(ភ្នំពេញ)៖ ប្រជាពលរដ្ឋព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣ដែលមានឥទ្ធិពលខ្លាំងជាងមុន ងាយឆ្លងជាងមុន និងអាចបណ្តាលឲ្យអ្នកជំងឺស្លាប់ និងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារជាដើម។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក លាស់ លីបលីប អ្នកសារព័ត៌មាន Newsroom Cambodia ជាមួយ កញ្ញា លី សុខនាង ជាគ្រូបង្រៀនបឋមសិក្សាម្នាក់ជុំវិញការព្រួយបារម្ភទាំងនេះ។
លោក លាស់ លីបលីប៖ បាទ! សូមជម្រាបសួរកញ្ញា។
កញ្ញា លី សុខនាង៖ ចា៎! សូមជម្រាបសួរ។
លោក លាស់ លីបលីប៖ ដោយសារតែបញ្ហាកូវីដជាលើកទី៣ តើកញ្ញាមានការព្រួយបារម្ភអំពីការឆ្លងជំងឺនេះដែរឬទេ?
កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានការព្រួយបារម្ភចំពោះការឆ្លងនៃជំងឺកូវីដ១៩ថ្មី។
លោក លាស់ លីបលីប៖ តើការព្រួយបារម្ភ កញ្ញាព្រួយបារម្ភទៅលើអ្វីខ្លះ?
កញ្ញា លី សុខនាង៖ ទីមួយគឺទាក់ទងនឹងសុខភាព ដោយសារតែជំងឺកូវីដថ្មីដែលកំពុងតែរីករាលដាលនេះគឺវាបានន័យថាវាមានឥទ្ធិពលខ្លាំងជាងកូវីដមុន វាងាយនឹងឆ្លងហើយក៏អាចបណ្តាលឲ្យអ្នកដែលផ្ទុកនៅជំងឺនឹងស្លាប់លឿនជាងជំងឺកូវីដមុនផងដែរ ហើយមួយទៀតនាងខ្ញុំភ័យទៅលើ ទាក់ទងទៅនឹងសេដ្ឋកិច្ចដោយសារតែរាល់ថ្ងៃបើទោះបីជាមានកន្លែងខ្លះអត់ទាន់បានបញ្ឈប់ការងារបុគ្គលិក ប៉ុន្តែចំពោះនាងខ្ញុំនៅតែមានការព្រួយបារម្ភ បើសិនជាជំងឺនឹងវាកាន់តែធ្ងន់ធ្ងរឡើងទៅវាអាចនឹងប៉ះពាល់ទៅដល់ការងារហើយសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។
លោក លាស់ លីបលីប៖ ចុះចំពោះគ្រួសារកញ្ញា តើពួកគាត់មានការយល់ឃើញយ៉ាងដូចម្តេចដែរចំពោះករណីកូវីដលើកទី៣នេះ ដែលយើងឃើញថាចំនួនអ្នកឆ្លងកូវីដ១៩ និងកន្លែងពាក់ព័ន្ធជាច្រើន ហើយអាចឈានដល់ការបិទសាលារៀនសារជាថ្មីនេះ?
កញ្ញា លី សុខនាង៖ និយាយឲ្យមែនទែនទៅចំពោះក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ក៏មិនសូវជាខុសពីនាងខ្ញុំប៉ុន្មានដែរព្រោះពួកគាត់ព្រួយបារម្ភអំពីសុខភាព សេដ្ឋកិច្ចហើយនិងដោយសារតែរាល់ថ្ងៃទោះបីជាយើងដឹងថាមានការរីករាលដាលនៃជំងឺកូវីដ ប៉ុន្តែពួកយើងនៅតែបំពេញការងារធម្មតា អីចឹងការធ្វើដំណើរ ឬក៏ការបំពេញការងាររបស់ពួកយើងនឹងក៏អាចប្រឈមទៅនឹងជំងឺនឹងខ្លាំង ខ្លាំងជាងបើសិនជាយើងអត់នៅផ្ទះដើម្បីរក្សាសុវត្ថិភាពរបស់ពួកយើង អីចឹងពួកគាត់មានការព្រួយបារម្ភដូចនាងខ្ញុំ អីចឹងដែរ។
លោក លាស់ លីបលីប៖ ហើយកាលពីថ្ងៃទី២០ ខែកុម្ភៈ សម្តេចបានលើកឡើងថានេះជាការធ្វេសប្រហែសរបស់សន្តិសុខសណ្ឋាគារសុខា ដែលបណ្តាលឱ្យជនជាតិចិនស្រ្តី៤នាក់ចេញមកដើរលេងខាងក្រៅពីបរិវេណ នៃការធ្វើចត្តាឡីស័កដែលក្នុងនោះមាន២នាក់បានរកឃើញកូវិដភ្លាមៗ បន្ទាប់មកក៏បានរីករាលដាលយ៉ាងលឿន។ តើកញ្ញាយល់ឃើញថានេះជាកំសោយរបស់រដ្ឋាភិបាលដែរ ឬទេ ដែលមានការថ្លោះធ្លោយបែបនេះ ទាំងដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យនឹងការផាកពិន័យដល់អ្នកដែលមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវនោះ?
