ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន២លានដុល្លារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រស្តារសហគមន៍មូលដ្ឋានឡើងវិញ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។
យោងតាមការផ្សាយរបស់គេហទំព័រក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បញ្ជាក់ថា លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានជួបជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Claire CONAN ជាតំណាង និងជានាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គេហទំព័រក្រសួងមហាផ្ទៃដដែលបន្ថែមថា ក្នុងជំនួបនោះ លោក ង៉ាន់ ចំរើន បានលើកឡើងពីផលប៉ះពាល់ប្រជាពលរដ្ឋដោយឥទ្ធិពលគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។
លោកបានរៀបរាប់ថា៖ «ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ និងបានធ្វើឱ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់ខ្លាំងដល់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ»។
លោកបានបន្តថា លោកនឹងសហការជិតស្និទ្ធជាមួយ គ.ជ.អ.ប និងដៃគូនានា ក្នុងការវាយតម្លៃគ្រប់ជ្រុងជ្រោយ ក្នុងតំបន់រងគ្រោះដោយទឹកជំនន់ និងគាំទ្រស្តារសហគមន៍ឡើងវិញ តាមរយៈស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាត ពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងស្តីពីសន្តិសុខស្បៀង ត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយដែលផ្តោតលើឃុំចំនួន១៦ ដែលមាននៅខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
ក្នុងជំនួបនោះដែរ លោក Mikami Masahiro បានលើកឡើងពីផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិផងដែរ ។
លោកបានលើកឡើងថា៖ «កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនដូចជា បង្កឱ្យមានការបាត់បង់ជីវិត និងការខូចខាតផ្នែករូបវ័ន្តទៅលើទ្រព្យសម្បត្តិជាច្រើន។ ក្នុងនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ផ្តល់ក្តីសង្ឃឹមដោយស្មោះថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់»។
ពាក់ព័ន្ធករណីនេះ ស្ថានទូតជប៉ុននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រាប់ Newsroom Cambodia តាមរយៈអ៊ីមែលថា គម្រោងពាក់ព័ន្ធជំនួយឥតសំណងនេះមានទំហំទឹកប្រាក់២លានដុល្លារ និងកំពុងស្ថិតក្នុងដំណាក់រៀបចំ និងសិក្សានៅឡើយ។
ដោយក្នុងអ៊ីមែលបញ្ជាក់ថា៖ «គម្រោងនេះគឺទើបតែត្រូវបានចុះហត្ថលេខាដែលស្ថិតក្នុង Designing stage [ដំណាក់កាលរៀបចំ] ដូច្នេះយើងមិនទាន់មានរបាយការណ៍នៅឡើយទេ»។
លោកស្រី Claire CONAN បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលគំាទ្រដល់ជួយប្រជាពលរដ្ឋក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ ដែលវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយការពារជីវភាព ស្បៀង និងវិបត្តិនាពេលអនាគត។
លោកស្រីបាននិយាយថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់កិច្ចការការកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះដែលរស់នៅក្នុងសហគមន៍ដែលងាយជន់លិចដោយទឹកជំនន់ និងបានប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ ហើយជំនួយនេះនឹងជួយការពារពួកគាត់ពីវិបត្តិនាពេលអនាគត»។
លោកស្រីបានបន្តទៀតថា ប្រទេសកម្ពុជាមានគ្រោះទឹកជំនន់៤លើកមកហើយក្នុងមួយទស្សវត្សកន្លងមកនេះ ហើយខែតុលាឆ្នាំមុនជាលើកចុងក្រោយ ដែលទឹកជំនន់ធ្វើឱ្យក្រុមគ្រួសារចំនួន ១៤,២៩៩គ្រួសារ បានផ្លាស់ប្តូរទីលំនៅ និងប៉ះពាល់ផ្ទាល់ចំនួន ១៧៦,០០០គ្រួសារ (ជិត៨០០,០០០នាក់) ក្នុងខេត្ត១៤ នឹងបានបំផ្លាញលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដីកសិកម្ម និងដំណាំជាដើម។
ការគាំទ្រលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ១០ឆ្នាំកន្លងមកនេះ តាមរយៈជំនួយជាសម្ភារៈ (អង្ករ និងត្រីកំប៉ុង) និងទឹកប្រាក់ ក្រោមភាពជាដៃគូរបស់កម្មវិធីស្បៀងអាហារពិភពលោកបានចូលរួមវិភាគទានចំនួន២២លានដុល្លារអាមេរិក។ ដោយឡែកឆ្នាំ២០១៩ ប្រទេសជប៉ុនបានវិភាគទានចំនួន២,៧លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធនធានរបស់សហគមន៍នៅកម្ពុជា ដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះអាសន្ន៕