ចៅអធិការវត្តកែង និងមន្ត្រីសង្ឃខេត្តក្រចេះ សាងសង់សាលាបឋមសិក្សាមួយអគារនៅតំបន់ដាច់ស្រយាល ក្នុងខេត្តក្រចេះរួចរាល់ជាស្ថាពរ សម្រាប់សិស្សចំនួន៦០នាក់។
បើតាមថេរៈដីកាលោកម្ចាស់សិរីបាលលោ យាន សំណាង បានប្រាប់សិក្ខាកាមសារព័ត៌មាន Newsroom Cambodia ថា សាលារៀននេះស្ថិតនៅភូមិរលំព្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចាប់ផ្ដើមកសាងនៅថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់រួចរាល់ (អំឡុងខែមីនា ឆ្នាំ២០២០) ប៉ុន្តែមកដល់ពេលនេះមិនទាន់ពិធីសម្ពោធ និងឆ្លងនៅឡើយទេ ដោយសារការរីករាលដាលជំងឺកូវីដ១៩។ ព្រះអង្គបន្ថែមថា មូលហេតុនៃការផ្ដើមកសាងសាលារៀននេះគឺកាលពីឆ្នាំ២០១៨ លោកម្ចាស់សិរីបាលោ យាន សំណាង បានចុះទៅទីតាំងនេះផ្ទាល់ បានឃើញក្មេងៗរៀនលើសាលាឆទានក្នុងភូមិ។
ព្រះអង្គក៏បានបន្ថែមថា៖ «អាត្មាភាពបាននាំសម្ភារៈសិក្សាទៅចែកក្មេងៗកាលពីពាក់កណ្ដាលឆ្នាំ២០១៨ បានឃើញថាក្មេងៗនៅទីនោះក្រាបរៀនលើសាលាឆទាន ដែលជាកន្លែងពុទ្ធសាសនិកជនបានកសាងសម្រាប់ភូមិដាច់ស្រយាលរបស់ពួកគេ»។
ព្រះអង្គក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ ជួយចូលរួមកសាងសាលាដល់ក្មេងៗនៅតាមទីជនបទផង ព្រោះនៅមានក្មេងៗតាមជនបទជាច្រើន ដែលចង់សិក្សារៀនសូត្រ ហើយការជួយពួកគេនោះ ក៏ជាការចូលរួមលើកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសតាមតំបន់ដាច់ស្រយាល ណាមួយក៏ស្របតាមព្រះពុទ្ធដីកាថា ធម្មទានឈ្នះអស់ទានទាំងពួង។
ព្រះអង្គក៏មានសារចុងក្រោយថា៖ «សូមផ្តាំទៅប្អូនៗសិក្សានុសិស្សទាំងអស់ សូមប្រឹងប្រែងរៀនសូត្រដើម្បីអាចជួយខ្លួនឯង និងសង្គមជាតិបានមានតែការរៀនទេ ទើបអាចធ្វើឱ្យរួចចាកពីភាពអវិជ្ជា និងភាពក្រីក្របាន»។
មកដល់ពេលនេះ Newsroom Cambodia មិនអាចសុំធ្វើការបន្ថែមពីលោកនាយកសាលាបឋមសិក្សានោះបានទេ ដោយសារមិនមានការឆ្លើយតប និងពិបាកក្នុងការទាក់ទង។
គួរបញ្ជាក់ដែរថា សាលាបឋមសិក្សារខាងលើនេះ ចំណាយទឹកប្រាក់សរុបប្រមាណ ៧៣,២០០,០០០រៀល (១៨,៣០០ដុល្លា) ហើយសមិទ្ធផលសម្រេចបានរួមមាន សាលាបីបន្ទប់ បន្ទប់ទឹក២ អណ្ដូងទឹក១ ដងទង់ជាតិ១ និងចាក់ដីក្នុងទីធ្លាសាលាសរុបប្រមាណជា៧០ឡានធំៗ៕