ព្រះសង្ឃមួយចំនួនគង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មានការព្រួយបារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយពេលក្រសួងសុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និងកន្លែងពាក់ព័ន្ធកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
កុដិសាលាបាលី B ជានិច្ចកាលមានព្រះសង្ឃគង់នៅសរុបប្រមាណ១០អង្គ មុនពេលមិនទាន់ផ្ទុះព្រឹត្តិការណ៍សហគមន៍៨វិច្ឆិកា ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីហុងគ្រី អញ្ជើញមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជារបស់យើងកន្លងមក។
ក្រោយមានការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ១៩ ព្រះសង្ឃមួយចំនួនបានសម្រេចចិត្តវិលត្រលប់ទៅរស់នៅស្រុកកំណើតរបស់ខ្លួនជាបណ្ដោះអាសន្នវិញ ដើម្បីរងចាំស្ថានភាពក្នុងប្រទេសធូរស្បើយ វិលទៅរកសភាពដើម និងសាលារៀនរបស់លោកដំណើរការឱ្យចូលរៀនជាធម្មតាវិញ ។
នេះក៏ដោយសារតែមានវិបត្តិខ្លះៗ ដែលពួកយើងកំពុងជួបប្រទះជាប្រចាំថ្ងៃក្រោយមានការផ្ទុះក្នុងសហគមន៍ជាបន្តបន្ទាប់។ វិបត្តិហិរញ្ញវត្ថុ ជាវិបត្តិចម្បង ចំពោះសមណៈនិស្សិតដែលគង់នៅកុដិសាលាបាលី B ទាំងអស់ ព្រោះត្រូវចំណាយលើថ្លៃចង្ហាន់ប្រចាំថ្ងៃ ថ្លៃទឹក ថ្លៃភ្លើងប្រចាំខែដោយខ្លួនឯងផ្ទាល់។ បញ្ហានេះក៏ដោយសារតែព្រះសង្ឃអង្គខ្លះមិនអាចនិមន្តគោចរបិណ្ឌបាត្របានដូចមុន ព្រោះត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ។
វត្តឧណ្ណាលោម គឺជាវត្តមួយស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងមួយឆ្នាំៗ វត្តនេះទទួលព្រះសង្ឃ និងសិស្សនិស្សិត មកពីបណ្ដាលខេត្តនានា ឱ្យគង់ និងស្នាក់នៅប្រមាណជា៣០០ អង្គនាក់៕