រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជា១០,៨លានដុល្លារអាមេរិក (១,១៣២ លានយ៉េន) សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៏នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើបណ្តាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
«ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
ដោយសារការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ ១៩ និងដើម្បីចូលរួមទប់ស្កាត់ ភាគីទាំងពីរបានធ្វើការចុះហត្ថលេខាលើលិខិតប្តូរសារនេះនៅនឹងកន្លែងរៀងៗខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ជប៉ុនបានផ្តល់ជំនួនឥតសំណងដល់កម្ពុជាចំនួន២លានដុល្លារ សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រស្តារសហគមន៍មូលដ្ឋានឡើងវិញ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ៕