មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាលបានពងចំនួន ៧១ពង នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូត ខេត្តកោះកុង។​ នេះយោងតាមអង្គភាពសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំខេត្តកោះកុង និងមេគង្គនៃអង្គការ WCS នេះជាលើកទីមួយ ដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលបានពង ពេលដែលមេអណ្តើកហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ២០០៦មក។

ពងអណ្តើកហ្លួង។ រូបភាព៖ WCS

«ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុក សិប្បនិម្មិតដើម្បីភ្ញាស់ពង ឬមួយក៏ទុកអោយញាស់ក្នុងសភាពដើម»។

លោកស្ទីវឹន ផ្លាត(Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វ និងថលជលិកនៃអង្គការWCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា នេះជារឿងដ៏រំភើប និងសំខាន់មួយដែលមិនគួរអោយជឿថា ប្រភេទសត្វអណ្តើកហ្លួងដ៏កម្របែបនេះអាចពងបាន។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួងដែលយកមកចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្ដារប្រភេទអណ្តើកហ្លួងដែលជិតផុតនេះឡើងវិញនៅកម្ជុជា។

លោកបាននិយាយថា «យើងរំពឹងថា គម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។

លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា នេះជាមោទនភាពដ៏អស្ចារ្យហើយបានលើកទឹកចិត្តនិងគាំទ្រពេញទំហឹង ព្រមទាំងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅនាពេលអនាគត។

លោកអ៊ុក វិបុល បាននិយាយថា «យើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

សូមរំលឹកថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន១៩២ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ៩៦ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយក្រុមការងារគ្រោងនឹងលែង៥០ក្បាលទៀតនៅចុងឆ្នាំ២០២១ខាងមុខនេះ។

អណ្តើកស្ទើរជំទង់ និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កកំណើតចំនួន៤ ចំណែកឯអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមក្នុងអាងធំធ្វើពីប្លាស្ទីកមុននឹងផ្ទេរចូលក្នុងស្រះបង្កកំណើត៕