កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ នៅតាមកន្លែងដែលដែលបានកំណត់។ នេះយោងតាមក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការអំពារនាវឲ្យកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញមកទទួលយកវ៉ាក់សាំងការពារកូវីដ១៩ Sinopharm គឺសម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។
ក្រសួងក៏បានកំណត់យកមន្ទីពេទ្យបង្អែកចំនួន៨នៅក្នុងក្រុង ដើម្បីជាភាពងាយស្រួលដល់បងប្អូនដែលមានបំណងចាក់វ៉ាក់សាំង ដែលទីតាំងទាំង ៨នោះ មានដូចជា៖ មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីពេទ្យបង្អែកច្បារអំពៅ មន្ទីពេទ្យបង្អែកមិត្តភាពចិន-កម្ពុជា មន្ទីពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ មន្ទីពេទ្យបង្អែកព្រែកព្នៅ មន្ទីពេទ្យបង្អែកដង្កោ មន្ទីពេទ្យបង្អែកចតុមុខ និងមន្ទីពេទ្យបង្អែកពោធិចិនតុង។
សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ផងដែរថា ក្រសួងបានពង្រីកទីតាំងចាក់វ៉ាក់សាំងដល់គ្រប់រាជធានី-ខេត្តទូទាំង២៥ ហើយនឹងជម្រុញការចាក់វ៉ាក់សាំងឲ្យមានវិសាលភាពកាន់តែទូលំទូលាយ។
«ទីតាំងវ៉ាក់សាំងទាំងអស់ដែលមានការអនុញ្ញាតពីក្រសួងរួចហើយនោះ ត្រូវបន្តចាក់ជូនប្រជាជនតាមក្រុមមនុស្សរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ និងថ្ងៃឈប់សំរាកផ្លូវការ) ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច និងសម្រាកហូបអាហាថ្ងៃត្រង់ចាប់ពីម៉ោង១២:០០-២:០០»។
ក្នុងសេចក្ដីជូនដំណឹងដដែលនោះ ក្រសួងក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ អញ្ជើញមកចាក់ដូសទីពីរក្នុងរយៈពេល១៤ ទៅ២៨ថ្ងៃ ចាប់ពីថ្ងៃចាក់លើកទី១ នៅកន្លែងខ្លួនបានចាក់ដំបូងកុំបីខាន។
«សូមបងប្អូនក្នុងក្រុមអាតិភាពផ្សេងៗទៀតដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ មេត្តាអធ្យាស្រ័យបើមិនទាន់ដល់វេនរបស់ខ្លួននោះទ សូមមេត្តារង់ចាំបន្តិចព្រោះពេលនេះវ៉ាក់សាំងមានចំនួនកំណត់»។
គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទាំងនេះគឺជាអំណោយពីប្រទេសចិន ដែលមានចំនួន៦០ម៉ឺនដូស ដែលបានផ្តល់ឲ្យកាលពីពេលថ្មីៗនេះ៕