បុរសមានមាឌតូចល្អិត សំម្បុរខ្មៅស្រអែមម្នាក់ កំពុងអង្គុយញុំាកាហ្វេក្នុងហាងកាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ កំពុងប្រើបណ្តាញសង្គមហ្វេសប៊ុកជាមួយទឹកមុខញញឹមស្រស់ស្រាយ។
ស្របពេលអូសហ្វេសប៊ុកចុះឡើងៗ ក៏បានឃើញព័ត៌មានចែកចាយលើបណ្តាញសង្គម ដែលជារឿងមិនគួរឲ្យជឿ និងចែករំលែកទាល់តែសោះ ព្រោះមើលទៅវាគ្មានប្រភពច្បាស់លាស់ណាដែលគួរឲ្យទុកចិត្តទាល់តែសោះ។
ហ្វេសប៊ុក គឺជាបណ្តាញសង្គមមួយដែលមនុស្សគ្រប់គ្នា ប្រើសម្រាប់ចែករំលែកពីអារម្មណ៍សប្បាយរីករាយ ការកើតទុក្ខ ការជួបជុំ ឬព័ត៌មានអ្វីៗដែលមនុស្សម្នាក់ៗ ចង់ឲ្យអ្នកដទៃបានដឹង និងបានឃើញ។ ជាងនេះទៅទៀត ហ្វេសប៊ុកគឺជាប្រភពព័ត៌មានចម្រុះ មិនថាព័ត៌មានកីឡា ការកំសាន្ត នយោបាយ ជម្លោះដីធ្លី គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ការអភិវឌ្ឍនានារបស់រដ្ឋាភិបាល ទុក្ខលំបាករបស់ប្រជាជន និងបញ្ហាផ្សេងៗទៀតជាច្រើន។
ប៉ុន្តែបើយើងក្រលេកទៅមើលព័ត៌មានលើហ្វេសប៊ុក យើងក៏បានមើលឃើញថា ព័ត៌មានមួយចំនួន មិនមែនជាការពិតដែលវាអាចបង្កគ្រោះថ្នាក់សម្រាប់អ្នកលេង ហ្វេកប៊ុក ក្នុងយកព័ត៌មានទាំងនោះ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាមួយ ដូចជាការលាបពណ៌ ការបង្អាប់ ការរើសអើង ឬចោទប្រកាន់ទៅលើបុគ្គលណាម្នាក់ ដើម្បីផលប្រយោជន៍អ្វីមួយរបស់អ្នកដែលបង្កើតព័ត៌មានក្លែងក្លាយ (Fake News) ទាំងនោះ។
ដូច្នេះប្រសិនបើចង់ដឹងថា តើព័ត៌មាននោះក្លែងក្លាយ ឬពិត សូមតាមដាននូវចំណុចមួយចំនួននៅខាងក្រោមនេះ៖
ទី១ មើលទៅលើចំណងជើង៖ ចំពោះព័ត៌មានក្លែងក្លាយ គឺចំណងជើងមានភាពទាក់ទាញជ្រុលពេក ដើម្បីឲ្យអ្នកដទៃចូលទៅមើលក្នុងការទាញយកផលប្រយោជន៍ណាមួយ ប៉ុន្តែព័ត៌មានពិត គឺចំណងជើងមានភាពច្បាស់លាស់ និងមានអ្នកពាក់ព័ន្ធត្រឹមត្រូវ។
ទី២ ពេលចូលទៅមើលអត្ថន័យ៖ ចំពោះព័ត៌មានក្លែងក្លាយ គឺមិនមានប្រភពច្បាស់លាស់ មិនមានកាលបរិច្ឆេទ និងឈ្មោះអ្នកសរសេរត្រឹមត្រូវ ហើយអក្ខរាវិរុទ្ធខុសច្រើន។ ចំណែកព័ត៌មានពិតវិញ គឺឈ្មោះអ្នកសរសេរពិតមានកាលបរិច្ឆេទត្រឹមត្រូវ មានប្រភពច្បាស់លាស់ រួមទាំងឯកសារយោង សម្តីរបស់បុគ្គលណាម្នាក់ ឬអ្នកពាក់ព័ន្ធ ទីតាំង និងរូបថតមានភាពច្បាស់លាស់ ជាមួយអក្ខរាវិរុទ្ធត្រឹមត្រូវ។
ទី៣ ប្រភពព័ត៌មាន៖ ចំពោះព័ត៌មានក្លែងក្លាយគឺ ភាគច្រើនចេញពីអាខោនហ្វេកប៊ុក ដែលគ្មានឈ្មោះ ឬរូបថតត្រឹមត្រូវ ចំណែកឯព័ត៌មានពិត គឺចេញពីស្ថាប័នព័ត៌មានណាដែលមានចុះបញ្ជីស្របច្បាប់ទាំងជាតិ និងអន្តរជាតិ អាចជាទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀតរបស់ស្ថាប័នរាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបុគ្គលសំខាន់ៗមួយចំនួនទៀត។
ដើម្បីចូលរួមលុបបំបាត់ព័ត៌មានទាំងឡាយណាដែលមិនមែនជាការពិត ឬហៅថា Fake News គឺយើងចូលរួមប្រាប់ដល់អ្នកមិនបានដឹងពីរឿងហេតុដែលកើតឡើងណាមួយ ឲ្យគាត់ព្យាយាមរកមើលប្រភពច្បាស់លាស់អាចជឿទុកចិត្តបាន និងប្រាប់អ្នកដទៃកុំចែករំលែកបន្ត ពីព្រោះអ្នកបង្កើតព័ត៌មានក្លែងក្លាយ មានគោលបំណងទាញយកផលប្រយោជន៍ណាមួយសម្រាប់ខ្លួនគេ ហើយភាគច្រើន មិនមែនជាចេតនាល្អនោះទេ។ ហើយរឿងដែលល្អបំផុត ដែលអាចចួលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយបាន គឺ «Report» លើព័ត៌មាន ឬគណនីសង្គមណា ដែលបានបង្ហោះនោះតែម្តង ។
«ចួលរួម លុបបំបាត់ព័ត៌មានក្លែងក្លាយ គឺជាការល្អបំផុត ក្នុងការជួយសង្គមជាតិ»