ចៅអធិការវត្តកែង និងមន្ត្រីសង្ឃខេត្តក្រចេះ សាងសង់​សាលា​បឋមសិក្សា​មួយ​អគារ​នៅ​តំបន់​ដាច់​ស្រយាល ក្នុង​​ខេត្តក្រចេះរួចរាល់ជាស្ថាពរ សម្រាប់​សិស្ស​ចំនួន​៦០​នាក់។

បើតាមថេរៈដីកាលោកម្ចាស់សិរីបាលលោ យាន សំណាង បានប្រាប់​​សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia ថា សាលារៀននេះស្ថិតនៅភូមិរលំព្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ត​​ក្រចេះ ចាប់ផ្ដើមកសាងនៅថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់រួចរាល់ (អំឡុង​ខែមីនា ឆ្នាំ២០២០) ប៉ុន្តែមកដល់ពេលនេះមិនទាន់ពិធីសម្ពោធ និងឆ្លងនៅឡើយទេ ដោយ​សារ​ការរីករាលដាលជំងឺកូវីដ១៩។ ព្រះ​អង្គ​បន្ថែមថា មូលហេតុ​នៃការផ្ដើម​កសាង​សាលារៀន​នេះ​គឺ​កាលពីឆ្នាំ២០១៨ លោកម្ចាស់សិរីបា​លោ យាន សំណាង បានចុះទៅទីតាំងនេះផ្ទាល់ បាន​ឃើញក្មេងៗរៀនលើសាលាឆទានក្នុងភូមិ។

ព្រះអង្គក៏បានបន្ថែមថា៖ «អាត្មា​ភាពបាននាំ​សម្ភារៈ​សិក្សា​ទៅ​ចែក​ក្មេងៗ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៨ បានឃើញថាក្មេងៗនៅទីនោះក្រាបរៀនលើសាលាឆទាន ដែលជាកន្លែង​ពុទ្ធ​សាសនិក​ជន​បាន​កសាងសម្រាប់ភូមិដាច់ស្រយាលរបស់ពួកគេ»។

ព្រះអង្គក៏បានអំពាវនាវដល់​សប្បុរសជនទាំងអស់​ ជួយ​ចូលរួ​ម​កសាង​សាលាដ​ល់​ក្មេង​ៗ​នៅ​តា​មទី​ជនប​ទផង ព្រោះនៅមានក្មេងៗតាមជនបទជាច្រើន ដែលចង់សិក្សារៀនសូត្រ ហើយ​ការជួយពួកគេនោះ ក៏ជាការចូលរួមលើកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេស​តាម​តំបន់​ដាច់​ស្រយាល ណាមួយក៏ស្របតាមព្រះពុទ្ធដីកាថា ធម្មទានឈ្នះអស់ទានទាំងពួង។

ព្រះអង្គក៏មានសារចុងក្រោយថា៖ «សូមផ្តាំទៅប្អូនៗសិក្សានុសិស្សទាំងអស់ សូមប្រឹងប្រែង​រៀន​សូត្រ​ដើម្បីអាចជួយខ្លួនឯង និងសង្គមជាតិបានមានតែការរៀនទេ ទើបអាច​ធ្វើ​ឱ្យ​រួច​ចាក​ពី​ភាព​អវិជ្ជា និងភាពក្រីក្របាន»។

មកដល់ពេលនេះ Newsroom Cambodia មិនអាចសុំធ្វើការបន្ថែមពីលោកនាយក​សាលា​បឋមសិក្សា​នោះ​បានទេ ដោយសារមិនមានការឆ្លើយតប និងពិបាកក្នុងការទាក់ទង។

គួរបញ្ជាក់ដែរថា សាលាបឋមសិក្សារខាងលើនេះ ចំណាយទឹកប្រាក់សរុបប្រមាណ ៧៣,២០០,០០០រៀល (១៨,៣០០ដុល្លា) ហើយសមិទ្ធផលសម្រេចបានរួមមាន សាលាបីបន្ទប់ បន្ទប់​ទឹក​២ អណ្ដូងទឹក១ ដងទង់ជាតិ១ និងចាក់​ដី​ក្នុង​ទីធ្លា​សាលា​សរុប​ប្រមាណ​ជា​៧០​ឡានធំៗ៕