កញ្ញា លី សុខនាង៖ ដោយឡែក យើងពុំអាចបន្ទោសទៅខាងរាជរដ្ឋាភិបាលទាំងស្រុងបានទេ យើងមើលឃើញថារាល់ថ្ងៃខាងរាជរដ្ឋាភិបាលក៏គាត់មានសេចក្តីថ្លែងការណ៍ ក៏ដូចជាអនុក្រឹត្យផ្សេងៗទាក់ទងនឹងជំងឺកូវីដ១៩ជាពិសេសឲ្យប្រជាជននឹងរក្សា បានន័យថាការពារខ្លួនឬក៏រក្សាខ្លួនឯងនឹងអោយចៀសឆ្ងាយពីកន្លែងដែលយើងគិតថាអាចងាយនឹងឆ្លងជំងឺកូវីដ១៩ ប៉ុន្តែបើយើងក្រឡេកមកមើលក្នុងករណីដែលស្ត្រីជនជាតិចិន៤នាក់ត្រូវបានសន្តិសុខដោះលែងឲ្យចេញទៅក្រៅដើរលេង ឬក៏ធ្វើអ្វីផ្សេងនឹង យើងអាចនិយាយថាវាជាកម្សោយរបស់ខាងសណ្ឋាគារ មួយទៀតដែរ ហើយម្យ៉ាងវិញទៀត វាក៏ទាក់ទងទៅនឹងអនុក្រឹត្យដែលរាជរដ្ឋាភិបាលដាក់ចេញមក ប៉ុន្តែការអនុវត្តនៅក្នុងគោលការណ៍ទាំងអស់នឹងគឺវាពុំសូវទាន់មាន បានន័យថាវាអត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង់ស្ថានភាពទាំងអស់នឹង ចឹងបើសិនជាយើងបន្ទោសទៅខាងតែខាងសណ្ឋាគា ក៏ទៅខាងរាជរដ្ឋាភិបាលតែម្ខាងៗ យើងនិយាយចឹងក៏វាមានអារម្មណ៍ថាវាអត់ត្រឹមត្រូវដែរ។
លោក លាស់ លីបលីប៖ អីចឹងបើទាក់ទងទៅនឹងបញ្ហាប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃយ៉ាងគំហុកដែលរដ្ឋាភិបាល រឹតបន្តឹងបានយ៉ាងល្អនិងប្រកាសស្វែងរកភ្លាមៗតាមបណ្តាញសង្គមហ្វេសប៊ុក ដល់អ្នកដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ប៉ុន្តែក្នុងរាជធានីភ្នំពេញបែរជាបណ្តោយអោយមានជនជាតិចិន ចេញក្រៅបានដោយសេរី តើកញ្ញាយល់ថាការអនុវត្តអាចមានភាពលំអៀងឬទេ?
កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំគិតថាអនុក្រឹត្យដែលរាជរដ្ឋាភិបាលដាក់ចេញមកឱ្យប្រជាជនដែលពួកគាត់ ជាពិសេស អ្នកដែលគាត់ឆ្លងដែនពីថៃទៅកម្ពុជានឹងឱ្យគាត់រក្សា បានន័យថាធ្វើ ចត្តាឡីស័ក្កក្នុងរយះពេល១៤ថ្ងៃ អាហ្នឹងគឺជាតួនាទី និយាយទៅគឺជាតួនាទីរបស់ប្រជាពលរដ្ឋខ្លួនឯងដែរ គាត់ដាក់មកដើម្បីឱ្យយើងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសគាត់អត់ចង់អោយ បើសិនជាអ្នកនឹងគាត់ផ្ទុកនៅជំងឺនឹង គាត់អត់ចង់ឱ្យមានការរីករាលដាលតទៅទៀតទេប៉ុន្តែបើសិនជាយើងក្រឡេកមើលទៅខាងស្រីជនជាតិចិនវិញ យើងអាចនិយាយបានថាពូកគាត់អាចព្រមានលក្ខណៈថាអត់មានការទទួលខុសត្រូវចំពោះខ្លួនឯងក៏ដូចជាអ្នកដទៃ បើសិនជាគាត់ជាអ្នកដែលសង្ស័យថាអាចផ្ទុកឬមានផ្ទុកនូវជំងឺកូវិដ១៩នឹងហើយពូកគាត់គួរតែរក្សាខ្លួនឯងនៅកន្លែងដែលមានសុវត្ថិភាពកុំឱ្យទៅប៉ះពាល់នឹងអ្នកដទៃ ចឹងបើសិនជាយើងនិយាយថាលំអៀង ប្រហែលជាមិនសូវជាប៉ុន្មានទេដោយសារតែគាត់ធ្វើទាំងអស់នឹងគឺ គាត់គិតថាអីដែលគាត់ដាក់ចេញទៅប្រជាជនអាចរក្សាខ្លួនពីជំងឺក៏ដូចជាកុំអោយឆ្លងទៅកាន់អ្នកដទៃ អានឹងវាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំចំពោះបញ្ហាទាំងអស់នឹង។
លោក លាស់ លីបលីប៖ អរគុណកញ្ញា ហើយជាចុងក្រោយ តើកញ្ញាយល់ឃើញបែបណាចំពោះការផ្ទុះជំងឺកូវីដ១៩លើកទី៣នេះ? ការសូមសំណូមពរ ឬស្នើដល់ប្រជាពលដ្ឋ ឬរាជរដ្ឋាភិបាលអ្វីខ្លះដល់ករណីនេះ?
កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមស្នើសុំឱ្យរាជរដ្ឋាភិបាលនៅតែប្រកាន់នូវគោលជំហររៀងខ្លួនហើយជាពិសេសដាក់កម្រិតឱ្យខ្លាំងចំពោះប្រជាជន ក៏ដូចជាអ្នកដែលយើងសង្ស័យថាពួកគាត់មានជំងឺទាំងអស់នឹង ឱ្យពួកគាត់រក្សារខ្លួនឯងហើយជាពិសេសបើសិនជាមានបញ្ហាថ្លោះធ្លោយដូចជាស្ត្រីជនជាតិចិន៤នាក់នឹងទៀតសូមអោយពួកគាត់ធានាថា បទបញ្ជា ឬអនុក្រឹត្យផ្សេងៗដែលដាក់ចេញទៅធ្វើយ៉ាងណាឱ្យប្រជាជនលឺអនុក្រឹត្យទាំងអស់នឹងហើយធ្វើតាមកុំអោយដូចករណីស្រ្តីជនជាតិចិននឹងទៀត ហើយជាពិសេសខ្ញុំសូមអំពាវនាវឱ្យប្រជាជនទាំងអស់នៅក្នុងមជ្ឍដ្ឋានឬនៅក្នុងសម័យកាលកូវិដ១៩នឹង សូមឱ្យពួកគាត់រក្សាខ្លួនឯងពីព្រោះថាបើសិនជាពួកគាត់កើតជំងឺនឹង មិនមែនតែគាត់ម្នាក់ឯងទេ ពីព្រោះដំណាក់កាលដំបូងយើងអត់ទាន់ដឹងថាយើងកើតជំងឺនឹងទេ ទាល់តែរយៈពេល១៤ថ្ងៃចឹងទៅទើបគាត់អាចដឹង ចឹងបើសិនជាគាត់សង្ស័យថាខ្លួនឯងអាចមានផ្ទុក ឬមានបញ្ហារោគសញ្ញាផ្សេងៗទាក់ទងនឹងជំងឺកូវីដនឹងហើយ សូមរក្សាខ្លួនឯងឱ្យដាច់ឆ្ងាយពីអ្នកដទៃ ជាពិសេសធ្វើអនាម័យឱ្យបានច្រើនដើម្បីការពារខ្លួនឯង និងអ្នកដទៃផងដែរ។
លោក លាស់ លីបលីប៖ អរគុណកញ្ញា ដែលបានចូលរួមចំណាយពេលនូវការផ្តល់មតិយ៉ាងក្បោះក្បាយទៅលើករណីជំងឺកូវីដ១៩នេះ។
កញ្ញា លី សុខនាង៖ ចាស៎!
លោក លាស់ លីបលីប៖ អរគុណច្រើន ខ្ញុំសូមជម្រាបលា។