(ភ្នំពេញ)៖ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​ការឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​ជា​លើកទី៣ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងមុន​ ​ងាយ​ឆ្លងជាងមុន​ និងអាចបណ្តាលឲ្យអ្នកជំងឺស្លាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ជាដើម។

ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក លាស់ លីបលីប អ្នកសារព័ត៌មាន Newsroom Cambodia ជាមួយ​ កញ្ញា លី សុខនាង ជាគ្រូ​បង្រៀន​បឋម​សិក្សា​ម្នាក់​ជុំវិញការព្រួយបារម្ភទាំងនេះ។

លោក លាស់ លីបលីប៖​ បាទ! សូម​ជម្រាបសួរ​កញ្ញា។

កញ្ញា លី សុខនាង៖ ចា៎! សូម​ជម្រាបសួរ។

លោក លាស់ លីបលីប៖ ដោយសារតែបញ្ហាកូវីដជាលើកទី៣ តើកញ្ញាមានការព្រួយបារម្ភអំពីការឆ្លងជំងឺនេះដែរឬទេ?

កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានការព្រួយបារម្ភចំពោះការឆ្លងនៃជំងឺកូវីដ១៩ថ្មី។

លោក លាស់ លីបលីប៖ តើការព្រួយបារម្ភ កញ្ញាព្រួយបារម្ភទៅលើអ្វីខ្លះ?

កញ្ញា លី សុខនាង៖ ទីមួយគឺទាក់ទងនឹងសុខភាព ដោយសារតែជំងឺកូវីដថ្មីដែលកំពុងតែរីករាលដាលនេះគឺវាបានន័យថាវាមានឥទ្ធិពលខ្លាំងជាងកូវីដមុន វាងាយ​នឹង​ឆ្លង​ហើយ​ក៏អា​ច​បណ្តាល​ឲ្យ​អ្នក​ដែល​ផ្ទុក​នៅជំងឺ​នឹង​ស្លាប់​លឿន​ជាង​ជំងឺ​កូវីដ​មុន​ផង​ដែរ​ ​ហើយ​មួយ​ទៀត​នាង​ខ្ញុំភ័យ​ទៅលើ​ ទាក់​ទង​ទៅ​នឹង​សេដ្ឋកិច្ច​ដោយ​សារ​តែ​រាល់ថ្ងៃបើទោះបីជាមានកន្លែងខ្លះអត់ទាន់បានបញ្ឈប់ការងារបុគ្គលិក ប៉ុន្តែចំពោះនាង​ខ្ញុំ​នៅ​តែ​មាន​ការព្រួយបារម្ភ បើសិនជាជំងឺនឹងវាកាន់តែធ្ងន់ធ្ងរឡើងទៅវាអាចនឹងប៉ះពាល់ទៅដល់ការងារហើយសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។

លោក លាស់ លីបលីប៖ ចុះចំពោះគ្រួសារកញ្ញា តើពួកគាត់មានការយល់ឃើញយ៉ាងដូចម្តេចដែរចំពោះករណីកូវីដលើកទី៣នេះ ដែលយើងឃើញថាចំនួនអ្នកឆ្លងកូវីដ១៩ និងកន្លែងពាក់ព័ន្ធជាច្រើន ហើយអាចឈានដល់ការបិទសាលារៀនសារជាថ្មីនេះ?   

កញ្ញា លី សុខនាង៖ និយាយឲ្យមែនទែនទៅចំពោះក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ក៏មិនសូវជាខុសពីនាងខ្ញុំប៉ុន្មានដែរព្រោះពួកគាត់ព្រួយបារម្ភអំពីសុខភាព សេដ្ឋកិច្ចហើយនិង​ដោយសារតែរាល់ថ្ងៃទោះបីជាយើងដឹងថាមានការរីករាលដាលនៃជំងឺកូវីដ ប៉ុន្តែពួកយើងនៅតែបំពេញការងារធម្មតា អីចឹងការធ្វើដំណើរ ឬក៏ការបំពេញការងាររបស់ពួកយើងនឹងក៏អាចប្រឈមទៅនឹងជំងឺនឹងខ្លាំង ខ្លាំងជាងបើសិនជាយើងអត់នៅផ្ទះដើម្បីរក្សាសុវត្ថិភាពរបស់ពួកយើង អីចឹងពួកគាត់មានការព្រួយបារម្ភដូចនាងខ្ញុំ អីចឹងដែរ។

