សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន  បានស្នើសុំ​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​ការចាក់វ៉ាក់​សាំងការពារ​ជំងឺ​​កូវីដ១៩ដល់និស្សិតក្នុងស្រុក​ប្រមាណ២,២០០នាក់ ដែល​កំពុង​សិក្សា​អនឡាញ​ ដើម្បី​បង្ការ​ការ​ឆ្លង​​​ជំងឺ​នេះ ​អាច​​ត្រឡប់​ទៅបន្តការសិក្សានៅប្រទេសចិនវិញបា​​ន​ជា​ធម្មតា​។ នេះ​​បើ​​តា​ម​សេចក្តី​ជូន​ដំណឹង​របស់​សមាគម​និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីជូនដំណឹង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​​ប្រជាមានិត​ចិន ​ចេ​ញ​នៅ​​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បញ្ជាក់ថា​ សមាគម​​ជូន​ដំណឹង​ដល់និស្សិតកម្ពុជាកំពុងស្នាក់នៅ​ប្រទេសកម្ពុជា និងនៅសាធារណៈ​រដ្ឋ​ប្រជាមានិតចិន ឱ្យចូលរួម​ចុះ​ឈ្មោះ​ស្នើសុំ ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងគោលបំណងដោះស្រាយ​ផល​​វិបាក​ក្នុង​ការសិក្សា​តាម​ប្រព័ន្ធ​​អន​​ឡាញ អាច​​​ត្រឡប់​ទៅ​បន្ត​ការសិក្សានៅ​ប្រទេសចិនវិញបា​នជាធម្មតា។

ក្នុងសេចក្តីជូនដំណឹងនេះ បានរៀបរាប់ថា៖ «ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​និស្សិត​កម្ពុជា​យើង អំពី​ផលវិបាកកំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញ និងស្ថានភាព​ការរស់ប្រចាំថ្ងៃ​នៅ​ក្នុង​​ស្រុក ការចាក់វ៉ាក់សាំ​ងកូវីដ១៩ (Sinopharm) គឺដើម្បី​សិក្សា​លទ្ធភាព​ដល់​និស្សិត​កម្ពុជា​ទាំងអស់​គ្នា អាច​ត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបានជាធម្មតា»។

ក្នុងលិ​ខិត​ដដែលក៏​បានជម្រាបដល់និស្សិត ឱ្យចូលរួមចុះឈ្មោះចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១។

សមាគមនិស្សិតកម្ពុជាសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន  បានបញ្ជាក់លើ  បណ្តាញសង្គមហ្វេកប៊ុកថា៖ «នេះជាគម្រោងស្នើសុំរបស់សមាគម។ សំខាន់​សមាគមកំពុង​រៀបចំ​ស្នើសុំ​ យោងតាមបញ្ជីឈ្មោះ»។

យោងតាមការផ្សព្វផ្សាយតាមទំព័រហ្វេកប៊ុករបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ «ស៊ីណូហ្វាម» របស់សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៦០០,០០០ដូស ដែលអាចចាក់បានក្រុមនុស្សអាយុចន្លោះពី ១៨ឆ្នាំ ដល់៥៩​ឆ្នាំ៕  ​