មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដផលិតនៅប្រទេសឥណ្ឌាដល់កម្ពុជាចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១​​ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលោកនឹងចាក់វ៉ាក់សាំងនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលលើបណ្តាញសង្គមហ្វេកប៊ុក នៅថ្ងែទី២៨ ខែកុម្ភៈ ​នេះជា​លើ​ក​ដំ​បូងហើយ​ដែលកូ​វ៉ា​ក់​បានផ្តល់វ៉ាក់សាំងដល់កម្ពុ​​ជា​​​ជាវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិត​​ដោយវិ​​ទ្យាស្ថានសេរ៉ុម (Serum Institute)។

មជ្ឈ​ម​ណ្ឌ​ល​កូ​វ៉ា​ក់​ គឺដឹកនាំដោយអង្គការជាច្រើនរួមមានអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយអង្គការយូនីសែហ្វ (UNICEF) ហើយកម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ប៉ាស៊ីហ្វិកខាង​លិ​ច​ដែលនឹងទទួល​​បាន។

នេះជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មាន និងដើម្បីជួយសម្របសម្រួលផ្តល់ឱ្យ​ប្រទេ​សទាំ​ង​អ​ស់​នៅ​ក្នុងពិភពលោក នូវសម​ភាព​ទ​ទួ​ល​បា​ន​វ៉ា​ក់​សាំង​ប្រ​ក​ប​ដោ​យ​សុ​វ​ត្តិ​ភា​ព​ ​ក្នុ​ង​កា​រ​កា​រ​ពា​រ​ជំ​ងឺ​កូ​វី​ដ​​១​៩​ ​ឱ្យ​បានឆាប់តាមដែលអាច​ធ្វើទៅ​បា​ន​។

លើបណ្តាញសង្គមហ្វេកប៊ុក លោកហ៊ុន​ សែន នៅថ្ងែទី២៨ ខែកុម្ភៈនេះ បានអរគុណប្រទេសនានា ក្រុមហ៊ុន និងសប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយតាមរយៈកូវ៉ាក់។

«ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័តមានផងដែរ»៕