មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដផលិតនៅប្រទេសឥណ្ឌាដល់កម្ពុជាចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលោកនឹងចាក់វ៉ាក់សាំងនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលលើបណ្តាញសង្គមហ្វេកប៊ុក នៅថ្ងែទី២៨ ខែកុម្ភៈ នេះជាលើកដំបូងហើយដែលកូវ៉ាក់បានផ្តល់វ៉ាក់សាំងដល់កម្ពុជាជាវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute)។
មជ្ឈមណ្ឌលកូវ៉ាក់ គឺដឹកនាំដោយអង្គការជាច្រើនរួមមានអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយអង្គការយូនីសែហ្វ (UNICEF) ហើយកម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលនឹងទទួលបាន។
នេះជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មាន និងដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្តិភាព ក្នុងការការពារជំងឺកូវីដ១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លើបណ្តាញសង្គមហ្វេកប៊ុក លោកហ៊ុន សែន នៅថ្ងែទី២៨ ខែកុម្ភៈនេះ បានអរគុណប្រទេសនានា ក្រុមហ៊ុន និងសប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយតាមរយៈកូវ៉ាក់។
«ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័តមានផងដែរ»៕