អង្គការសមាគមឥន្ទធនូកម្ពុជា ហៅកាត់ថា (រ៉ក់) នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសបោះពុម្ពផ្សាយសាកល្បងសៀវភៅគំនូរត្លុក «ឥន្ទធនូកណ្ដាលភ្លៀង» លើកដំបូងរបស់ខ្លួន ដែលរៀបរាប់ពីរឿងពិតរបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាសមាជិកនៃអង្គការនេះ បំណងបញ្ជ្រាបការយល់ដឹង ឲ្យកាន់ទូលំទូលាយអំពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTIQ+) ទៅដល់មហាជនទូទៅ ដើម្បីកាត់បន្ថយការរើសអើង។
ឥន្ទធនូកណ្ដាលភ្លៀង ជាសៀវភៅត្លុក បង្ហាញពីរឿងរ៉ាវរបស់យុវជនជនបទម្នាក់ឈ្មោះ សុភាព ដែលបានចាកចេញពីស្រុកកំណើត មកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ បរិយាកាសថ្មីនៃទឹកដីទីក្រុង សុភាព បានព្យាយាមស្វែងរកអំពីអត្តសញ្ញាណខ្លួនឯង និងជួបប្រទះបញ្ហាព្យុះភ្លៀង ភាពល្វីងជូរចត់សព្វបែបយ៉ាង តែសំណាងល្អ គេមិនបានឆ្លងឧបសគ្គទាំងនោះតែម្នាក់ឯងទេ។ ឯសៀវភៅត្លុកក្នុងន័យនេះ គឺជាឈ្មោះបច្ចេកទេសដែលយកមកផ្សព្វផ្សាយ ដោយបង្ហាញជាគំនូររូបភាពបែបតុក្កតា អាចឲ្យអ្នកអានមើលយល់ អមដោយប្រយោគសន្ទនាខ្លីៗផងដែរ។ នេះបើតាមការឲ្យដឹងពីអង្គការឥន្ទធនូកម្ពុជា។
ផ្ដល់សម្ភាសជាមួយ Newsroom Cambodia ទុយ រស្មី ជំនួយការផ្នែកទំនាក់ទំនងអង្គការនេះបានលើកឡើងថា បំណងនៃការបោះពុម្ពផ្សាយសៀវភៅ «ឥន្ទធនូកណ្ដាលភ្លៀង» មានចេតនាចង់ឲ្យមហាជនគ្រប់គ្នាបានស្វែងយល់ ទាំងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងន័យផ្ដល់ការលើកទឹកចិត្តពួកគាត់តាមរយៈការបង្ហាញដំណោះស្រាយផ្សេង ដែលអាចស្វែងរកបាននៅជុំវិញខ្លួនរបស់ពួកគេ ព្រមទាំងក្រុមគ្រួសារនៃអ្នកស្រឡាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋានជាដើម។ រស្មី បន្ថែមថា ប្រសិនបើគ្រប់គ្នាមានការយល់ដឹង ការទទួលស្គាល់ ការគោរព ក្នុងសង្គម មានការការពារផ្នែកច្បាប់ គោលនយោបាយសាធារណៈសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា គឺអាចបង្កបរិយាកាសដ៏មានសុវត្ថិភាពដល់អ្នកស្រឡាញ់ដូចគ្នា ក្នុងការបញ្ចេញសមត្ថភាពពេញលេញ ចូលរួមចំណែកជាកោសិកាល្អរបស់ជាតិមាតុភូមិ។
រស្មីបញ្ជាក់បន្ថែមថា ឥន្ទធនូ គឺមានភាពស្រស់ស្អាតចម្រុះពណ៌ ហើយក៏ជាផ្នែកមួយនៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហើយកាលណាសង្គមបានយល់ដឹងពីភាពចម្រុះពណ៌នៃក្ដីស្រឡាញ់ នោះការរើសអើងនឹងមានការថមថយ។
«ជាក្ដីសង្ឃឹម ក្នុងការផ្សព្វផ្សាយសៀវភៅនេះ និងការបន្ដកិច្ចការតាមរយៈសកម្មភាពផ្សេងៗរបស់ពួកយើង គឺជាចំណែកក្នុងការបង្កើនចំណេះដឹង និងការយល់ចិត្តដល់អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីឈានទៅរកភាពសុខដុមរមនាក្នុងសង្គម និងទាំងអស់គ្នាត្រូវបានការពារដោយស្មើគ្នា»។
រស្មី បានបន្ថែមថា ក្នុងបរិបទសង្គមកម្ពុជា ទោះមិនទាន់បានល្អ តែក៏មិនអាក្រក់ពេកដែរ សម្រាប់ការយល់ដឹងពីអ្នកស្រឡាញ់ភេទដូចគ្នា។
«កន្លងមក ធ្លាប់មានមតិគាំទ្រដល់ពួកយើង តែក៏មានការមិនគាំទ្រដែរ ហើយមិនមែន យើងធ្វើតែមួយរឿងហ្នឹងទៅ មហាជនអាចបើកចំហចិត្តពួកគាត់ទាំងអស់ភ្លាមទេ ប៉ុន្ដែយើងនៅតែបន្ដ ហើយឃើញពន្លឺ ជាចំណុចវិជ្ជមាន ដូចជាអាជ្ញាធរបើកចិត្តចូលរួមសហការ ហើយថែមទាំងគាំទ្រការពារដល់ក្រុមសហគមន៍ពួកយើង ក្រុមគ្រួសារសាច់ញាតិចាប់ផ្ដើមទទួលកូនចៅរបស់ពួកគាត់ បរិយាកាសកន្លែងធ្វើការ សាលារៀន និងសង្គម មានភាពល្អប្រសើរសម្រាប់គ្រប់គ្នា ហ្នឹងហើយជាចំណុចវិជ្ជមាននៃការកាត់បន្ថយការរើសអើង។ ឯអ្នកស្រឡាញ់ភេទដូចគ្នា ពួកគាត់ចាប់ផ្ដើមមានភាពក្លាហានបង្ហាញអត្តសញ្ញាណ និងរស់នៅក្នុងភាពជាខ្លួនឯង»។
រស្មី បន្ថែមថា នៅកម្ពុជា ទោះមិនទាន់មានការអនុញ្ញតិច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ ប៉ុន្ដែយើងមានការគាំទ្រ និងការលើកទឹកចិត្ត ជាពិសេសកន្លងមកតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលនូវអនុសាសន៍ពីរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR) មានដូចជាច្បាប់ ការការពារ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដែលជាពន្លឺវិជ្ជមានមួយថានាពេលអនាគតអាចនឹងមានសមភាពសិទ្វិ និងច្បាប់សមស្របសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
គួរបញ្ជាក់ដែរថា សមាគមឥន្ទធនូកម្ពុជា ហៅកាត់ថា (រ៉ក់) ជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកស្រឡញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បំណងគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដើម្បីធានាឲ្យបានការការពាររយៈពេលយូរអង្វែង ព្រមទាំងការគាំទ្រសមភាពសិទ្ធិ និងការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា និងគ្រួសាររបស់ពួកគេ។ ហើយសម្រាប់ថវិកាដែលបានពីការធ្វើវិភាគក្នុងការជាវសៀវភៅត្លុកនេះ នឹងយកមកប្រើប្រាស់សម្រាប់ត្រៀមជាកញ្ចប់គាំទ្រ ដើម្បីឆ្លើយតបនឹងស្ថានភាពបន្ទាន់របស់សមាជិកសហគមន៍ឥន្ទធនូកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវិដ‑១៩ និងសកម្មភាពការងារមួយចំនួនរបស់រ៉ក់៕