រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសស្វែករកអ្នកពាក់ព័ន្ធដែលបានចូលរួមអាពាហ៍ពិពាហ៍មួយកន្លែងនៅឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពីមានបុរសម្នាក់រស់នៅរាជធានីភ្នំពេញ ទៅចូលរួមមង្គលការនោះ បានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា រដ្ឋបាលខេត្ត អំពាវនាវដល់អ្នកដែលបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ និងអ្នកពាក់ព័ន្ធនឹងហេតុការណ៍កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ឱ្យមកពិនិត្យសុខភាពតាមមណ្ឌលសុខភាពជិតកន្លែងស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «បន្ទាប់ពីមានបុរសម្នាក់ដែលរស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍ក្មួយនៅខេត្តកំពង់ចាមកាលពីថ្ងៃទី២១ ខែកុម្ភៈ ហើយបានត្រឡប់មកផ្ទះវិញជាធម្មតានៅពេលហូបការរួច ដែលមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ទើបក្រសួងសុខាភិបាលបានប្រកាសថា បុរសនោះមានផ្ទុកជំងឺកូវីដ១៩»។
សេចក្តីប្រកាសដដែលបន្ថែមថា រដ្ឋបាលខេត្តកំពង់ចាមបានចាត់មន្ត្រីសុខាភិបាល ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធហេតុការណ៍ដែលរួមមាន ឪពុកម្តាយកូនក្រមុំ កូនកំលោះ កូនក្រមុំ បន្ទាប់ពីថ្ងៃមង្គលការរួចបានត្រឡប់មកភ្នំពេញវិញ និងបានស្នាក់នៅម្តុំពេទ្យកាល់ម៉ែត្រ។ ចំណែកឯឪពុកម្តាយកូនកំលោះបានត្រឡប់ទៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកទឹកឈូរ ខេត្តកំពត ហើយអ្នករួមតុផ្ទាល់ជាមួយអ្នកមានផ្ទុកជំងឺកូវីដ១៩ គឺក្រុមសម្អាងការ អ្នកថតរូប ក្រុមចុងភៅ ដែលរស់នៅស្រុកស្រីសន្ធរ និងប្រជាពលរដ្ឋ២នាក់ទៀត ដែលរស់នៅស្រុកកងមាស។
រដ្ឋបាលខេត្តកំពងចាមក៏បានប្រាប់ទីតាំងដើម្បីទៅពិនិត្យសុខភាព និងយកសំណាក ដែលមន្ទីរសុខាភិបាលបានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា៖ «សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្តខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺប្រល័យនេះ»។
បើតាមទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៧៤១នាក់ ដែលក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន២៦២នាក់៕