ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩នាក់ បើប្រៀបធៀបម្សិលម៉ិញកើនឡើងចំនួន១៣នាក់ ហើយដែលភាគច្រើនជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មិនមានករណីជាសះស្បើយទេ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ។
របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៩នាក់ មាន៣៥នាក់ជា អ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមមានជនជាតិចិនចំនូន២៥នាក់ ជនជាតិវៀតណាមចំនួន៦នាក់ និងជនជាតិខ្មែរចំនួន៥នាក់ ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងចំនួន៤នាក់ជាកងទ័ពមួកខៀវកម្ពុជាបម្រើការនៅអង្គការសហប្រជាជាតិ ដែលធ្វើដំណើរចូលមកកម្ពុជាវិញ។
តាមរយៈបណ្តាញសង្គមហ្វេកប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈថា មានទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍កូវីដ ១៩ ឆ្លងសហគមន៍២០កុម្ភៈ សរុប៨១កន្លែង ក្នុងនោះមានក្រុងព្រះសីហនុ ចំនួន៧កន្លែងផងដែរ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញផងដែរថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៨០៥នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន៣២៨នាក់៕