ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនានេះ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានរៀបរាប់ថា៖ «ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់ និងមានករណីជាសះស្បើយចំនួន១នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១»។
របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមមានជនជាតិចិនចំនូន១៦នាក់ ជនជាតិខ្មែរចំនួន៤នាក់ និងបុរសជនជាតិវៀតណាម៤នាក់ ដែលមានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។
រហូតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ភ្នំពេញមានទីតាំងពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ រហូតដល់៧៦កន្លែង និងក្រុងព្រះសីហនុចំនួន២៦កន្លែង។
អ្នកឆ្លងជំងឺកូវីដ១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មកដល់ថ្ងៃទី០២ ខែមីនានេះ មានចំនួនសរុប៣៤០នាក់ រួមមានស្រ្តីចំនួន១៧៣នាក់ និងបុរសចំនួន១៦៧នាក់៕