លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះថ្លែងថា ប្រេងឆៅដែលកម្ពុជាបានផលិតក្នុងរយៈពេលជាងមួយខែមកនេះ មានកម្រិតទាបនៅឡើយ ដោយសារផលិតបានត្រឹមតែ៧០០០ ទៅ៧៥០០បារ៉ែល ឬស្មើនឹងជាង១លានលីត្រតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធការបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាខែង និងដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកបញ្ជាក់ថា ប្រេងឆៅដែលកម្ពុជាកំពុងដំណើរផលិតជាមធ្យមបាន៧០០០ ទៅ៧៥០០បារ៉ែលក្នុងមួយថ្ងៃនេះ គឺជាចំនួនដែលតូចខ្លាំង ហើយលោកថា ចំនួននេះមិនអាចមានឥទ្ធិពលដល់សេដ្ឋកិច្ចជាតិបាននោះទេ។
លោកបញ្ជាក់ថា៖ «គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយវាជាការចាប់ផ្ដើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង»។
លោកបានបន្ថែមថាសម្រាប់តម្លៃប្រេងបើស្ថិតក្នុងរង្វង់៥៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល នោះចំណូលរបស់កម្ពុជាក្នុងមួយឆ្នាំគឺទទួលមិនបានដល់៣០លានដុល្លារនោះទេ។
លោកថា៖ «អីចឹងវាមិនបានស្មើជាមួយនិងចំណូលមិនមែនសារពើពន្ធ ទៅលើទិដ្ឋាការនៃទេសចរក្នុងមួយលាននាក់ផង និងមិនទាន់ពឹងផ្អែកលើបញ្ហាប្រេងបានទេ»។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលបានប្រកាសពីការទទួលបានតំណក់ប្រេងដំបូងនៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនោះប្រកាសថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ លោកបន្ថែមថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍វិស័យអប់រំ និងសុខាភិបាល។
យោងតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន៥% ក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុន KrisEnergy និងថា កម្ពុជានឹងទទួលបានប្រមាណជា៥០០លានដុល្លារ ជាថ្លៃពន្ធ និងផ្សេងៗ៕