លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះប្រកាសថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូសនឹងត្រូវបញ្ជូនពីប្រទេសចិនមកកាន់កម្ពុជាក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០២១នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធការបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាខែង និងដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកលើកឡើងថា កម្ពុជាត្រូវត្រៀមវ៉ាក់សាំងចំនួន២០លានដូសសម្រាប់មនុស្ស១០លាននាក់ ដែលកាត់បន្ថយពី៨០ភាគរយមកនៅត្រឹម៦០ ទៅ៧០ភាគរយ ដែលកាលពីមុនត្រូវការ២៦លានដូសសម្រាប់១៣លាននាក់។
លោកបន្ថែមថា ក្នុងចំណោមជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសរបស់ចិន ៦០ម៉ឺនដូស នឹងមកដល់កម្ពុជាក្នុងខែកុម្ភៈនេះ ហើយនឹងបន្តមកដល់កម្ពុជាបន្តបន្ទាប់ទៀត។ លោកថា ក្រៅពីនោះមានជំនួយពីកូវ៉ាក់ (COVAX) និងប្រទេសមួយចំនួនទៀតដែលកម្ពុជាកំពុងស្នើសុំ និងបញ្ជាទិញ ដែលនឹងមកជាបន្តបន្ទាប់ផងដែរ។
លោកបញ្ជាក់ថា៖ «ជើងទី១ នឹងមកដល់៦០ម៉ឺនដូស បន្ទាប់ទៅនឹងបំពេញបន្ថែម។ បន្ទាប់ទៅយើងនឹងទទួលពីកូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស បន្ថែមលើនេះយើងទិញតាមរយៈកូវ៉ាក់ ចំនួន១លានដូសទៀត អញ្ចឹងយើងបាន៩លានដូសហើយ ពិតមែនតែមិនទាន់ដល់ដៃ តែគម្រោងរបស់យើងមាន»។
លោកនិយាយថា៖ «យើងនឹងទទួលពីអូស្រ្តាលីចំនួន៣លានដូស ដែលអូស្រ្តាលី សម្រេចផ្តល់ថវិកាចំនួន២៨លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់រយៈពេល ២០២០-២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលកញ្ចប់ដំបូងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំ២០២១»។
លោកបានបន្តថា ជំនួយឥតសំណងនេះនឹងជួយឱ្យកម្ពុជាអាចទទួលបានវ៉ាក់សាំងដែលអាចប៉ាន់ស្មានថាជួយដល់មនុស្ស១,៥លាននាក់ ដែលស្មើនឹង៣លានដូស ប្រសិនបើបូកសរុបទាំងអស់ទៅបាន១១លានដូស នៅខ្វះ៩លានដូទៀត។
លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមថា លោកក៏បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីចិនដើម្បីសុំ វ៉ាក់សាំងបន្ថែមទៀត រួមទាំងស្នើសុំពីប្រទេសឥណ្ឌាផងដែរ៕