ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។

កុដិសាលាបាលី B ជានិច្ចកាលមានព្រះសង្ឃគង់នៅសរុបប្រមាណ​១០អង្គ មុន​ពេល​មិន​ទាន់​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​៨​វិច្ឆិកា ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីហុងគ្រី អញ្ជើញ​មក​ទស្សនៈ​កិច្ច​ក្នុង​ប្រទេស​​កម្ពុជា​របស់យើងកន្លងមក។

ក្រោយមានការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ១៩ ព្រះសង្ឃ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​វិល​ត្រលប់​ទៅ​រស់នៅ​ស្រុក​កំណើត​របស់ខ្លួនជាបណ្ដោះអាសន្នវិញ ដើម្បី​រងចាំ​ស្ថានភាព​ក្នុង​ប្រទេស​ធូរស្បើយ វិ​ល​ទៅរកសភាពដើម និង​សាលារៀន​រប​ស់​លោក​ដំណើរការ​ឱ្យ​ចូល​រៀន​ជា​ធម្មតា​វិញ ។

នេះក៏ដោយសារតែមានវិបត្តិខ្លះៗ ដែល​ពួកយើង​កំពុង​ជួប​ប្រទះ​ជា​ប្រចាំថ្ងៃក្រោយ​មាន​ការ​ផ្ទុះ​ក្នុង​សហគម​ន៍​ជាបន្តបន្ទាប់​។ វិបត្តិ​ហិរញ្ញវត្ថុ ជាវិបត្តិចម្បង ចំពោះ​សមណៈ​និស្សិត​ដែល​គង់​នៅ​កុដិ​សាលា​បាលី B ទាំងអស់ ព្រោះត្រូវចំណាយលើថ្លៃចង្ហាន់ប្រចាំថ្ងៃ  ថ្លៃទឹក ថ្លៃភ្លើង​ប្រចាំខែ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ បញ្ហានេះ​ក៏​ដោយសារ​តែ​ព្រះសង្ឃ​អង្គ​ខ្លះមិ​ន​អាច​និមន្ត​គោចរ​បិណ្ឌបាត្រ​បាន​ដូច​មុន ព្រោះត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រសួងសុខា​ភិបាលនៃប្រទេសកម្ពុជា ។

វត្តឧណ្ណាលោម គឺជាវត្តមួយស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងមួយឆ្នាំៗ វត្ត​នេះ​ទទួ​ល​ព្រះសង្ឃ និ​ង​សិស្សនិស្សិត មកពីបណ្ដាលខេត្តនានា ឱ្យគង់ និងស្នាក់នៅប្រមាណជា៣០០ អង្គនាក់៕​