ កុំ​ឲ្យ​គេ​រើស​អើង​ថា​ជនពិការ​មិនអាច​ធ្វើ​អ្វី​បាន។  ខ្ញុំចង់​ឲ្យ​ពួកគាត់ក្លាហាន​ ព្រោះ​គ្មានអ្នកណា​ជួយយើង​បា​ន​ក្រៅពី​យើង​ជួយខ្លួន​ឯង​ទេ»។​

លោក Bel បានឲ្យ​ដឹង​ទៀត​ថា​ ដោយសារបច្ចុប្បន្នក្រុម Siem Reap Eagle នៅមិន​ទាន់​មាន​កន្លែង​ហាត់ផ្ទាល់ខ្លួននោះទេ លោក​កំពុង​តែ​ស្វែង​រក​ថា​តើ​ត្រូវទាក់​ទង​ទៅស្ថាប័ន ឬអង្គការ​ណា​ដើម្បីជួយសម្រួល​ដល់បញ្ហានេះ។ លោកចង់​បាន​កន្លែង​ទីតាំង​មួយ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់​ខ្លួន​ដើម្បី​បង្វឹកសមាជិកក្រុមបាល់បោះតាំងអស់​ឲ្យ​មាន​សមត្ថភាព​ប្រាកដ។

ក្រុម​កីឡាការិនី​នៃ​ក្រុម​បាល់​បោះ​លើក​ឡើង​ស្រដៀង​​គ្នា​ថា ​ពួកគេចង់សំណូម​ពរ​ទៅ​ខាង​រដ្ឋា​ភិបាល​ ​ក៏ដូចជា​ក្រសួង​​​ពាក់​ព័ន្ធ​ឲ្យ​​ជួយ​គាំទ្រ និង​ជួយសម្រួល​​ដល់​ការ​ហាត់​របស់ពួកគាត់​​ទាំង​ទីតាំង ទាំង​ឧបករណ៍ សម្ភារៈ រទេះ និងការលើក​ទឹកចិត្តផ្សេងៗដើម្បីពួកគេ​មាន​ទឹកចិត្ត​ហាត់​កាន់​តែ​ខ្លាំងថែមទៀត៕