លោក លាស់ លីបលីបហើយកាលពីថ្ងៃទី២០ ខែកុម្ភៈ សម្តេចបានលើកឡើងថានេះជាការធ្វេសប្រហែសរបស់សន្តិសុខសណ្ឋាគារសុខា ដែលបណ្តាលឱ្យជនជាតិចិនស្រ្តី៤នាក់ចេញមកដើរលេងខាងក្រៅពីបរិវេណ​ នៃការធ្វើចត្តាឡីស័កដែលក្នុងនោះមាន២នាក់បានរកឃើញកូវិដភ្លាមៗ បន្ទាប់មកក៏បានរីករាលដាលយ៉ាងលឿន។ តើកញ្ញាយល់ឃើញថានេះជាកំសោយរបស់រដ្ឋាភិបាលដែរ ឬទេ ដែលមានការថ្លោះធ្លោយបែបនេះ ទាំងដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យ​នឹងការផាកពិន័យដល់អ្នកដែលមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវនោះ?

កញ្ញា លី សុខនាង៖ ដោយឡែក យើងពុំអាចបន្ទោសទៅខាងរាជរដ្ឋាភិបាលទាំងស្រុងបានទេ យើងមើលឃើញថារាល់ថ្ងៃខាងរាជរដ្ឋាភិបាលក៏គាត់មានសេចក្តីថ្លែងការណ៍ ក៏ដូចជាអនុក្រឹត្យផ្សេងៗទាក់ទងនឹងជំងឺកូវីដ១៩ជាពិសេសឲ្យប្រជាជននឹងរក្សា បានន័យថាការពារខ្លួនឬក៏រក្សាខ្លួនឯងនឹងអោយចៀសឆ្ងាយពីកន្លែងដែលយើងគិតថាអាចងាយនឹងឆ្លងជំងឺកូវីដ១៩ ប៉ុន្តែបើយើងក្រឡេកមកមើលក្នុងករណីដែលស្ត្រីជនជាតិចិន៤នាក់ត្រូវបាន​សន្តិសុខដោះលែងឲ្យចេញទៅក្រៅដើរលេង ឬក៏ធ្វើអ្វីផ្សេងនឹង យើងអាចនិយាយថាវាជាកម្សោយរបស់ខាងសណ្ឋាគារ មួយទៀតដែរ ហើយម្យ៉ាងវិញទៀត វាក៏ទាក់ទងទៅនឹងអនុក្រឹត្យដែលរាជរដ្ឋាភិបាលដាក់ចេញមក ប៉ុន្តែការអនុវត្តនៅក្នុងគោលការណ៍ទាំងអស់នឹងគឺវាពុំសូវទាន់មាន បានន័យថាវាអត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង់ស្ថានភាពទាំងអស់នឹង ចឹងបើសិនជាយើងបន្ទោសទៅខាងតែខាងសណ្ឋាគា ក៏ទៅខាងរាជរដ្ឋាភិបាលតែម្ខាងៗ យើងនិយាយចឹងក៏វាមានអារម្មណ៍ថាវាអត់ត្រឹមត្រូវដែរ។

លោក លាស់ លីបលីប៖ អីចឹងបើទាក់ទងទៅនឹងបញ្ហាប្រជាពលរដ្ឋដែលចូលមកពីប្រទេសថៃយ៉ាងគំហុកដែលរដ្ឋាភិបាល រឹតបន្តឹងបានយ៉ាងល្អនិងប្រកាសស្វែងរកភ្លាមៗតាមបណ្តាញសង្គមហ្វេសប៊ុក ដល់អ្នកដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ប៉ុន្តែក្នុងរាជធានីភ្នំពេញបែរជាបណ្តោយអោយមានជនជាតិចិន ចេញក្រៅបានដោយសេរី តើកញ្ញាយល់ថាការអនុវត្តអាចមានភាពលំអៀងឬទេ?

កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំគិតថាអនុក្រឹត្យដែលរាជរដ្ឋាភិបាលដាក់ចេញមកឱ្យប្រជាជនដែលពួកគាត់ ជាពិសេស អ្នកដែលគាត់ឆ្លងដែនពីថៃទៅកម្ពុជានឹងឱ្យគាត់រក្សា បានន័យថាធ្វើ  ចត្តា​ឡី​ស័ក្ក​ក្នុងរយះពេល១៤ថ្ងៃ អាហ្នឹងគឺជាតួនាទី និយាយទៅគឺ​ជា​តួនាទីរបស់​ប្រជាពល​រដ្ឋខ្លួន​ឯង​ដែរ គាត់ដាក់មកដើម្បីឱ្យយើងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសគាត់​អត់​ចង់​អោយ បើ​សិន​ជា​អ្នកនឹងគាត់ផ្ទុកនៅជំងឺនឹង គាត់អត់ចង់ឱ្យមានការរីករាលដាលតទៅទៀតទេប៉ុន្តែ​បើ​សិនជា​យើង​ក្រឡេកមើលទៅខាងស្រីជនជាតិចិនវិញ យើងអាចនិយាយបានថាពូកគាត់អាច​ព្រ​មានលក្ខណៈ​ថា​អ​ត់​មានការទទួលខុសត្រូវចំពោះខ្លួន​ឯង​ក៏ដូចជាអ្នកដទៃ បើសិនជាគាត់ជាអ្នក​ដែលសង្ស័យថាអាចផ្ទុកឬមានផ្ទុកនូវជំងឺកូវិដ១៩នឹងហើយពូកគាត់គួរតែរក្សាខ្លួនឯងនៅកន្លែងដែលមានសុវត្ថិភាពកុំឱ្យទៅប៉ះពាល់នឹងអ្នកដទៃ ចឹងបើសិនជាយើងនិយាយថាលំអៀង ប្រហែលជាមិនសូវជាប៉ុន្មានទេដោយសារតែគាត់ធ្វើទាំងអស់នឹងគឺ គាត់គិត​ថា​អី​ដែលគាត់ដាក់ចេញទៅ​ប្រជាជនអាចរក្សាខ្លួនពីជំងឺក៏ដូចជាកុំអោយឆ្លងទៅកាន់អ្នកដទៃ អានឹងវាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំចំពោះបញ្ហាទាំងអស់នឹង។

លោក លាស់ លីបលីប៖ អរគុណកញ្ញា ហើយជាចុងក្រោយ តើកញ្ញា​យល់​ឃើញ​បែបណា​ចំពោះ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​លើក​ទី៣​​នេះ?​ ការ​សូម​សំណូម​ពរ ឬស្នើដល់ប្រជាពលដ្ឋ ឬរាជរដ្ឋាភិបាលអ្វីខ្លះដល់ករណីនេះ?

កញ្ញា លី សុខនាង៖ ចំពោះនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមស្នើសុំឱ្យរាជរដ្ឋាភិបាលនៅតែប្រកាន់នូវគោលជំហររៀងខ្លួនហើយជាពិសេសដាក់កម្រិត​ឱ្យខ្លាំងចំពោះប្រជាជន ​ក៏ដូចជាអ្នកដែលយើងសង្ស័យថាពួកគាត់មានជំងឺទាំងអស់នឹង ឱ្យពួកគាត់រក្សារខ្លួនឯងហើយជាពិសេសបើសិនជាមានបញ្ហាថ្លោះធ្លោយដូចជាស្ត្រីជនជាតិចិន៤នាក់នឹងទៀតសូមអោយពួកគាត់ធានាថា បទបញ្ជា ឬអនុក្រឹត្យផ្សេងៗដែលដាក់ចេញទៅធ្វើយ៉ាងណាឱ្យប្រជាជនលឺអនុក្រឹត្យទាំងអស់នឹងហើយធ្វើតាមកុំអោយដូចករណីស្រ្តីជនជាតិចិននឹងទៀត ហើយជាពិសេសខ្ញុំសូមអំពាវនាវឱ្យប្រជាជនទាំងអស់នៅក្នុងមជ្ឍដ្ឋានឬនៅក្នុងសម័យកាលកូវិដ១៩នឹង សូមឱ្យពួកគាត់រក្សាខ្លួនឯងពីព្រោះថាបើសិនជាពួកគាត់កើតជំងឺនឹង មិនមែនតែគាត់ម្នាក់ឯងទេ ពីព្រោះដំណាក់កាលដំបូងយើងអត់ទាន់ដឹងថាយើងកើតជំងឺនឹងទេ ទាល់តែរយៈពេល១៤ថ្ងៃចឹងទៅទើបគាត់អាចដឹង ចឹងបើសិនជាគាត់សង្ស័យថាខ្លួនឯងអាចមានផ្ទុក ឬមានបញ្ហារោគសញ្ញាផ្សេងៗទាក់ទងនឹងជំងឺកូវីដនឹងហើយ សូមរក្សាខ្លួនឯងឱ្យដាច់ឆ្ងាយពីអ្នកដទៃ ជាពិសេសធ្វើអនាម័យឱ្យបានច្រើនដើម្បីការពារខ្លួនឯង និងអ្នកដទៃផងដែរ។

លោក លាស់ លីបលីប៖ អរគុណកញ្ញា ដែលបានចូលរួមចំណាយពេលនូវការផ្តល់មតិយ៉ាងក្បោះក្បាយទៅលើករណីជំងឺកូវីដ​១៩​នេះ។

កញ្ញា លី សុខនាង៖ ចាស៎!

លោក លាស់ លីបលីប៖ អរគុណច្រើន ខ្ញុំ​សូមជម្រាបលា។