រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
ដោយសារតែវិបត្តិកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសឱ្យសិស្សថ្នាក់ទី១២ ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការប្រឡងឡើយ ។
ទន្ទឹមនឹងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យសិស្សនិស្សិតទាំងអស់ជាប់ដោយស្វ័យប្រវត្តិ មាននិស្សិតមួយចំនួនក៏សប្បាយរីករាយ ហើយមានសិស្សនិស្សិតមួយចំនួនទៀតហាក់មិនពេញចិត្តនឹងលទ្ធផលនេះ។ ភាគច្រើននិស្សិតដែលមិនពេញចិត្តគឺជានិស្សិតដែលជ្រើសរើសសិក្សាផ្នែកវិទ្យាសាស្ត្រពិត នេះក៏ដោយសារតែពួកគេជ្រើសរើសយកជំនាញមួយចំនួន ដែលជំនាញទាំងអស់នោះត្រូវការនិទ្ទេសជាចាំបាច់ដើម្បីបានសិក្សាដូចជា ជំនាញសុខាភិបាល សំណង់ស៊ីវិល និងសិក្សាក្រៅប្រទេសជាដើម។
ដោយសារតែជំងឺកូវីដ១៩ ចេះតែបន្តរីករាលខ្លាំងឡើងពីមួយលើកទៅមួយលើក សាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏បង្ខំចិត្តរៀនទាំងបិទសាលា ដោយងាកមកសិក្សាតាមប្រព័ន្ធអនឡាញ (Online) ជំនួសវិញ ក្នុងនោះក៏មានសាកលវិទ្យាល័យដែលវិសាលកំពុងសិក្សាផងដែរ ។
ក៏ព្រោះតែវិសាលគឺជានិស្សិតម្នាក់ ដែលទើបតែមកស្នាក់នៅទីក្រុងភ្នំពេញថ្មីថ្មោង ហើយមិនសូវជាយល់ដឹងច្បាស់អំពីការប្រើប្រាស់អ៊ីនធឺណេត ស្របពេលសាលារបស់គេតម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញ ជាហេតុធ្វើឱ្យគេមានការលំបាកជាខ្លាំងក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ គុណវិបត្តិដែលវិសាលតែងតែជួបប្រទះជាញឹកញាប់ អំឡុងពេលសិក្សាតាមប្រព័ន្ធអ៊ីនធឺណេតមានដូចជា យឺតយ៉ាវក្នុងការចូលរៀន អ៊ីនធើណេតយឺត (Internet Slow) ភាសានៅមានកម្រិត (អង់គ្លេស) និងរៀនមិនសូវទាន់គេជាដើម ។
ទោះជាយ៉ាងណាក៏ដោយ វិសាលបានប្រាប់ខ្ញុំផ្ទាល់តាមប្រព័ន្ធទូរស័ព្ទថា គេនឹងមិនបោះបង់ចោលងាយៗឡើយ ព្រោះនេះជាក្ដីស្រមៃរបស់គេតាំងពីកុមារភាពមក ដែលចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យក្រោយពេលជាប់បាក់ឌុប ។
នាពេលអនាគត រតនៈ វិសាល ចង់ក្លាយទៅជាអ្នកគ្រប់គ្រងនៅស្ថាប័នណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមខ្ញុំជាសិស្សច្បងម្នាក់ ក៏ដូចជាអ្នកស្រុកភូមិជាមួយគ្នា ខ្ញុំក៏បានលើកទឹកចិត្ត និងបំផុសគំនិតឱ្យគេខិតខំសិក្សារៀនសូត្រ និងអត់ធ្មត់ជាមួយនឹងបញ្ហាទាំងអស់ដែលកំពុងតែកើតមានចំពោះគេ ព្រោះថារាល់រឿងរាវដែលថ្មីសម្រាប់នរណាម្នាក់តែងតែមានឧបសគ្គជានិច្ច គឺវាតម្រូវឱ្យយើងពុះពារ ព្យាយាម ដោយក្ដីអំណត់ និងអត់ធ្មត់។
«ត្រូវតែព្យាយាម ទោះដឹងថាមិនងាយស្រួល»