រដ្ឋបាលខេត្តកំពង់ចាម បានចេញ​សេចក្តី​ប្រកាស​ស្វែករក​អ្នក​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​អាពាហ៍​ពិពាហ៍មួយកន្លែងនៅឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពី​មាន​បុរស​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ ទៅ​ចូលរួម​មង្គល​ការ​នោះ បានពិនិត្យ​ឃើញ​មានផ្ទុកជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​​​ចេញ​នៅ​​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​​របស់រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ ​អំពាវនា​វ​ដល់​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍ និង​អ្នកពាក់ព័ន្ធនឹងហេតុការណ៍កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ភូមិ​កោះតូច ឃុំពាមជីកង ស្រុកកងមាស ឱ្យ​មក​​​ពិនិត្យ​សុខភាព​តាម​មណ្ឌល​សុខភាព​ជិត​កន្លែង​ស្នាក់នៅ ឬ​រាយការណ៍​​ទៅ​អាជ្ញាធរ​ជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មាននោះ​បញ្ជាក់​ថា៖ «បន្ទាប់ពីមានបុរសម្នាក់ដែលរស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ​បាន​ទៅ​ចូលរួ​ម​ពិធី​អាពាហ៍ពិពាហ៍​ក្មួយនៅខេត្តកំពង់ចាមកាលពីថ្ងៃទី២១ ខែកុម្ភៈ ហើយ​បានត្រឡប់មកផ្ទះវិញជាធម្មតានៅពេលហូបការរួច ដែលមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ទើប​ក្រសួង​សុខាភិបាលបានប្រកាសថា បុរសនោះមានផ្ទុកជំងឺកូវីដ១៩»។    

សេចក្តី​ប្រកាស​ដដែល​បន្ថែមថា រដ្ឋបាលខេត្តកំពង់ចាម​បានចាត់មន្ត្រីសុខាភិបាល ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធហេតុការណ៍ដែលរួមមាន ឪពុកម្តាយកូនក្រមុំ កូនកំលោះ កូនក្រមុំ បន្ទាប់ពីថ្ងៃមង្គលការរួចបានត្រឡប់មកភ្នំពេញវិញ និងបានស្នាក់នៅម្តុំពេទ្យកាល់ម៉ែត្រ។ ចំណែក​ឯ​ឪពុកម្តាយកូនកំលោះបានត្រឡប់ទៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកទឹកឈូរ ខេត្តកំពត ហើយ​អ្នករួមតុផ្ទាល់ជាមួយអ្នកមានផ្ទុកជំងឺកូវីដ១៩ គឺក្រុមសម្អាងការ អ្នកថតរូប ក្រុមចុងភៅ ដែល​រស់នៅ​ស្រុក​ស្រី​សន្ធរ និងប្រជាពលរដ្ឋ២នាក់ទៀត ដែលរស់នៅស្រុកកងមាស។

រដ្ឋបាលខេត្តកំពងចាមក៏បានប្រាប់ទីតាំងដើម្បីទៅពិនិត្យសុខភាព និងយកសំណាក ដែល​មន្ទីរសុខា​ភិបាល​បាន​រៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និង​នៅ​មណ្ឌល​សុខភាព​ស្វាយ​ខ្សាច់​ភ្នំ ស្រុកស្រីសន្ធរ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​សរសេរ​ថា៖ «សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្តខ្ពស់ និង​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួននូវវិធានការការពារ ដោយ​ឡែក​បងប្អូន​ដែល​មាន​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​បុរស​ខាងលើ ត្រូវ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺប្រល័យនេះ»។

បើតាមទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដសរុ​ប​ចំនួន៧៤១នាក់ ដែលក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន​២៦២នាក់៕