ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោកបានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន។
លោកហ៊ុន សែន ក៏បានថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងសម្តេចម៉ែឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។
សូមរំឮកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ នេះបើយោងតាមទំព័រហ្វេកប៊ុក Press OCM អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី៕