ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបាន ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសវៀតណាមឱ្យប្រុងប្រយ័ត្នចំពោះខ្យល់ពុល ដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១បញ្ជាក់ថា ស្ថានទូតអំពាវនាវឲ្យនិស្សិត សិក្ខាកាម យោធា នគបាល និងបងប្អូនខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់ពុល។
សេចក្តីជូនដំណឹងបន្ថែមថា៖ «ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈាងខាងកើត និងតំបន់ដីសណ្តរទន្លេ Hong ប្រឈមនឹងខ្យល់ពុលមានលាយនឹងកំទេចល្អិតៗបំផុត ដែលជាប្រភេទលោហៈធ្ងន់ គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួត និងក្នុងសរសៃឈាមអាចបង្កឲ្យមានជាជំងឺមហារីក ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទីក»។
សេចក្ដីជូនដំណឹងនោះក៏បានបន្ថែមថា៖ «អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញទៅក្រៅ ត្រូវលាងសម្អាតរន្ធច្រមុះនឹងទឹកអំបិល»។
សេចក្ដីជូនដំណឹងដដែលក៏បានប្រាប់ឲ្យនិស្សិត សិក្ខាកាមយោធា នគបាល និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសវៀតណាម ជាពិសេសភាគខាងជើង មេត្តាយកចិត្តទុកដាក់ការពារសុខភាព៕