សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានស្នើសុំក្រសួងសុខាភិបាល ដើម្បីផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់និស្សិតក្នុងស្រុកប្រមាណ២,២០០នាក់ ដែលកំពុងសិក្សាអនឡាញ ដើម្បីបង្ការការឆ្លងជំងឺនេះ អាចត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបានជាធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីជូនដំណឹងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចេញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បញ្ជាក់ថា សមាគមជូនដំណឹងដល់និស្សិតកម្ពុជាកំពុងស្នាក់នៅប្រទេសកម្ពុជា និងនៅសាធារណៈរដ្ឋប្រជាមានិតចិន ឱ្យចូលរួមចុះឈ្មោះស្នើសុំ ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងគោលបំណងដោះស្រាយផលវិបាកក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ អាចត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបានជាធម្មតា។
ក្នុងសេចក្តីជូនដំណឹងនេះ បានរៀបរាប់ថា៖ «ដើម្បីជាការឆ្លើយតបទៅនឹងសំណូមពររបស់និស្សិតកម្ពុជាយើង អំពីផលវិបាកកំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញ និងស្ថានភាពការរស់ប្រចាំថ្ងៃនៅក្នុងស្រុក ការចាក់វ៉ាក់សាំងកូវីដ១៩ (Sinopharm) គឺដើម្បីសិក្សាលទ្ធភាពដល់និស្សិតកម្ពុជាទាំងអស់គ្នា អាចត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបានជាធម្មតា»។
ក្នុងលិខិតដដែលក៏បានជម្រាបដល់និស្សិត ឱ្យចូលរួមចុះឈ្មោះចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១។
សមាគមនិស្សិតកម្ពុជាសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់លើ បណ្តាញសង្គមហ្វេកប៊ុកថា៖ «នេះជាគម្រោងស្នើសុំរបស់សមាគម។ សំខាន់សមាគមកំពុងរៀបចំស្នើសុំ យោងតាមបញ្ជីឈ្មោះ»។
យោងតាមការផ្សព្វផ្សាយតាមទំព័រហ្វេកប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ «ស៊ីណូហ្វាម» របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន៦០០,០០០ដូស ដែលអាចចាក់បានក្រុមនុស្សអាយុចន្លោះពី ១៨ឆ្នាំ ដល់៥៩ឆ្នាំ៕